ជាតិ
ពីនេះ ពីនោះ
«តំណាល»មានន័យខុសពី«ដំណាល»ដូចម្តេច?
12, Apr 2023 , 7:29 am        
រូបភាព
«តំណាល» និង«ដំណាល»គឺជាពាក្យដែលមានសូរសៀងស្រដៀងគ្នា។ ប៉ុន្តែពាក្យទាំងពីរនេះមានន័យខុសគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«តំណាល» មានថ្នាក់ពាក្យជាកិរិយាសព្ទផង និងនាមសព្ទផង។ ជាកិរិយាសព្ទ«តំណាល» មានន័យថា និយាយ​បូរបាច់, ប្រាប់, ថ្លែង, ពោល ពណ៌នា នូវ​រឿង, ហេតុ, ដំណើរ អ្វី​មួយ ដែល​កន្លង​ហួស​ទៅ យូរ​ហើយ ឲ្យ​គេ​ស្ដាប់។  ជីតា​ខ្ញុំ​បាន​តំណាល​ថា កាល​ជំនាន់​គាត់​ពី​ក្មេង ក្នុង​ប្រទេស​ខ្មែរ​យើង ស្រូវ ៨០ ថាំង​រាយ​ថ្លៃ​មួយ​ណែន (១៦ រៀល), ប៉ុន្តែ​កាល​ក្នុង​ជំនាន់​នោះ​ក្រ​ប្រាក់​ណាស់, ខ្ញុំ​ចេះ​រឿង​នេះ​ដោយ​សារ​ចាស់​ៗ​តំណាល​ប្រាប់។ 
 
«តំណាល» មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា រឿង​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ, រឿង​ដែល​គេ​បាន​ដឹង​ដោយ​សារ​ចាស់​ទុំ​និយាយ​ប្រាប់​ត​ៗ​គ្នា​មក, ច្រើន​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ រឿង មាន​ទំនង​ស្ទើរ​ជា គុ. : រឿង​តំណាល រឿង​បរម្បរា។​
 
ចំណែក«ដំណាល»  មានថ្នាក់ពាក្យជាគុណសព្ទ មានន័យថា  ដែល​ស្មើ​អាយុ​គ្នា, ស្មើ​ឆ្នាំ​គ្នា, ស្មើ​កាល​គ្នា។ អ្នក​នឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាល​គ្នា; ចេញ​ទៅ​ក្នុង​ពេល​ដំណាល​គ្នា ។  «ដំណាល»មានថ្នាក់ពាក្យជាកិរិយាសព្ទវិសេសន៍ មានន័យថា ព្រម​គ្នា, ជា​មួយ​គ្នា។ ទៅ​ដំណាល​គ្នា, មក​ដល់​ដំណាល​គ្នា៕​
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com