COVID-19
ជាតិ
នៅកម្ពុជា ពលរដ្ឋវ័យលើស១០០ឆ្នាំ ៤៩នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
13, Aug 2021 , 6:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រគល់ថវិកា ៣លានរៀលរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកយាយ លោកតា វ័យលើស១០០ឆ្នាំ ចំនួន៧រូប នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ (រូបថត៖ក្រសួងសុខាភិបាល)
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រគល់ថវិកា ៣លានរៀលរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកយាយ លោកតា វ័យលើស១០០ឆ្នាំ ចំនួន៧រូប នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ (រូបថត៖ក្រសួងសុខាភិបាល)
មនុស្សចាស់វ័យលើស១០០ឆ្នាំ ចំនួន៤៩នាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ពួកគាត់ភាគច្រើននៅក្នុងខេត្តកំពង់ចាម និងភ្នំពេញ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងប្រគល់អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដល់ពលរដ្ឋទី៨លាន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឯខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា។ 

 
នៅក្នុងបទសម្ភាសដដែល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា មនុស្សចាស់ទាំង ៤៩នាក់ ដែលក្រសួងបានរកឃើញនោះ កំពុងរស់នៅក្នុងរាជធានី-ខេត្ត ចំនួន១៧ ដោយបានទទួលអំណោយលើកទឹកចិត្ត ពីប្រមុខរដ្ឋាភិបាលភិបាលរួចហើយ។ 
 
មនុស្សវ័យចាស់ទាំងនោះ មាន៩នាក់រស់នៅខេត្តកំពង់ចាម, ៨នាក់នៅរាជធានីភ្នំពេញ, ៥នាក់នៅត្បូងឃ្មុំ, ៥នាក់នៅកំពង់ធំ, ៣នាក់នៅកណ្តាល, ៣នាក់នៅក្រចេះ និង៣នាក់ទៀតនៅខេត្តរតនគិរី។ ខេត្តស្ទឹងត្រែង ព្រះវិហារ និងព្រៃវែង ក៏មានមនុស្សចាស់វ័យ១០០ឡើងទៅ ២នាក់ដែរ ខណៈមនុស្សចាស់៧នាក់ទៀត នៅខេត្តកំពង់ឆ្នាំង កំពត តាកែវ ស្វាយរៀង សៀមរាប ពោធិ៍សាត់ និងកោះកុង ។ 
 
សូមជម្រាបថា រដ្ឋាភិបាល បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនដល់ពលរដ្ឋវ័យចាប់ពី១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
គិតត្រឹមថ្ងៃទី១២ ខែសីហា កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋជាង ៨.៦លាននាក់ហើយ ក្នុងនោះមានកុមារ និងយុវជន ជាង៤៤ម៉ឺននាក់។ ក្នុងចំណោមអ្នកដែលបានចាក់ទាំងនោះ មានជាង ៦.៨លាននាក់ បានចាក់ដូសទី២រួចរាល់។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ម្ជុលទី៣ មានជាង ១៣ម៉ឺននាក់។ 
 


 
សូមគូសបញ្ជាក់ដែរថា សម្រាប់ពលរដ្ឋទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺបានទទួលថវិកា១០លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសម្តេច ហ៊ុន សែន។ ពលរដ្ឋទី៨លាននេះ គឺអ្នកស្រី ថឹង ថា វ័យ៥៦ឆ្នាំ ជាពលរដ្ឋខ្មែរកាត់ឡាវរស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 
 


 
គិតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤.៥លានដូស , Sinopharm ៦.២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១.៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ វ៉ាក់សាំង AstraZeneca ចំនួន៣២៤.០០០ដូស កម្ពុជាបានទទួលពីកម្មវិធី COVAX  កាលពីដើមខែមីនា ឆ្នាំ២០២១កន្លងទៅ៕
 
 

Tag:
 មនុស្សចាស់
 ចាក់វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com