ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ឧស្សាហ៍ឡើងស្នាមជាំលើស្បែក? អាចមកពីកត្តា ៧យ៉ាងនេះ
16, Aug 2021 , 6:59 am        
រូបភាព
ឧស្សាហ៍ឡើងស្នាមជាំលើស្បែកដោយគ្មានមូលហេតុ? តើវាអាចកើតឡើងបានយ៉ាងដូចម្ដេចហើយគួរបារម្ភឬទេ? ស្នាមជាំខៀវលើស្បែកបណ្ដាលមកពីសសៃឈាមឆ្មារៗស្ដើងពេក។ ហេតុអ្វីទើបដូច្នេះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួននៃបញ្ហាឡើងជាំខៀវលើស្បែកញឹកញាប់ ៖

 
១. បញ្ហាថ្លើម
 
ប្រសិនបើថ្លើមកំពុងមានបញ្ហា ឬទទួលរងការខូចខាត នោះការផលិតប្រូតេអ៊ីនត្រូវឈប់ ឬប្រែជាយឺតជាងធម្មតា។ ជាលទ្ធផលបណ្ដាលឱ្យមានបញ្ហាកំណកឈាម។ ដូច្នេះហើយទើបអ្នកដែលមានបញ្ហាថ្លើមងាយនឹងហូរឈាម ឬឡើងស្នាមជាំលើស្បែកជាងបុគ្គលដែលមានសុខភាពល្អ។
 
២. ឥទ្ធិពលនៃថ្នាំមួយចំនួន
 
ថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការរលាកក្នុងរាងកាយ ថ្នាំគ្រាប់ជាតិដែក ឬថ្នាំហឺតអាចជះឥទ្ធិពលដល់ឈាមដែលបណ្ដាលអោយកើតមានស្នាមជាំខៀវលើស្បែក។ ហើយថ្នាំមួយប្រភេទទៀតដែលធ្វើឱ្យឈាមកាន់តែរាវ ហើយបង្កបញ្ហាស្បែកឡើងជាំនោះ គឺអាស្ពីរីន។ ប្រសិនបើអ្នកសម្គាល់ឃើញទំនាក់ទំនងរវាងការទទួលទានថ្នាំជាមួយបញ្ហាមិនប្រក្រតីលើស្បែក ចូរកុំស្ទាក់ស្ទើនឹងជួបពិនិត្យជាមួយគ្រូពេទ្យ។
 
៣. ជំងឺពាក់ព័ន្ធនឹងឈាម
 
ជាញឹកញយជំងឺពាក់ព័ន្ធនឹងឈាម ក៏ដូចជាសសៃឈាម គឺអាចបណ្ដាលអោយមានស្នាមជាំខៀវលើស្បែក។ កុំពន្យារពេលនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យ ជាពិសេសប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញា ឬអាការៈគួរអោយព្រួយបារម្ភដទៃទៀតដូចជាឈឺចាប់និងហើមជើង ឈាមអញ្ចាញ ឬហូរឈាមច្រមុះអមមកជាមួយ។
 
៤. កង្វះសារធាតុចិញ្ចឹម
 
ពេលខ្លះស្នាមជាំខៀវលើស្បែកក៏អាចបណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមក្នុងរាងកាយផងដែរ។ឧទាហរណ៍វីតាមីន B12 រួចចំណែកក្នុងការផលិតឈាម ខណៈដែលវីតាមីន K ទទួលខុសត្រូវលើការកកឈាម ហើយវីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាលិកាថ្មី។ ប្រសិនបើគ្មានវាទេ សសៃឈាមនឹងប្រែជាផុយស្រួយហួស។ តុល្យភាពនៃជាតិដែកក៏សំខាន់សម្រាប់រាងកាយផងដែរ ប្រសិនបើខ្វះ ឬមានច្រើនពេកសសៃឈាមឆ្មារៗនឹងខូចខាត។ ទោះជាយ៉ាងណាកុំប្រញាប់ទៅទិញវីតាមីនណាមួយមកលេប! ត្រូវពិនិត្យថារាងកាយខ្វះវីតាមីនអ្វីជាមុនសិន ហើយកុំភ្លេចផ្លាស់ប្ដូររបបអាហារដោយរួមបញ្ចូលនូវអាហារមានផ្ទុកសម្បូរទៅដោយវីតាមីនដែលរាងកាយត្រូវការ។ 
 
៥. អតុល្យភាពអ័រម៉ូន
 
ស្នាមជាំខៀវក៏អាចលេចឡើងនៅពេលរាងកាយថយចុះទាបពេកនូវអ័រម៉ូន estrogen ផងដែរ។ស្ថានភាពនេះច្រើនកើតឡើងនៅពេលអ្នកអស់រដូវ ឬកំពុងទទួលទានថ្នាំគ្រាប់អ័រម៉ូន ឬមានផ្ទៃពោះ។
 
៦. ទឹកនោមផ្អែម
 
ភាគច្រើននៃពួកយើងច្រើនតែគិតទៅដល់ឈាមនិងជាតិស្ករនៅពេលនិយាយអំពីជំងឺទឹកនោមផ្អែម។ ជំងឺនេះជះឥទ្ធិពលអវិជ្ជមានគួរអោយព្រួយបារម្ភលើដំណើរការនៃចរន្តឈាម ដូច្នេះវាងាយនឹងបណ្ដាលអោយលេចឡើងនូវស្នាមជាំខៀវលើស្បែកបំផុត។ ហើយស្នាមជាំលើស្បែកក៏អាចជារោគសញ្ញាដំបូងបំផុតមួយនៃជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងផងដែរ។ ទោះជាយ៉ាងណារោគសញ្ញាដទៃទៀតនៃជំងឺទឹកនោមផ្អែមរួមមាន ឧស្សាហ៍ស្រេកទឹក របួសយូរជាសះស្បើយ ឆាប់ហត់អស់កម្លាំង មើលលែងសូវច្បាស់ព្រិលៗ ហើយមានស្នាមអ៊ុចពណ៌សៗលើស្បែក។
 
៧. បញ្ហាតម្រងនោម
 
មួយក្នុងចំណោមមុខងារដទៃទៀតនៃតម្រងនោមនោះ គឺជួយដល់ដំណើរការមុខងារកោសិកាឈាម platelets ប្រក្រតី។ Platelets ជាកោសិកាឈាមមួយប្រភេទដែលជួយទប់ស្កាត់ការហូរឈាម។ នៅពេលតម្រងនោមមានបញ្ហា នោះកោសិកាឈាម platelets មិនអាចដំណើរការមុខងារប្រក្រតីឡើយដែលជាហេតុនាំឱ្យងាយឡើងស្នាមជាំលើស្បែក។ ប្រសិនបើអ្នកកំពុងជួបប្រទះរោគសញ្ញានៃបញ្ហាតម្រងនោម ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com