ជាតិ
សង្គមជាតិ
អ្នកនាំពាក្យបក្សកាន់អំណាច សួរអ្នករិះគន់ការសង់វារីអគ្គិសនី៖ តើចង់ឲ្យខ្មែរ អុជចង្កៀងប្រេងកាតបន្តទៀត?
13, Aug 2021 , 7:59 pm        
រូបភាព
រូបរង្វល់មូល គឺលោក សុខ ឥសាន ដឹកនាំកិច្ចប្រជុំជាមួយសមាជិកព្រឹទ្ធសភា ពិភាក្សាអំពីសេចក្តីព្រាងច្បាប់មួយចំនួន កាលពីខែមិថុនា ឆ្នាំ២០១៨ (រូបពីព្រឹទ្ធសភា) និងទិដ្ឋភាពទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលត្រូវបានថតកាលខែធ្នូ ឆ្នាំ២០១៨ ពេលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ (រូបពី AFP)
រូបរង្វល់មូល គឺលោក សុខ ឥសាន ដឹកនាំកិច្ចប្រជុំជាមួយសមាជិកព្រឹទ្ធសភា ពិភាក្សាអំពីសេចក្តីព្រាងច្បាប់មួយចំនួន កាលពីខែមិថុនា ឆ្នាំ២០១៨ (រូបពីព្រឹទ្ធសភា) និងទិដ្ឋភាពទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលត្រូវបានថតកាលខែធ្នូ ឆ្នាំ២០១៨ ពេលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ (រូបពី AFP)
អង្គការអន្តរជាតិ រកឃើញថា ការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បានប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។ លោក សុខ ឥសាន សួរថា តើចង់ឲ្យប្រជាពលរដ្ឋកម្ពុជា នៅអុជចង្កៀងប្រេងកាតដូចមុនឬ?



២ថ្ងៃជាប់គ្នា គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មទៅនឹងអង្គការឃ្លាំសិទ្ធិមនុស្សអន្តរជាតិ ឬហៅថា ម្យូមែនរ៉ាយវ៉ច (Human Right Watch) ដែលចេញរបាយការណ៍ដ៏វែងអន្លាយ ស្តីពីផលប៉ះពាល់លើប្រជាជន ដោយសារការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។ ប្រកតិកម្មរបស់លោក ធ្វើឡើងតាមរយៈសំណេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកសែត។

លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាផងនោះ បានសរសេរក្នុងន័យបែបចោទសួរ ទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងអ្នករិះគន់មួយចំនួននៅកម្ពុជាយ៉ាងដូច្នេះថា៖«ការរិះគន់ និងការរារាំងមិនចង់ឲ្យសាងសង់ទំនប់វារីអគ្គីសនី ដោយសារពួកទាំងនេះ ចង់ឲ្យខ្មែរ ដុតចង្កៀងប្រេងកាតតទៅទៀត?»។ អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ បន្តថា៖«ប្រទេសដទៃ អាចធ្វើទំនប់វារីអគ្គិសនីបាន អត់មានឮមាត់អ្វីទេ តែបើខ្មែរ ធ្វើអីមិនបាន រិះគន់ និងរារាំងរហូត»។ 
 
ក្នុងរបាយការណ៍របស់ខ្លួនកម្រាស់១៣៧ទំព័រ ដែលចេញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អះអាងថា ការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្កក្តីមហន្តរាយដល់ការរស់នៅរបស់ប្រជាជនខ្មែរ និងជនជាតិដើមភាគតិចដល់ទៅរាប់ពាន់គ្រួសារ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដដែល ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គិសនីធំបំផុត១ នៅក្នុងតំបន់អាស៊ី។ 
 
ទំនប់វារីអគ្គិសនីសេសានក្រោម២ មានប្រភពទឹកធំៗ២ គឺពីទន្លេសេសាន និងពីទន្លេស្រែពក។ ទន្លេសេសាន និងទន្លេស្រែពក មានផ្លូវទឹកប្រសព្វគ្នា១ ដែលហូរទឹកទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម២។ ទន្លេទាំង២នេះ គឺជាដៃទន្លេមេគង្គ។ 
 
