ជាតិ
អូស្ត្រាលី ផ្ដល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល
19, Aug 2021 , 8:59 pm        
រូបភាព
រូបថត៖ ស្ថានទូតអូស្រ្តាលី
រូបថត៖ ស្ថានទូតអូស្រ្តាលី
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានផ្ដល់ជំនួយ ៦៥លានដុល្លារដើម្បីគាំទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា  ដែលបានប៉ះពាល់ដោយសារកូវីដ-១៩។



សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី ១៨ ខែសីហា បញ្ជាក់ថា កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ (AIP)។ ជាមួយគ្នានេះ ប្រទេសអូស្រ្តាលី នឹងផ្ដល់ធនធានថ្មី ដើម្បីគាំទ្រកម្ពុជាធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ 
 
លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្រ្តាលីគាំទ្រកម្ពុជាលើកិច្ចការមួយចំនួនទៀតដូចជា  ការបង្កើតសួនកសិឧស្សាហកម្ម កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
 
ឯកអគ្គរាជទូតអូស្រ្តាលីរូបនេះ អះអាងដូច្នេះ៖ «កម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ពួកយើងនឹងជួយផ្ដួចផ្ដើមដំណើរការវិស័យកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសក្ដានុពលពិត ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ»។  
 
សេចក្ដីប្រកាសព័ត៌មានដដែល បន្ថែមថា ជំនួយរបស់CAVACនេះ នឹងជួយឱ្យកម្ពុជាទាក់ទាញវិនិយោគទុនពីអន្តរជាតិលើវិស័យកសិចំណីអាហារបន្ថែម។ កម្ពុជា នឹងអាចប្រកួតប្រជែងជាមួយស្ថាប័នកែច្នៃចំណីអាហាររបស់ប្រទេសជិតខាង។ 
 
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក។ លោក អូន ព័ន្ធមុនីរ័ត្ន បានគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមដល់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ។
 
លោក អូន ព័ន្ធមុនីរ័ត្ន  បញ្ជាក់ដូច្នេះ៖ «ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី  នឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩»។
 
គម្រោងភាពជាដៃគូមេអង្គ អូស្រ្តាលី គឺជាកញ្ចប់ថវិកាជំនួយចំនួន២៣២លានដុល្លារអូស្រ្តាលី ដើម្បីជួយដល់កម្ពុជាស្ដារសេដ្ឋកិច្ចឡើងវិញ។ តាមរយៈគម្រោងនេះ បានជួយកម្ពុជាកបង្កើតថាមពលកកើតឡើងវិញ ផ្ដល់ជំនួួយដល់ធនធានទឹក ផ្ដល់អាហារូបករណ៍សន្តិសុខបច្ចេកវិទ្យា និងពង្រឹងវិនិយោគទុន៕ 
 

Tag:
 អូស្រ្តាលី
  កសិកម្ម
  ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com