កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី ត្រៀមដេញថ្លៃរៀប World Cup ឆ្នាំ២០៣០ ឬ២០៣៤
12, Aug 2021 , 10:29 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលី (FFA) បានរៀបចំផែនការដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស FIFA World Cup ឆ្នាំ ២០៣០ ឬ ២០៣៤ បន្ទាប់ពីខ្លួនជោគជ័យក្នុងការទទួលសិទ្ធសម្រាប់នារីនៅឆ្នាំ ២០២៣។


មន្ត្រីជាន់ខ្ពស់របស់ FFA ម្នាក់បានអះអាងនៅថ្ងៃទី១២ ខែសីហាថា ដោយសារអូស្ត្រាលីខកឱកាសរៀប World Cup ឆ្នាំ២០២២ ក្រោយចាញ់សំឡេងឆ្នោតប្រទេសកាតា ទើបស្ថាប័នខ្លួន ផ្លាស់ប្តូរគោលដៅថ្មីទៅឆ្នាំ ២០៣០ ឬ២០៣៤វិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
លោក James Johnson ប្រធាន FFA ជឿជាក់ថា ឱកាសសម្រាប់អូស្ត្រាលីដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកបុរស នឹងទទួលបានផ្លែផ្កា បន្ទាប់ពីខ្លួន រួមជាមួយនូវែលសេឡង់ធ្វើម្ចាស់ផ្ទះ World Cup ស្ត្រីរួមគ្នានៅឆ្នាំ ២០២៣ និងសិទ្ធរៀបកីឡាអូឡាំពិករដូវក្តៅក្រុង Brisbane ឆ្នាំ២០៣២ ។
 
«យើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតប្រជែងដ៏អស្ចារ្យមួយនៅឆ្នាំ ២០២៣។ យើងនឹងធ្វើវាឱ្យបានល្អ ដើម្បីសន្សំពិន្ទុឈានឆ្ពោះទៅរកជ័យជម្នះក្នុងការដេញថ្លៃរៀប World Cup បុរសជាលើកដំបូង។ លោក Johnson បានប្រាប់កាសែតអូស្ត្រាលីដូច្នេះ មុនពេលសារភាពថា World Cup ២០៣០ ទំនងជា FIFA នឹងផ្តល់ឱ្យប្រទេសនៅទ្វីបអឺរ៉ុប ឬអាមេរិកខាងត្បូង បន្ទាប់ពី អាមេរិក ម៉ិកស៊ិក និងកាណាដា បានសិទ្ធិធ្វើរួមគ្នានៅឆ្នាំ ២០២៦ ហើយឆ្នាំ២០៣៤ ជាឱកាសរបស់ខ្លួន។ 
 
យ៉ាងណាក៏ដោយ សព្វថ្ងៃ FFA បានរៀបចំឯសារដើម្បីស្នើដេញថ្លៃរៀបចំកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ទៅកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ បើទោះមានឱកាសតិច។ សម្រាប់ការដេញថ្លៃនៅឆ្នាំ ២០៣៤ នឹងដាក់ទៅ FIFA ជាបន្តបន្ទាប់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com