COVID-19
ជាតិ
រដ្ឋកំពុងចរចាទិញ AstraZeneca ពីប្រទេស៤ទៀត សម្រាប់ដូសជំរុញ
12, Aug 2021 , 12:04 pm        
រូបភាព
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទៅទទួលវ៉ាក់សាំង Sinovac នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែតពីគម្រោងទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត ពីប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអង់គ្លេស នៅព្រឹកថ្ងៃទី១២ សីហា ២០២១
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទៅទទួលវ៉ាក់សាំង Sinovac នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែតពីគម្រោងទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត ពីប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអង់គ្លេស នៅព្រឹកថ្ងៃទី១២ សីហា ២០២១
ភ្នំពេញ៖ វ៉ាក់សាំង Sinovac ៣លានដូសទៀត ដែលកម្ពុជា បានបញ្ជាទិញពីចិននោះ បានដឹកមកដល់ហើយ នៅព្រឹកថ្ងៃទី១២ សីហា។ សរុបទាំងវ៉ាក់សាំងនៅថ្ងៃនេះ កម្ពុជាមានជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យប្រជាពលរដ្ឋ។ រដ្ឋាភិបាល ក៏កំពុងចរចាទិញ AstraZeneca ពីប្រទេស៤ទៀត សម្រាប់ដូសទី៣ ឬដូសជំរុញ។


 
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ បានបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង Sinovac ២លានដូសទៀតពីចិន តាមរយៈការបញ្ជាទិញ នៅសប្ដាហ៍ក្រោយនេះ ឬក៏ចុងខែសីហា។
 
បើតាមលោកស្រី សម្បត្តិ រដ្ឋាភិបាល ក៏កំពុងបញ្ជាឱ្យទូតប្រចាំប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអង់គ្លេស ចរចាទិញវ៉ាក់សាំង AstraZeneca សម្រាប់យុទ្ធនាការចាក់ដូសទី៣ និងដូសជំរុញ។ 
 
«រដ្ឋាភិបាលនឹងបញ្ជាទិញ (ពីប្រទេសទាំង៤នេះ) ។ យើងកំពុងធ្វើការងារនេះហើយ ហើយយើងរំពឹងថា ក្នុងសប្ដាហ៍នេះ ហើយសប្ដាហ៍ក្រោយ យើងនឹងបានទទួលដំណឹងពីស្ថានទូតរបស់ព្រះរាជណាចក្រកម្ពុជាយើង ប្រចាំប្រទេសទាំងនោះ»។ នេះបើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងនេះ មិនកំណត់ពីគម្រោងទិញ AstraZeneca ចំនួនប៉ុន្មានដូសនោះទេ ដោយរង់ចាំការសម្រេចពីនាយករដ្ឋមន្រ្តី ហ៊ុន សែន។


 
គិតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤,៥លានដូស , Sinopharm ៦,២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស។
 
ត្រឹមថ្ងៃទី១២ សីហានេះ ពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងជាង ៨,៥លាននាក់ហើយ ដែលស្មើ៨១,១៦ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើមនុស្សយ៉ាងតិច១០លាននាក់។ ក្នុងនោះពលរដ្ឋជាង៦,៦លាននាក់ បានចាក់ដូសទី២ ខណៈពលរដ្ឋប្រមាណ១០ម៉ឺននាក់ទៀត បានចាក់ដូសទី៣។
 
ចំណែកកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំវិញ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ប្រមាណ៤០ម៉ឺននាក់ហើយ ដែលស្មើ២០,៥២ភាគរយ។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
 
ចំពោះវ៉ាក់សាំងប្រភេទ Jonhson &Jonhson របស់អាមេរិកវិញ រដ្ឋាភិបាលបានសម្រេចយកទៅចាក់ឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅតាមបណ្ដាលខេត្តនានា។ ចំណែកវ៉ាក់សាំងប្រភេទ AstraZeneca ត្រូវយកទៅចាក់ឱ្យពលរដ្ឋចាប់ពីអាយុ៦០ឆ្នាំឡើងទៅ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់ដូសទី៣ និងដូសជំរុញ។
 
អត្ថបទទាក់ទង
 
កាលពីសប្ដាហ៍មុន កម្ពុជា ត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានភាគរយប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក។នេះបើតាមវេបសាយអន្តរជាតិមួយឈ្មោះ ourworldindata។
 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៣.៨៣៩នាក់ ក្នុងនោះ១២.៤៣៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧៨.៤៣១នាក់  និងស្លាប់សរុប១.៦៣៤នាក់៕







Tag:
 Sinovac
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com