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញតួលេខថា ប្រជាជនប្រមាណ៥ពាន់នាក់ ដែលធ្លាប់រស់នៅក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីមិនសាងសង់ ត្រូវបានបង្ខំឲ្យចាកចេញ។ អង្គការអន្តរជាតិ ដែលកម្រសរសើររដ្ឋាភិបាលកម្ពុជាមួយនេះ បានហៅការបង្កើតទំនប់វារីអគ្គិសនីសេសានក្រោម២ ថាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិផ្នែកសេដ្ឋកិច្ច សិទ្ធិផ្នែកសង្គម សិទ្ធិផ្នែកវប្បធម៌របស់ប្រជាជន ដែលត្រូវបង្ខំឲ្យចាកចេញទាំងនោះ។ បន្ថែមពីនេះ អង្គការនេះ រកឃើញទៀតថា ប្រជាជនដល់ទៅរាប់ម៉ឺននាក់ ដែលកំពុងរស់នៅទាំងនៅតំបន់ប៉ែកខាងក្រោម និងទាំងនៅតំបន់ប៉ែកខាងលើនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ក៏រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដ៏ធំមួយនេះដែរ។ 
 
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចោទដូច្នេះថា៖«មុនពេលចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនឯកជន មិនបានពិភាក្សាឲ្យបានត្រឹមត្រូវជាមួយប្រជាជនក្នុងសហគមន៍នោះទេ ហើយថែមទាំងព្រងើយកន្តើយនឹងក្តីបារម្ភរបស់ពួកគាត់ជាជនរងគ្រោះទៀត»។ 
 
តាមរយៈសំណេរក្នុងតេឡេក្រាមដដែល លោក សុខ ឥសាន បកស្រាយថា ការកសាងទំនប់វារីអគ្គិសនីនីមួយៗ សុទ្ធតែមានការសិក្សាស្រាវជ្រាវជាមុន ព្រមទាំងឆ្លងកាត់ការវាយតម្លៃពីផលចំណេញនិងផលប៉ះពាល់។ លោក បន្តថា បើមានផលចំណញច្រើនជាង គេ ត្រូវតែសម្រេចសាងសង់ទំនប់វារីអគ្គិសនីនោះហើយ។ លោក បន្ថែមថា ការជំរុញធ្វើទំនប់វារីអគ្គីសនី គឺដើម្បីទទួលបានថាមពលយកមកប្រើប្រាស់តាមតម្រូវរបស់សង្គម ដែលកាន់តែរីកចម្រើន។   
 
លោក ប្រើភាសាបែបចំអកឲ្យអ្នករិះគន់ថា៖«ចង់រក្សាទេសភាពទន្លេសេសាន  គឺជាអ្នកមានគំនិតខ្លី»។      
 
ប្រជាជន ដែលចាកចេញពីតំបន់ទំនប់វារីអគ្គិសេនីសេសានក្រោម២ បានទទួលសំណងខ្លះៗ។ ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ក្នុងចំណោមប្រជាជនទាំងនោះ ភាគច្រើន គឺត្រូវបានបង្ខំឲ្យទទួលយកសំណងដែលមិនគ្រប់គ្រាន់ ហើយអ្នកខ្លះ មិនទាន់ទទួលបានសំណងនោះទេ។ 
 
លោក សុខ ឥសាន ឆ្លើយតបថា ភាគច្រើននៃប្រជាជន ដែលពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺយល់ព្រមទទួលយកគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ទំនប់វារីអគ្គិសនីនេះ ដោយអ្នក ដែលមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល មានចំនួនតិចតួចប៉ុណ្ណោះ។ លោក រិះគន់វិញថា អង្គការសិទ្ធិមនុស្ស អាចនិយាយបានត្រឹមតែពីរឿងសិទ្ធិមនុស្ស តែរឿងអ្វីផ្សេងទៀត ពួកគេ មិនដឹងឡើយ ដោយចេះតែវាយតម្លៃស្មានៗ។ លោក គូសបញ្ជាក់ថា មានតែរដ្ឋាភិបាលកម្ពុជាទេ ដែលគិតគូរពីការលំបាករបស់ប្រជាជន ឯជនបរទេស មិនអាចគិតគូរពីជីវភាពរបស់ប្រជាជនជាងរដ្ឋាភិបាលកម្ពុជាឡើយ។  
 
ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតក្នុងឃុំភ្លុក ឃុំស្រែគ និង ឃុំក្បាលរមាស នៃស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨មក។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅធ្វើជាអធិបតីផ្ទាល់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីនេះ។ 
 
ទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំនប់ប្រវែង៦,៥គីឡូម៉ែត្រ ដោយអាចផលិតថាមពលអគ្គិសនីដល់ទៅ៤រយមេហ្កាវ៉ាន់ ក្រោមទុនវិនិយោគរួមគ្នាពីភាគី៣ គឺក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុន Hydrolancang International Energy របស់ចិន និងក្រុមហ៊ុន Vietnam Electricity របស់វៀតណាម ដោយចំណាយថវិកាសរុបប្រមាណ៨រយលានដុល្លារ៕ 
 

Tag:
 សុខ ឥសាន
  វារីអគ្គិសនីសេសានក្រោម២
  HRW
© រក្សាសិទ្ធិដោយ thmeythmey.com