កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ៖ «ខ្ញុំមិនអាចនៅស្ងៀមឲ្យមនុស្សគ្រប់គ្នាយកឈ្មោះ ខ្ញុំមកនិយាយលេងសើចបានឡើយ»
18, Aug 2021 , 12:59 pm        
រូបភាព
អតីតខ្សែប្រយុទ្ធរបស់ក្លិបអធិរាជស Real Madrid វ័យ៣៦ឆ្នាំ Cristiano Ronaldo កាលពីពេលថ្មីៗនេះរូបគេហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធនឹងពាក្យចរចាមអារ៉ាមដែលថា រូបគេអាចវិលត្រលប់ទៅក្លិបចាស់នៅអេស្ប៉ាញវិញ ក្រោយចប់កិច្ចសន្យាជាមួយ Juventus នាឆ្នាំក្រោយ។ មិនទ្រាំចាំយូរម្ចាស់ពាន Ballon d’Or ៥លើករូបនេះ ក៏ចេញមកប្រតិកម្មភ្លាមៗហើយបាននិយាយថា ពាក្យចរចាមអារ៉ាមនេះ ជាការមិនគោរពដល់រូបគេទាល់តែសោះ។



ពាក្យចរចាមអារ៉ាមជាច្រើនបានកើតឡើងចំពោះ Cristiano Ronaldo ដែលត្រូវបានសារព័ត៏មាន រាយការណ៍ថា ម្ចាស់ពាន Ballon d’Or ៥លើករូបនេះ ទំនងអាចនឹងវិលត្រលប់មកកាន់ទឹកដី Santiago Bernabeu វិញ ក្រោយរូបគេចប់កិច្ចសន្យាជាមួយក្លិប Juventus នាឆ្នាំក្រោយ។ ក្នុងពាក្យចរចាមអារ៉ាមទាំងនោះ ក៏ត្រូវបានរាយការណ៍ដែរថាក្លិប Paris Saint Germain និង Manchester City ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេនាឆ្នាំក្រោយផងដែរ។ មិនចាំយូរខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំក៏បានចេញមកប្រតិកម្មភ្លាមនៅលើបណ្តាញសង្គម Instagram ដែរថារូបគេពិតជាទ្រាំនៅស្ងៀមមិនបានសោះ ដោយសារពាក្យពេចន៍ទាំងនោះ ព្រោះវាជាការមិនគោរពដល់រូបគេផងដែរ។
 
Ronaldo បានសរសេរនៅលើបណ្តាញ Instagram ជុំវិញរឿងអនាគតបន្តទៀតរបស់រូបគេថា៖«គ្រប់គ្នាបានដឹងច្បាស់ពីរូបខ្ញុំថាជាមនុស្សម្នាក់ ដែលតែងតែផ្តោតអារម្មណ៍លើការងាររបស់ខ្ញុំ ខ្ញុំមិនសូវនិយាយច្រើនជាងការបញ្ចេញសកម្មភាពនោះទេ ការផ្តោតអារម្មណ៍លើការងារគឺសឹងតែពេញក្នុងមួយអាជីពដែលខ្ញុំបានចូលលេងបាល់យូរណាស់មកហើយ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំបានឃើញការសរសេរជាច្រើនក្នុងពេលថ្មីៗនេះ ខ្ញុំក៏ត្រូវតែចេញមកបកស្រាយនិងកំណត់គោលជំហររបស់ខ្ញុំផងដែរ»។ 
 


 
Ronaldo ក៏បន្ថែមទៀតថារូបគេមិនអាចទ្រាំនៅបន្តនៅស្ងៀមស្ងាត់ទៀតនោះទេដោយថាមិនអាចបណ្តោយឲ្យមនុស្សគ្រប់គ្នាយកឈ្មោះគេមកលេងសើចបាននោះទេ។ «វាប្រៀបដូចជាការមិនគោរពដល់រូបខ្ញុំទាល់តែសោះ សម្រាប់ខ្ញុំជាបុរសម្នាក់ក៏ជាកីឡាករម្នាក់ វាតូចតាចណាស់ដែលថាអនាគតរបស់ខ្ញុំត្រូវគ្របដណ្តប់ដោយប្រព័ន្ធផ្សពផ្សាយ ដូចមិនគោរពដល់ក្លឹបទាំងអស់ ដែលពាក់ព័ន្ធនឹងពាក្យចរចាមអារ៉ាមទាំងនេះ ក៏ដូចជាកីឡាកររបស់ក្លិបទាំងនោះដូចរូបខ្ញុំដែរ»។ នេះបើតាមខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ ដែលបានឆ្លើយតបពាក្យចរចាមអារ៉ាមថា រឿងរ៉ាវនៅក្លិប Real Madrid  បានកត់ត្រាទុករួចរាល់ហើយ វាប្រៀបបានទៅនឹងសារៈមន្ទីរមួយ នឹងជាអតីតក្លិបដ៏ល្អសម្រាប់រូបគេ។ 
 
ដោយឡែកអតីតគ្រូបង្វឹករបស់ Ronaldo គឺលោក Carlos Ancelotti ក៏បានជួយការពារ Ronaldo ដែរថា លោកបានគោរពស្រលាញ់ចំពោះកីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ ហើយផ្តល់ការគោរពរៀងរហូត ។ លោក Ancelotti ក៏បានបញ្ចាក់ទៀតថា លោកត្រូវការផ្តោតអារម្មណ៍លើការដឹកនាំក្រុមបន្តទៅមុខតែប៉ុណ្ណោះ។

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com