កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកហែលទឹកវៀតណាម ស្លាប់អំឡុងចត្តាឡីស័ក ក្រោយត្រឡប់ពីអូឡាំពិកតូក្យូ
19, Aug 2021 , 4:04 pm        
រូបភាព
លោក Huang Guohui (ស្តាំ) គ្រូបង្វឹកក្រុមហែលទឹកវៀតណាម
លោក Huang Guohui (ស្តាំ) គ្រូបង្វឹកក្រុមហែលទឹកវៀតណាម
លោក Huang Guohui គ្រូបង្វឹកក្រុមហែលទឹកវៀតណាមនៅព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ឆ្នាំ២០២០ បានស្លាប់អំឡុងពេលចត្តាឡីស័ក បន្ទាប់ពីត្រឡប់ពីប្រទេសជប៉ុនវិញ។


គ្រូបង្វឹកជនជាតិចិនដែលមានឈ្មោះ ជាភាសាវៀតណាម Hoang Quoc Huy ត្រូវបានកាសែត និងទស្សនាវដ្តីអាមេរិក Swimming World ផ្សាយថា បានស្លាប់នៅក្នុងសណ្ឋាគារមួយ នៅទីក្រុងហាណូយ ខណៈលោកត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ហារការឆ្លងជំងឺកូវីដ-១៩ ជាមួយក្រុមកីឡាអូឡាំពិកវៀតណាមដទៃទៀត។
 
មូលហេតុនៃការស្លាប់របស់លោក Guohui មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែកាសែតវៀតណាម VnExpress រាយការណ៍ថា អាជ្ញាធរដាក់ការសង្ស័យជាការធ្វើអត្តឃាត។ យ៉ាងណាអ្នកជំនាញ កំពុងស៊ើបអង្កេតរកការពិត។
 
លោក Trần Đức Phấn ប្រធានបេសកកម្មរបស់គណៈកម្មាធិការអូឡាំពិកវៀតណាម បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា លោក Guohui បានទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ពោលគឺក្រោយត្រឡប់ពីអូឡាំពិករដូវក្តៅប្រហែល៤ថ្ងៃ។
 
លោក Guohui ត្រូវបានអាជ្ញាធរកីឡាវៀតណាមចាត់ទុកជាវីរបុរស ចាប់តាំងពីលោកចូលធ្វើការជាគ្រូកីឡាហែលទឹកជម្រើសជាតិវៀតណាម នៅឆ្នាំ២០០៣មក។ ក្រោមការបង្វឹករបស់លោក អត្តពលិកហែលទឹកវៀតណាមឈ្នះមេដាយជាច្រើន ក្នុងកីឡាស៊ីហ្គេម (SEA Games) និងកីឡាអាស៊ី Asian Games ជាដើម៕
 

Tag:
 Huang Guohui
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com