កីឡាអន្តរជាតិ
អន្តរជាតិ
PSG ក្លាយជាក្លិបចំណាយថ្លៃឈ្នួលកីឡាករខ្ពស់ជាងគេ ក្រោយចុះកិច្ចសន្យាជាមួយ Messi
13, Aug 2021 , 7:29 pm        
រូបភាព
រូបភាព ៖ Marca
រូបភាព ៖ Marca
ក្លិបដែលមានរហ័ស្សនាមអ្នកមានបារាំង Paris Saint Germain ទើបតែបញ្ចប់ការងារទទួលស្វាគមន៍តារាបាល់ទាត់ឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi កាលពីពេលថ្មីៗនេះ។ Messi គឺជាកីឡាករដែលPSGចុះកិច្ចសន្យាចុងក្រោយគេ ក្នុងការដោះដូរកីឡាករនៃការបើករដូវកាលថ្មីនេះ។ ក្រោយចុះកិច្ចសន្យាជាមួយ Messi រួចមក PSG ក៏ក្លាយជាក្លិបដែលមានតម្លៃពលកម្មខ្ពស់ជាងគេក្នុងលោក ដោយនាំមុខក្រុម Real Madrid និងក្រុម Manchester United។



កីឡាករឆ្នើមវ័យ ៣៤ឆ្នាំ Lionel Messi បានចុះកុងត្រា២ឆ្នាំ ជាមួយក្លិបអ្នកមានរបស់បារាំង។  កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំ និងជម្រើសសម្រាប់ឆ្នាំទី៣ថែមទៀត។ PSG បានផ្តល់ប្រាក់ពលកម្មដល់ Messi ប្រមាណ ៤១លានដុល្លារក្នុងមួយរដូវកាល បន្ទាប់ពីបង់ពន្ធ។ លើសពីនេះទៅទៀត បើតាមការផ្សាយរបស់កាសែត Marca ប្រាក់២៤លានដុល្លារត្រូវបាន PSG ប្រគល់ជូន Messi ដែលយល់ព្រមចុះហត្ថលេខាលេងឱ្យក្រុមខ្លួននេះ។
 
ក្លិប PSG ហាក់ដូចមិនមានបញ្ហាទាល់តែសោះ ក្នុងការចំណាយប្រាក់លើកីឡាករនារដូវក្តៅនេះ ។ ក្លិបដែលនៅក្របខ័ណ្ឌ Ligue 1 នេះ ក្លាយជាក្លិបចំណាយថ្លៃឈ្នួលកីឡាករខ្ពស់ជាងគេដែរ។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមមើលលំដាប់ក្លិប ដែលមានតម្លៃប្រាក់ពលកម្មខ្ពស់ជាងគេក្នុងពិភពលោក៖




១៖ ក្លិប Paris Saint Germain ចំណាយថ្លៃឈ្នួលកីឡាករ ២៥៦លានផោន (៣៥៣ដុល្លារ) មួយឆ្នាំ
ពិតណាស់ការដោះដូរកីឡាករនារដូវក្តៅសម្រាប់ PSG ក្នុងឆ្នាំនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្លិបមួយនេះទទួលបាន កីឡាករពូកែៗ៥រូប ដោយក្នុងនោះ មាន៤រូប ផ្ទេរមកPSG ដោយគ្មានតម្លៃខ្លួនឡើយ ដូចជា Georginio Wijnaldum, Gianluigi Donnarumma, Lionel Messi និង Ramos ចំណែក Achraf Hakimi តម្លៃ៧០លានអឺរ៉ូ (ជាង៧០លានដុល្លារ)។ កីឡាករចំណូលថ្មីទាំងនេះសុទ្ធសឹងតែទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ ខណៈ Messi ទទួលបានមួយខែរហូតដល់ ៣,៥២លានដុល្លារ ឬ ៨៥ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ។ ប្រាក់ពលកម្ម Messi មួយថ្ងៃ ខ្ពស់ជាង Neymar និង Mbappe ជាង១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ។
 
២៖ ក្លិបអធិរាជស Real Madrid ថ្លៃពលកម្មកីឡាករ ២១២លានផោន
ក្លិបដែលមានទីតាំងនៅប្រទេសអេស្ប៉ាញមួយនេះ បានកាត់បន្ថយការចំណាយលើប្រាក់ពលកម្មកីឡាករក្រោយការចាកចេញរបស់ Sergio Ramos និង Rafael Varane។ ដោយពួកគេបានកាត់បន្ថយការចំណាយ ១៧.៥លានផោនពី Ramos។
 
៣៖ ក្លិបបិសាចក្រហម Manchester United ថ្លៃពលកម្មកីឡាករ ២០១ លានផោន
ក្លិបបិសាចក្រហមក្លាយជាក្រុមលេខ៣ ដែលមានប្រាក់ចំណាយលើថ្លៃពលកម្មខ្ពស់ ក្រោយពីពួកគេបានចុះកុងត្រានាំយកកីឡាករ Jadon Sancho និង Rafael Varane។ Sancho ជាកីឡាករចំណូលថ្មីនឹងទទួលបានប្រាក់ ១៨.២លានផោនពីក្លិប ខណៈ De Gea នៅតែជាកីឡាករដែលទទួលបានកម្រៃថ្លៃជាងគេដល់ទៅ ១៩.៥លានផោនក្នុងមួយឆ្នាំ។
 
៤៖ ក្លិបអ្នកមានបុណ្យ Barcelona ថ្លៃពលកម្មកីឡាករ ១៩៥ លានផោន 
កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេ ក្រោយ Messi ចាកចេញពី Barca នោះគឺ Antoine Griezman ដែលទទួលបាន ៣០.៨លានផោនក្នុងមួយឆ្នាំ ខណៈPhilippe Coutinho ២១.៣លានផោន។
 
៥៖ ក្លិប Los Angeles Dodgers ជាក្លិប Baseball នៅអាមេរិក ចំណាយប្រាក់ពលកម្មកីឡាករ ១៩៣លានផោន។
 ៦៖ ក្លិបបាល់ទាត់ Juventus របស់លីគអ៊ីតាលី ចំណាយប្រាក់ពលកម្មកីឡាករ ១៨៤លានផោន។
៧៖ ក្លិប Bayern Munich របស់លីគកំពូលអាល្លឺម៉ង ចំណាយប្រាក់ពលកម្មកីឡាករ ១៦៦លានផោន។
៨៖ ក្លិបតោខៀវ Chelsea របស់លីគកំពូលអង់គ្លេស ចំណាយប្រាក់ពលកម្មកីឡាករ ១៦៣លានផោន។
៩៖ ក្លិបបាល់អោប Dallas Cowboys របស់ក្របខ័ណ្ឌ NFL អាមេរិក ចំណាយប្រាក់ពលកម្មកីឡាករ ១៥៨លានផោន។
១០៖ ក្លិបបាល់អោប Cleveland Browns របស់ក្របខ័ណ្ឌ NFL អាមេរិក ចំណាយប្រាក់ពលកម្មកីឡាករ ១៥៧លានផោនក្នុងមួយឆ្នាំ៕
 

Tag:
 PSG
  Messi
© រក្សាសិទ្ធិដោយ thmeythmey.com