កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ La Liga ព្រម​ផ្តល់​ចំណែក​សិទ្ធិផ្សព្វផ្សាយឲ្យក្រុមហ៊ុនឯកជន លើកលែង Real, Barcelona និង Bilbao
13, Aug 2021 , 2:30 pm        
រូបភាព
ក្លិបនៅ La Liga ទាំងអស់ លើកលែងតែ Real Madrid, Barcelona និង ​​Atletico Bilbao ប៉ុណ្ណោះ បានយល់ព្រមលើកិច្ចព្រមព្រៀងទទួលប្រាក់ចំនួន ២,៦៩ ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន CVC Capital Partner ដោយប្ដូរទៅវិញនូវទឹកប្រាក់ ប្រមាណ១០ភាគរយ ពីការផ្សាយរាល់ការប្រកួតក្នុងក្របខណ្ឌអេស្ប៉ាញ។


លោក Javier TaBas ប្រធាន La Liga បានយល់ព្រមជាមួយ CVC Capital Partners ដោយផ្តល់ចំណែក ១០ភាគរយនៃសិទ្ធិផ្សាយទូរទស្សន៍របស់លីគអេស្ប៉ាញទៅឱ្យក្រុមហ៊ុនឯកជនមួយនេះ ដើម្បីទទួលបានប្រាក់លើកដំបូងជិត៣ពាន់លានដុល្លារត្រឡប់មកវិញ។
 
ចំណោមក្លិបទាំង៤២ នៃលីគលំដាប់កំពូល រួមជាមួយលីគកម្រិតទី២របស់អេស្ប៉ាញចំនួន៤២ មានតែ Real Madrid, Barcelona, ​​Atletico Bilbao និងក្រុមនៅលីគទី២ដែលមិនបញ្ចេញឈ្មោះ១ប៉ុណ្ណោះ ដែលបានបដិសេធគម្រោងនេះ។
 
លោក Tebas បានលើកឡើងថា កិច្ចព្រមព្រៀងវិនិយោគជាមួយ CVC Capital Partners ក្នុងទំហំទឹកប្រាក់ ២,៦៩ ពាន់លានដុល្លារ ដែលលោកបានចុះកិច្ចសន្យាហើយនោះ គឺដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ក្លិបនៅអេស្ប៉ាញដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ 
 
ប្រធាន La Liga បន្ថែមថា​ ប្រាក់ ២,៦៩ ពាន់លានដុល្លារ នឹងផ្តល់ជូនក្លិបដើម្បីឱ្យពួកគេដោះស្រាយលើការរៀបចំកីឡដ្ឋាន និងការចំណាយលើថ្លៃឈ្នួលកីឡាករជាដើម។ លោក Tebas ពន្យល់ទៀតថា សិទ្ធិផ្សាយនឹងនៅតែមានជាមួយ La Liga ដោយរបូតតែ១០ភាគរយទៅដៃគូប៉ុណ្ណោះ ហើយលីគក៏មិនបានលក់អ្វីទៅឱ្យ CVC ក្រៅពីនេះដែរ។
 
ទោះយ៉ាងណាក៏ក្លិប Real Madrid មិនពេញចិត្តលើការវិនិយោគថ្មីនេះឡើយ ហើយក៏បានប្រឆាំងទៅនឹងការចុះកិច្ចព្រមព្រៀងរវាង La Liga និងក្រុម CVC ផងដែរ។ បច្ចុប្បន្ន ក្លិបអធិរាជស បានរៀបចំពាក្យបណ្តឹងប្តឹងប្រធាន La Liga ជុំវិញករណីខាងលើនេះរួចរាល់ហើយ។
 
 នៅពេលលោក Tebas បានប្រកាសពីសំណើចូលរួមជាមួយ CVC លើកដំបូងនៅថ្ងៃទី៤ ខែសីហា សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺខុសច្បាប់ និងបង្កើនវិសមភាព។
 
ដោយឡែក ប្រធានក្លិប Barcelona លោក Joan Laporta យល់ថាការធ្វើបែនេះ ដូចជាការដាក់បញ្ចាំសិទ្ធិរបស់ក្លិបក្នុងរយៈពេលពាក់កណ្តាលសតវត្សអ៊ីចឹងដែរ៕
 
 
 

Tag:
 CVC Capital Partner
© រក្សាសិទ្ធិដោយ thmeythmey.com