កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រីកូរ៉េខាងត្បូងនាំគ្នាកាត់សក់ខ្លីដើម្បីបង្ហាញការគាំទ្រម្ចាស់មេដាយមាសអូឡាំពិក An San
14, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ស្ត្រីកូរ៉េខាងត្បូងជាច្រើននាក់បានកាត់សក់ និងបង្ហោះរូបសក់ខ្លីរបស់ខ្លួននៅលើបណ្តាញសង្គម ដើម្បីបង្ហាញការគាំទ្រចំពោះកីឡាការិនីបាញ់ធ្នូ An San ដែលបានឈ្នះមេដាយមាស៣ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ ចលនានេះ កើតឡើងដោយសារតែ An San បានរងនូវការរិះគន់ និងការរំលោភបំពានខាងផ្លូវចិត្ត ដោយសារតែនាងកាត់សក់ខ្លី។

 
An San បានឈ្នះមេដាយមាសដល់ទៅ៣ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) លើប្រភេទកីឡាបាញ់ធ្នូ។ នាងរំពឹងទទួលបាននូវការសាទរយ៉ាងខ្លាំងក្លាពីមិត្តរួមជាតិ នាពេលវិលត្រឡប់ទៅកូរ៉េខាងត្បូងវិញ ប៉ុន្តែបែរជាមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានរិះគន់នាងទាក់ទងនឹងការកាត់សក់ខ្លីទៅវិញ។
 
«ពិតនាងបានឈ្នះមេដាយមាស ប៉ុន្តែសក់ដ៏ខ្លីរបស់នាង បានបង្ហាញពីចលនាស្ត្រីនិយម (Feminist) ទៅវិញ។ បើពិតជាដូច្នោះមែន ខ្ញុំសូមដកការគាំទ្ររបស់ខ្ញុំហើយ។ ចលនាស្ត្រីនិយមមិនគួរមានទៀតហើយ»។ នេះជាការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដែលបណ្តាលឲ្យមានការរិះគន់តបតវិញយ៉ាងផុសផុល។


 
សង្គមកូរ៉េខាងត្បូង ត្រូវវាយតម្លៃថា បានផ្តល់អាទិភាពច្រើនសម្រាប់បុរស ហើយក្រុមដែលអ្នកប្រឆាំងផ្នត់គំនិតនេះ មានឈ្មោះថា «Feminist»។ រាល់ចលនាតវ៉ាភាគច្រើន គេតែងតែឃើញស្ត្រីនាំគ្នាសម្រេចកាត់សក់ខ្លី។ តាមរបាយការណ៍មួយរបស់ BBC បុរសកូរ៉េខាងត្បូងយ៉ាងហោចណាស់៦០ភាគរយ បានប្រឆាំងនឹងចលានស្ត្រីនិយម។
 
បើតាម Korea Times អ្នករិះគន់មួយចំនួនថែមទាំងបានសំណូមពរឲ្យដកមេដាយមាសពី An San ថែមទៀតផងដែរ ដោយអ្នកខ្លះបានចូលទៅស្វែងការបង្ហោះមុនៗរបស់កីឡាការិនីបាញ់ធ្នូ ដែលធ្លាប់និយាយពាក្យ «Feminists»។ 
 
ទោះបីជាយ៉ាងណាក៏ដោយ An San អាយុ២០ឆ្នាំ បានពន្យល់ថា ការកាត់សក់ខ្លីរបស់ខ្លួន មិនស្ថិតក្នុងចលនាទាមទារអ្វីនោះឡើយ ដោយគ្រាន់តែដឹងថាសក់ខ្លីផ្តល់ភាពងាយស្រួលរបស់ខ្លួនក្នុងការប្រកួត។


 
តបទៅនឹងការរិះគន់ ក៏មានសន្ទុះនៃការគាំទ្រតំណាលគ្នាផងដែរ។ ស្ត្រីកូរ៉េខាងត្បូងជាច្រើន ដែលក្នុងនោះរួមទាំងអ្នកនយោបាយ និងតារាល្បីៗ បាននាំគ្នាផ្ញើសារលើកទឹកចិត្តដល់ An San។ អ្នកខ្លះបានបង្ហោះរូបថតសក់ខ្លីរបស់ខ្លួនជាមួយនឹង Hashtag #women_shortcut_campaign ថែមទៀតផង។
«ខ្ញុំគិតថា ការនាំគ្នាធ្វើយុទ្ធនាការបង្ហាញរូបស្ត្រីសក់ខ្លី ជាសក្ខីភាពនៃការរួបរួមគ្នាដើម្បីគាំទ្រចំពោះម្ចាស់មេដាយមាសអូឡាំពិក»។ ស្ត្រីម្នាល់ឈ្មោះ Han Jiyoung បានរៀបរាប់យ៉ាងដូច្នេះ ប្រាប់ BBC។ ជាមួយគ្នានេះ លោកប្រធានាធិបតី Moon Jae-in ក៏បានបង្ហាញពីជំហរប្រឆាំងការរើសអើង និងបៀតបៀនតាមអនឡាញផងដែរ។
 
តាមទិដ្ឋភាពជាក់ស្តាំង ស្ត្រីកូរ៉េខាងត្បូងទូទៅ មានប្រាក់បៀវត្សរ៍ត្រឹម៦៣ភាគរយនៃប្រាក់បៀវត្សរ៍បុរសប៉ុណ្ណោះ។ នេះជាគម្លាតដ៏ជាងគេក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ ក្រុមស្ត្រីកូរ៉ខាងត្បូង បានតវ៉ាប្រឆាំងនឹងការរើសអើងមាក់ងាយស្ត្រីអស់រយៈពេលជាយូរលង់ណាស់មកហើយ ប៉ុន្តែចលនាបានផុសផុលនាទសវត្សចុងក្រោយនេះ តាមរយៈយុទ្ធនាការ #MeToo ។
 
កាលពីព្រឹត្តិការណ៍ Tokyo 2020 កូរ៉ខាងត្បូងឈ្នះមេដាយសរុបចំនួន២០ (មាស៦ ប្រាក់៤ និងសំរឹទ្ធ១០)។ កីឡាការិនីបាញ់ធ្នូ An San បានឈ្នះមេដាយមាស៣តែម្នាក់ឯង។ សម្រាប់វិញ្ញាសាឯកត្តជន កីឡាការិនីរូបនេះ បានក្លាយជាម្ចាស់កំណត់ត្រាថ្មីនៅអូឡាំពិក ដែលសម្រេចបានដល់ទៅ៦៨០ពិន្ទុ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com