កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយចាកចេញ៧ឆ្នាំ Lukaku ទៅ Chelsea វិញក្នុងតម្លៃខ្លួន១៣៥លានដុល្លារ
13, Aug 2021 , 10:09 am        
រូបភាព
ទីបំផុត Chelsea អាចយកបានខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ទៅរួមក្រុមវិញ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នាជាមួយ Inter Milan ក្នុងតម្លៃផ្ទេរ១៣៥លាដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់ Chelsea លើវេបសាយផ្លូវការរបស់ពួកគេនៅថ្ងៃទី១២ ខែសីហា។


កីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ២៨ ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិបរហស្សនាមតោខៀវ និងជាការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge ជាថ្មី ក្រោយរយៈពេល៧ឆ្នាំ។ Lukaku បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Everton នៅឆ្នាំ ២០១៤ ក្នុងតម្លៃ ៣៨ លានដុល្លារ។
 
«ខ្ញុំធ្លាប់បានមកទីនេះក្នុងនាមជាក្មេងម្នាក់ដែលត្រូវរៀនសូត្រច្រើន ប៉ុន្តែឥឡូវនេះខ្ញុំត្រឡប់មកវិញជាមួយនឹងបទពិសោធន៍ និងភាពចាស់ទុំជាងមុន»។ នេះជាការអះអាងរបស់ Lukaku ដោយសន្យាថានឹងជួយ Chelsea ឈ្នះពានឱ្យបានច្រើនចាប់ពីរដូវកាល ២០២១-២២នេះទៅ។
 
ទឹកប្រាក់ ៤០០លានដុល្លារ ត្រូវបានចំណាយទៅលើថ្លៃផ្ទេរ Lukaku ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ និងជាចំនួនច្រើនលើសកីឡាករដទៃទៀតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានចាកចេញពី Everton ទៅចូលរួមជាមួយ Manchester United នៅឆ្នាំ២០១៧ ក្នុងតម្លៃផ្ទេរ១០០លានដុល្លារ មុនផ្លាស់ចេញពី Old Trafford ទៅ Inter Milan នៅឆ្នាំ២០១៩ ក្នុងតម្លៃ ១០០លានដុល្លារដូចគ្នានេះ។
 
នៅជាមួយ Inter Milan ២រដូវកាល Lukaku បានជួយក្រុមឈ្នះជើងឯក Serie A របស់អ៊ីតាលីរដូវកាលមុន។ ដោយមើលឃើញពីទម្រង់លេងដ៏អស្ចារ្យ Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការ Thomas Tuchel ដែលបានដឹកនាំក្រុមឈ្នះ Champions League រដូវកាលមុន និងឈ្នះ Super Cup ថ្មីៗនេះ បានសម្រេចចំណាយប្រាក់ ១៣៥លានដុល្លារ ដើម្បីនាំអតីតយុវជនខ្លួនទៅជួយក្រុមវិញ។
 
ត្រឡប់ទៅកាន់ទឹកដីអង់គ្លេសសារជាថ្មីវិញ Lukaku ក៏បានក្លាយជាកីឡាករមានតម្លៃផ្ទេរខ្ពស់ជាងគេលំដាប់ទី២ផងដែរ បន្ទាប់ពី Manchester City ទិញបាន Jack Grealish ពី Aston Villa ក្នុងតម្លៃ ១៣៨លានដុល្លារ ថ្លៃជាងគេបំផុតនៅ Premier League៕
 

Tag:
 Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com