កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់បោះបារាំង Valeriane ឈ្នះមេដាយសំរឹទ្ធអូឡាំពិកទាំងមានផ្ទៃពោះ៣ខែ
13, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ជាម្ចាស់មេដាយសំរឹទ្ធអូឡាំពិកពីក្រុងតូក្យូ ហើយ៦ខែទៀត កីឡាការិនីបាល់បោះបារាំង Valeriane Ayayi Vukosavljevic នឹងសម្រាលកូន។ ក្នុងបទសម្ភាសជាមួយ Franceinfo កីឡាការិនីរូបនេះ បានរៀបរាប់ពីការលាក់បាំងការពរពោះរបស់ខ្លួក្នុងព្រឹត្តិការណ៍ Euro និងកីឡាអូឡាំពិកនៅក្រុងតូក្យូ។

 
«ពេលនេះ ខ្ញុំពរពោះ៣ខែកន្លះ ពោលគឺ៧សប្តាហ៍ហើយ»។ Valeriane បានរៀបរាប់យ៉ាងដូច្នេះ ដោយបញ្ជាក់ថា មានតែគ្រូពេទ្យ និងអ្នកស្រី Valerie Garnier ដែលជាគ្រូបង្វឹកប៉ុណ្ណោះដឹងរឿងនេះមុនគេ ហើយបន្ទាប់មក មានមិត្តរួមក្រុមបីនាក់ទៀត ដឹង ហើយជួយរក្សាការសម្ងាត់។
 
ម្ចាស់មេដាយសំរឹទ្ធរូបនេះ បានអះអាងថា៖ «ខ្ញុំចង់ស្ងប់ស្ងាត់ និងផ្តោតលើការប្រកួតក្នុងព្រឹត្តិការណ៍ទាំងពីររបស់ខ្ញុំ ដោយមិនចាំបាច់ពិចារណាលើមតិយោបាលកីឡាការិនីផ្សេងទៀត ក៏ដូចជាបណ្តាញសារព័ត៌មាន និងមនុស្សទូទៅ។ កង្វល់ដ៏ធំបំផុតនោះ គឺខ្ញុំខ្លាចកីឡាការិនីនៃក្រុមប្រជែងផ្សេងទៀតដឹងរឿង ដែលធ្វើឲ្យគេមានកាយវិការខុសប្លែកមកលើខ្ញុំ ក្រោមហេតុផលថា ខ្ញុំមានផ្ទៃពោះ»។


 
អ្នកស្រី Emmanuelle Cohen វេជ្ជបណ្ឌិតផ្នែករោគស្ត្រី និងសម្ភពម្នាក់ បានពន្យល់សារព័ត៌មានសុខភាព Doctissimo ថា ការអនុវត្តកីឡានាអំឡុងពេលមានគភ៌ មិនត្រូវបានហាមប្រាមនោះឡើយ ប៉ុន្តែត្រូវមានការប្រយ័ត្នប្រយែងចំពោះប្រភេទកីឡាជាក្រុម កីឡាប្រយុទ្ធ និងកីឡាដែលត្រូវប្រជែងប៉ះគ្នា ដូចជាបាល់បោះជាដើម។
 
អ្នកស្រី បានលើកឡើងថា៖ «នៅត្រីមាសដំបូង ការលេងកីឡាប្រភេទទាំងនោះ អាចធ្វើឲ្យរលូតកូនបាន។ បើអាចគួរចៀសវាងលំហាត់ប្រាណដែលត្រូវប្រើកម្លាំងខ្លាំងនាអំឡុងពេលមានគភ៌»។
 
ករណីកីឡាការិនី Valeriane មានការធានាពីអ្នកជំនាញពេទ្យនៅជុំវិញខ្លួន។ «ខ្ញុំទទួលបានការយល់ព្រមពីពេទ្យប្រចាំសហព័ន្ធ មានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិតផ្នែករោគស្ត្រី»។ នាងបានបញ្ជាក់យ៉ាងដូច្នេះ ប៉ុន្តែទទួលស្គាល់ថា មិនមែនជាងាយស្រួលសម្រាប់ខ្លួននោះឡើយនាអំឡុងពេលប្រកួត ពោលគឺឆាប់ហត់ អស់កម្លាំង។
 


Valériane Vukosavljević អាយុ២៧ឆ្នាំ ក្លាយជាកីឡាការិនីបាល់បោះជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១៣មក ដោយបានឈ្នះមេដាយប្រាក់៣លើកពីព្រឹត្តិការណ៍បាល់បោះអឹរ៉ុប និងបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ កាលពីពេលថ្មីកន្លងមកនេះ។
 
សម្រាប់ក្លិបអាជីព Valeriane វិលទៅលេងឲ្យក្លិបបារាំង Basket Landes ដែលជាក្លិបចាស់ខ្លួន ក្រោយចំណាយពេល២ឆ្នាំនៅក្លិបឆែក USK Prague។ កាលពីខែកក្កដា ឆ្នាំ២០១៩ នាងបានរៀបការជាមួយលោក Filip Vukosavljevic ដែលជាកីឡាករបាល់បោះអាជីពម្នាក់របស់ស៊ែប៊ីផងដែរ។
 
ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្រុមកីឡាការិនីបារាំងដែលដឹកនាំដោយអ្នកស្រី Valerie Garnier បានមេដាយសំរឹទ្ធ ក្រោយយកឈ្នះក្រុមស៊ែប៊ីក្នុងលទ្ធផល ៩១-៧៦ មុនពេលក្រុមសហរដ្ឋអាមេរិក ឈ្នះម្ចាស់ផ្ទះជប៉ុន ៩០-៧៥ ក្នុងការប្រជែងយកមេដាយមាស៕
 



Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com