កីឡាអន្តរជាតិ
អន្តរជាតិ
Muller វីរបុរសអាល្លឺម៉ង់ និង Bayern Munich ស្លាប់ក្នុងអាយុ៧៥ឆ្នាំ
16, Aug 2021 , 12:29 pm        
រូបភាព
លោក Gerd Muller វីរបុរសក្រុមជម្រើសជាតិអាល្លឺម៉ង់ និង Bayern Munich ទទួលមរណភាពក្នុងអាយុ ៧៥ ឆ្នាំ ដោយរោគាពាធ។


លោក Herbert Hainer ប្រធានក្លិប Bayern Munich បានប្រកាសលើវេបសាយក្លិបថា «ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំមួយសម្រាប់ក្លិប និងអ្នកគាំទ្រទាំងអស់ ក្រោយការបាត់បង់លោក Muller ដែលជាវីរបុរសខ្លួន»។
 
លោក Muller បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នៅឆ្នាំ ២០១៥ ក្រោយលោកត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺ Alzheimer។ ៦ឆ្នាំក្រោយមក លោកស្លាប់ដោយសារជំងឺនេះតែម្តង។
 
លោក Muller ដែលគេចាត់ទុកថា ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បង្ហាញទេពកោសល្យដ៏អស្ចារ្យដោយរកបាន ៦៨គ្រាប់ ក្នុងការបង្ហាញខ្លួន៦២លើកឱ្យអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) រួមទាំងគ្រាប់បាល់ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៧៤ ទល់នឹងហូឡង់ផងដែរ។
 
សម្រាប់ក្រុម Bayern Munich វិញ Muller រកបាន៥៤៧គ្រាប់ ក្នុងការប្រកួត៥៩៤លើក ក្នុងរយៈពេល១៥ឆ្នាំ និងជាប់ជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់៧ដងនៅ Bundesliga ទៀតផង។ 
 
ម្ចាស់ពាន Ballon d'Or ឆ្នាំ១៩៧០រូបនេះ បានជួយអាល្លឺម៉ង់ឈ្នះ World Cup នៅឆ្នាំជាមួយគ្នានោះ និងក៏ជាម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ពិលោកនេះផងដែរ ដោយរកបាន១០គ្រាប់។
 
លោក Muller ធ្លាប់ប្រកបអាជីពជាកីឡាករបាល់ទាត់ឱ្យក្លិប៣រូបមាន 1861 Nördlingen ពីឆ្នាំ ១៩៦៣-៦៤ Bayern Munich ពីឆ្នាំ១៩៦៤-៧៩ និងចុងក្រោយក្រុមនៅលីគអាមេរិក Fort Lauderdale Strikers ពី១៩៧៩ដល់ ១៩៨១៕
 

Tag:
 Gerd Muller
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com