ជាតិ
សេដ្ឋកិច្ច
មៀនប៉ៃលិនប្រមាណ៥ម៉ឺនតោនរបស់កសិករ កំពុងប្រឈមទុំចោល ព្រោះថៃមិនឱ្យនាំចូល
14, Aug 2021 , 6:19 pm        
រូបភាព
 រូបឯកសារ៖  ស្ត្រីម្នាក់កំពុងរៀបចំផ្លែមៀនប៉ៃលិនក្នុងកញ្ច្រែង កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២0។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងរៀបចំផ្លែមៀនប៉ៃលិនក្នុងកញ្ច្រែង កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២0។
ភ្នំពេញ៖ មៀនប៉ៃលិន ប្រមាណ៥ម៉ឺនតោនរបស់ប្រជាសហគមន៍មៀនប៉ៃលិនចំនួន២៨០គ្រួសារ កំពុងប្រឈមនឹងការទុំចោលនៅក្នុងចម្ការ ព្រោះតែប្រទេសថៃមិនបើកព្រំដែនឱ្យនាំចូល។ នេះជាការលើកឡើងរបស់លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន។ លោក បានបញ្ជាក់ ថា បរិមាណមៀនប៉ៃលិនដែលកំពុងប្រឈមការខូចខាតនេះ មានតម្លៃសរុបប្រមាណ៥០លានដុល្លារ។




រដូវប្រមូលផលមៀនប៉ៃលិនបានមកដល់ហើយ ប៉ុន្តែប្រជាកសិករបែរជាជួយបញ្ហទីផ្សារទៅវិញ ព្រោះតែប្រទេសថៃបានបិទការនាំចូលមៀនប៉ៃលិនពីកម្ពុជា។ បើតាមលោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន ការបិទទីផ្សារនាំចូលមៀនប៉ៃលិនពីកម្ពុជារបស់ប្រទេសថៃនេះ បានធ្វើឱ្យមៀនប៉ៃលិនរបស់ប្រជាសហគមន៍រហូតជាង៥ម៉ឺនតោន ដែលចាប់ផ្តើមប្រមូលផលជាបន្តបន្ទាប់រហូតដល់ខែកុម្ភៈ កំពុងប្រឈមនឹងការខូចខាតចោលយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា មៀនប៉ៃលិនដែលប្រឈមទុំចោលនោះ មានតម្លៃយ៉ាងទាប៤,០០០រៀល(១ដុល្លារ) ក្នុងមួយគីឡូក្រាម។
 
លោក ចំរើន បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី១៤សីហា ថា ៖«មៀនប៉ៃលិនរបស់ប្រជាកសិករទាំងអស់ដែលកំពុងប្រមូល និងត្រៀមប្រមូលផល មាន ចំនួន៥ម៉ឺនតោននៅក្នុងដៃរបស់ខ្ញុំ»។ លោកបន្តរៀបរាប់ដោយសង្កត់ធ្ងន់ដូច្នេះ៖« មៀនទាំងនេះ កំពុងប្រឈមទីផ្សារ ពីព្រោះថៃមិនមែនជាដៃយុទ្ធសាស្ត្រជាមួយយើងទេ ក្នុងការឱ្យយើងនាំចូលមៀនទៅដោយស្រួល។ ដោយឡែកជិត១០ឆ្នាំកន្លងមក ដែលយើងអាចនាំមៀនប៉ៃលិនទៅថៃបានហ្នឹង គឺយើងលួចនាំចូលទៅតាមច្រករបៀង ដែលខាងថៃគេព្រមបិទភ្នែកម្ខាង បើកភ្នែកម្ខាង។ តែសម្រាប់ឆ្នាំនេះ ថៃបិទតែម្តង»។ 
 
ថៃជាទីផ្សារធំបំផុតសម្រាប់មៀនប៉ៃលិនកម្ពុជា ខណៈទីផ្សារប៉ៃលិននៅក្នុងស្រុកមានទំហំតិចតួចបំផុត។ ស្របដែលប្រទេសថៃបិទការនាំចូលមានប៉ៃលិនពីកម្ពុជា កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករក្នុងស្រុកជួយទិញមៀនប៉ៃលិន ពីកសិករ ជាពិសេសពីប្រជាសហគមន៍ដែលកំពុងបញ្ហាទីផ្សារនេះ។  ពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រសួងកសិកម្មនេះ លោក ចំរើន មិនសង្ឃឹមថា អាចដោះស្រាយបញ្ហាទីផ្សារមៀនរបស់កសិករ បានឡើយ។


លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន។ 

ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិនរូបនេះ បាននិយាយដូច្នេះ៖«កន្លងមក មៀនប៉ៃលិនដែលចរាចរនៅលើទីផ្សារប្រទេសយើង គឺមានចំនួនតិចតួចណាស់ មានមិនដល់៥ភាគរយនៃបរិមាណមៀនរបស់យើងទេ»។ មៀនប៉ៃលិនដែលចរាចរនៅទីផ្សារក្នុងស្រុក លោក  ចំរើន បានអះអាងថា  មានភាគច្រើននៅក្នុងថ្ងៃសីល និងរដូវកាលបុណ្យទាននានាប៉ុណ្ណោះ។ បើតាមលោក ចំរើន កន្លងមកតម្រូវការទីផ្សារប៉ៃលិននៅក្នុងស្រុកមិនដល់១០០ទេក្នុងមួយសប្តាហ៍ ប៉ុន្តែ បើទីផ្សារប្រទេសថៃ សហគមន៍នាំចេញមៀនបានរហូតជាង១០០តោនក្នុងមួយថ្ងៃនៃរដូវប្រមូល។ 
 
ជុំវិញនៃតម្រូវការមៀនប៉ៃលិននៅក្នុងស្រុកដែលមានទំហំតិចតួចនេះ លោក ចំរើន មិនរំពឹងអាចដោះស្រាយបញ្ហាទីផ្សារដល់កសិករបានឡើយ។ លោកបានលើកឡើងថា៖« ទោះមានចលនាទិញមៀនប៉ៃលិននៅក្នុងស្រុក ក៏អាចជួយទិញពីប្រជាកសិករយើងបានឡើយ។ ព្រោះមួយថ្ងៃៗ យើងត្រូវបញ្ចេញមៀនរាប់សិបតោន។ តែខាតបេះត្រឹម១ថ្ងៃ មៀននឹងទុំខូចអស់»។  
 
ដោយឡែក ពាក់ព័ន្ធនឹងអំពាវនាវរបស់ក្រសួងកសិកម្មដែលឱ្យសមាគមន៍បង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមក្នុងការនាំចេញមៀនប៉ៃលិននោះ លោក សារ ចំរើន បានលើកឡើងថា ខាងសហគមន៍របស់លោក គឺមិនទាន់ទីផ្សារឬដៃគូក្រុមហ៊ុន នៅវៀតណាមឡើយ។
 
ចំពោះមូលហេតុ ដែលប្រទេសថៃបិទការនាំចូលមៀនប៉ៃលិនពីកម្ពុជានោះ ទំនងអាចមកពីរដ្ឋាភិបាលចិនបានបិទការនាំចូលមៀនពីថៃ ក្រោយរកឃើញសមាសធាតុឬកត្តាចង្រៃនៅលើផ្លៃមៀនរបស់ថៃ។ បើតាមកាសែតបាងកកប៉ុស្តិ៍ ប្រទេសចិនសម្រេចបិទការនាំចូលមៀនពីថៃ ចាប់ពីថ្ងៃទី១៣សីហា ឆ្នាំ២០២១ តទៅ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិនរកឃើញផ្លែមៀនដែលនាំចូលពីថៃ មានជាប់នូវចៃម្សៅ (ក្រាម្សៅ)ដែលពាក់ព័ន្ធនឹងសន្តិសុខភូតគាមអនាម័យ។
 
បច្ចុប្បន្ន ភាគីថៃកំពុងចរចាជាមួយភាគីចិន ដើម្បីសុំពន្យារពេលលើការផ្អាកនាំចូលចេញមៀននេះ ខណៈរដូវកាលប្រមូលមៀនបានមកដល់ហើយ។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីលោក សុមដេត ស៊ូសុមបូន (Smdet Susomboon) ដែលជាអគ្គនាយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ យកមកចុះផ្សាយកាលពីថ្ងៃទី១២សីហា ថា ប្រសិនបើការចរចាបរាជ័យ នោះ ផ្លែមៀនរបស់ថៃនឹងជួបវិបត្តិទីផ្សារ ព្រោះជារៀងរាល់ឆ្នាំមៀនរបស់ថៃ ពី៧០ទៅ៨០ភាគរយ គឺនាំទៅកាន់ទីផ្សារចិន៕ 
 


រូបឯកសារ៖ មៀនប៉ៃលិនរបស់ប្រជាកសិករ នៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២០។ 


Tag:
 កសិកម្ម
  ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com