ជាតិ
ជំងឺដុំពកលើស្បែកគោ-ក្របីកាន់តែធ្ងន់ធ្ងរ, រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យអង្គការ FAO ជួយឧបត្ថម្ភថ្នាំការពារ
13, Aug 2021 , 11:19 am        
រូបភាព
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលកំពុងរីករាលដាលនៅកម្ពុជា។ ការស្នើសុំនេះ ស្ថិតក្នុងជំនួបរវាងរដ្ឋមន្រ្តីកសិកម្ម និងលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដែលបញ្ចប់បេសកកម្មនៅកម្ពុជានាពេលឆាប់ៗនេះ។


ជំងឺដុំពកលើស្បែកគោ-ក្របី បានឆ្លងរាលដាលយ៉ាងខ្លាំងលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានា នៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក្រសួងកសិកម្ម បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដល់មន្រ្តីកសិកម្មគ្រប់រាជធានី-ខេត្ត និងប្រជាពលរដ្ឋចូលរួមបង្ការការពារ ការឆ្លងលើសត្វគោ-ក្របី។ 
 
ក្រោយមានការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏បានស្នើសុំឱ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដល់កម្ពុជា។ តាមសំណើខាងលើ តំណាងអង្គការ FAO លោក Alexandre Huynh សន្យានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរកថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ជួយដល់កម្ពុជា។


លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

សត្វគោ-ក្របីនៅកម្ពុជា ដែលកើតជំងឺដុំពកលើស្បែកគោ-ក្របី មានចន្លោះពី ៧ពាន់ទៅ៨ពាន់ក្បាល ភាគច្រើនកើតនៅខេត្តជាប់ព្រំដែនថៃ។ ក្នុងចំណោមពី ៧ពាន់ទៅ៨ពាន់ក្បាលនេះ មន្រ្តីផលិតកម្ម និងបសុព្យាបាលនៅតាមបណ្ដាខេត្ត បានព្យាបាលជាសះស្បើយចំនួន ៧០ភាគរយ។ នេះបើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត តាមទូរសព្ទ។ 
 
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរូបនេះ បន្តថា មន្រ្តីផលិតកម្ម និងបសុព្យាបាល បានបន្តព្យាបាលលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋដែលជួបបញ្ហានេះ។ ជាមួយគ្នានេះ មន្រ្តីផលិតកម្ម និងបសុព្យាបាល ក៏បានជួបផលលំបាក ដោយសារពលរដ្ឋមិនយល់ពីជំងឺនេះ និងបានដឹកសត្វគោពីកន្លែងមួយទៅកន្លែង ដែលជាប្រភពចម្លង។  


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ។ 

ទាក់ទងនឹងជំងឺដុំពកលើស្បែកគោ-ក្របីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនអនុញ្ញាតឱ្យកសិករចរាចរសត្វដែលមានជំងឺលើទីផ្សារនោះឡើយ។ ទន្ទឹមនឹងនេះ ការចរាចរសត្វលើទីផ្សារ ត្រូវមានលិខិត ដែលត្រួតពិនិត្យសុខភាពដោយខេត្ត។ 
 
សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺដែលបង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬធំ នៅនឹងស្បែកដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្ដៅខ្លួនអាចឡើងដល់ ៤១អង្សាសេ។ ដុំពក និងក្លាយជាក្រមរ រួចបង្កជាដំបៅ បើកើតលើសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងញីអាចរលូនកូន ងអាចបណ្ដាលឱ្យស្លាប់បានផងដែរ។ មេរោគនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ រុយ មូស ដង្កែ ជាដើម។ មួយវិញទៀត ឆ្លងតាមការដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែ៕


សត្វគោ ដែល​កើតជំងឺដុំពកលើស្បែក រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។ 

Tag:
 កសិកម្ម
  ជំងឺដុំពកស្បែកគោ-ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com