ជាតិ
សហគមន៍អូង្លាវ នៅមណ្ឌលគិរី បង្កើតសហគ្រាសច្នៃឫស្សី ដើម្បីរកចំណូលបន្ថែម
16, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ជនជាតិដើមភាគតិចព្នងប្រមាណ៦០នាក់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូង្លាវ ក្នុងឃុំស្រែហុយ ស្រុកកោះញែក បានបង្កើតសហគ្រាសឫស្សី ដើម្បីយកអនុផលឫស្សីពីតំបន់ការពារធម្មជាតិច្នៃធ្វើសម្ភារប្រើប្រាស់លក់។ ប្រាក់ចំណូលពីការលក់របស់ប្រើប្រាស់ទាំងនោះ នឹងត្រូវផ្គត់ផ្គង់ក្នុងសហគមន៍។

 
ប្រជាជនក្នុងសហគមន៍តំបន់ការពារធម្មជាតិអូង្លាវ តែងកាប់ឫស្សីព្រៃដើម្បីច្នៃធ្វើរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចង្អេរ កញ្ច្រែង និងរបស់ផ្សេងៗ ជាលក្ខណៈគ្រួសារ។ ប៉ុន្តែបច្ចុប្បន្ន ប្រជាជនទាំងនោះបានចងក្រងគ្នាជាសហគ្រាស ច្នៃឫស្សីធ្វើ ខ្យុស និងអង្រឹងក្មេង សម្រាប់លក់ ដើម្បីរកចំណូលបន្ថែម។
 
លោក ប្រុស ចំប៉ា ជាសមាជិកក្នុងសហគ្រាសឫស្សី នៃសហគមន៍តំបន់ការពារធម្មជាតិអូង្លាវ បានប្រាប់សារព័ត៌មានThmeyThmey25 សហគ្រាសនេះ បានបង្កើតឡើងនៅចុងខែមិថុនា។ មកដល់ពេលនេះ សមាជិកក្នុងសហគ្រាសបានធ្វើខ្យុសបានមួយ និងអង្រឹងក្មេងបានមួយ។ សម្ភារប្រើប្រាស់ទាំង២នេះ គឺជាការធ្វើសាកល្បង បន្ទាប់ពីលោកចំប៉ា បានរៀនជំនាញច្នៃឫស្សីពីអង្គការមួយ។


ខ្យុស ដែលប្រជាជនក្នុងសហគ្រាសឫស្សី នៃសហគមន៍តំបន់ការពារធម្មជាតិធ្វើ។ រូបភាពពីហ្វេសប៊ុក សហគមន៍តំបន់ការពារធម្មជាតិអូង្លាវ 

លោក ប្រុស ចំប៉ា បានរៀបរាប់បន្ថែមដូច្នេះថា៖ «ខ្ញុំទៅរៀនជាមួយគេនៅកំពង់ធំ ហើយបានមកបង្រៀនអ្នកនៅសហគមន៍នេះធ្វើបន្ត។ យើងរៃលុយគ្នាទិញសម្ភារសម្រាប់យកមកធ្វើ។ យើងធ្វើបានខ្យុសមួយ និងអង្រឹងមួយ។ ខ្យុស អ្នកនៅក្នុងសហគ្រាសឱ្យលក់ ៣៥០$ អង្រឹងកូនក្មេងគេឱ្យខ្ញុំធ្វើឥឡូវគេយកហើយតម្លៃ ៦០០០០រៀល»។
 
ខ្យុសមួយត្រូវចំណាយពេលធ្វើជាង២សប្តាហ៍ ដោយមានគ្នាបួននាក់។ ចំណែកសមាជិកក្នុងសហគ្រាសត្រូវចំណាយពេល ២ថ្ងៃសម្រាប់ការចូលព្រៃកាប់ឫស្សី។ ឫស្សីដែលយកមកច្នៃធ្វើសម្ភារទាំងអស់នោះ មានដូចជាឫស្សីក្រឹប ឫស្សីខ្លី និងឫស្សីព្រៃច្រើនប្រភេទទៀត ដែលដុះក្នុងតំបន់ការពារធម្មជាតិអូង្លាវ។
 
ក្រៅពីច្នៃឫស្សីធ្វើរបស់ប្រើប្រាស់លក់ ប្រជាជនក្នុងសហគមន៍អូង្លាវ ប្រកបរបរកសិកម្ម ធ្វើស្រែ និងដាំដំណាំក្បែរផ្ទះ។ ប្រជាជនទាំងនោះមួយចំនួនក៏មានតួនាទី ចូលល្បាតក្នុងតំបន់ការពារធម្មជាតិអូង្លាវផងដែរ៕
 


អង្រឹងធ្វើពីឫស្សី ដែលធ្វើឡើងដោយប្រជាជនក្នុងសហគ្រាស​​​​​​​​ឫស្សី


Tag:
 ជនជាតិភាគតិចព្នង
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com