កីឡាអន្តរជាតិ
អន្តរជាតិ
Pique ៖ ប្រធានក្រុម Barca ៣រូបទៀត យល់ព្រមកាត់បន្ថយប្រាក់ខែ ដើម្បីជួយក្លិប
16, Aug 2021 , 5:19 pm        
រូបភាព
ប្រធានក្រុម Barcelona ៣រូបទៀត យល់ព្រមកាត់បន្ថយប្រាក់ខែ ដើម្បីជួយស្ដារ និងទ្រទ្រង់ក្លិប ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ កីឡាករទាំង៣នោះ រួមមាន Sergio Busquets, Jordi Alba, Sergio Roberto។


ប្រធានក្រុម Barca កីឡាករ Gerard Pique ដែលសុខចិត្តកាត់បន្ថយប្រាក់ពលកម្មខ្លួន ដើម្បីជួយក្លិប បាននិយាយថា ប្រធានក្រុមក្លិបផ្សេងទៀត ក៏បានស្នើឲ្យក្លិបកាត់ប្រាក់ខែពួកគេដែរ។ Pique ត្រូវបានកាត់បន្ថយយ៉ាងច្រើន ហើយប្រាក់ទាំងនោះបានជួយដល់ក្លិប ក្នុងការប្រើប្រាស់សម្រាប់បើកប្រាក់ឈ្នួលដល់កីឡាករ Memphis Depay, Eric Garcia, និង Rey Manaj សម្រាប់លេងឲ្យក្លិបក្នុងរដូវកាលថ្មីនេះ។
 
ថ្លែងក្រោយចប់ការប្រកួតរវាងក្រុមអ្នកមានបុណ្យ Barcelona បឈ្នះក្រុមភ្ញៀវ Real Sociedad ដោយលទ្ធផល ៤-២ នាថ្ងៃទី១៥ សីហា ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយប្រាប់ Movistar ដូច្នេះថា៖«ខ្ញុំយល់ពីរឿងរ៉ាវក្នុងពេលនេះ ខ្ញុំដឹងពីអ្វីដែលខ្ញុំត្រូវធ្វើ។ ខ្ញុំមានភាពជិតស្និទខ្លាំងជាមួយប្រធានក្រុម៣រូបផ្សេងទៀត ហើយខ្ញុំបានស្នើសុំពួកគេនិងកាត់បន្ថយប្រាក់ឈ្នួលក្នុងពេលឆាប់ៗដូចខ្ញុំដែរ ប៉ុន្តែវាអាស្រ័យលើពេលវេលា ហើយខ្ញុំយល់ថាខ្ញុំជាប្រធានក្រុម ខ្ញុំជាអ្នកដឹកនាំ និងនាំមុខគេ ហើយខ្ញុំបានធ្វើការងារនេះបានយ៉ាងលឿនតាមតែអាចធ្វើទៅបាន សម្រាប់ជួយដល់កីឡាករដដៃទៀតឲ្យពួកគេ បានមានឈ្មោះលេងក្នុងរដូវកាលនេះ។ ពួកយើងប្រៀបបានទៅជាគ្រួសារមួយ ហើយខ្ញុំបានដើរតួរជាមេគ្រួសារនៅពេលនេះ ខ្ញុំមានមោទនភាពក៏ជាដូចជាប្រធានក្រុមដទៃ ហើយចង់ឲ្យកីឡាករព្រមទាំងអ្នកគាំទ្ររួបរួមគ្នាបន្តទៀត»។
 
Pique ដែលរួមរស់ជាមួយក្លិបអ្នកមានបុណ្យ រយៈពេល១៣ឆ្នាំ សង្ឃឹមថា កីឡាករផ្សេងទៀតនឹងអនុគ្រោះដល់ក្លិប តាមរយៈកាត់បន្ថយថ្លៃប្រាក់ឈ្នួល ដើម្បីបន្តជួយក្លិបឲ្យលើកពានរង្វាន់ បើទោះគ្មានវត្តមមាន Messi ក្តី។ បញ្ហាហិរញ្ញវត្ថុនេះ ក៏ជាដើមចម ដែលធ្វើឲ្យក្លិបបាត់បង Messi ដែរ។
 
ក្រោយខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi ចាកចេញពីក្លិប Barcelona ទៅ ក្លិបបានសម្រេចតែងតាំង Sergio Busquets, Jordi Alba, Sergio Roberto និង Gerard Pique ជាប្រធានក្រុមផ្លាស់ប្ដូរគ្នាទៅវិញទៅមក ក្នុងករណីអវត្តមានកីឡាកររូបណាមួយ ក្នុងពេលប្រកួត។
 
កាលពីឆ្នាំ ២០២០ កន្លងទៅ ក្លិប Barcelona ដែលមានទីតាំងនៅប្រទេសអេស្ប៉ាញមួយនេះ ក៏ធ្លាប់បានប្រកាសថា ក្លិបបានខាតបង់ចំណូលប្រមាណ ១១៧លានដុល្លារ ហើយជំពាក់បំណុលរហូតដល់ ១.៤ពាន់លានដុល្លារ។ ចំណែកកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ នាពេលបច្ចុប្បន្នមាន Griezmann, Coutinho និង Pjanic តែប៉ុណ្ណោះ ដោយប្រាក់ឈ្នួលកីឡាករទាំង៣នាក់នេះ សរុប ៦៣លានដុល្លារក្នុង១ឆ្នាំ៕
 

Tag:
 Pique Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com