ជាតិ
សង្គមជាតិ
អាល់កុលក្លែងក្លាយជិត១តោន ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ រឹបអូស
20, Aug 2021 , 11:41 am        
រូបភាព
អាល់កុលក្លែងក្លាយត្រូវបានមន្ត្រីក.ប.ប.ខេត្តបន្ទាយមានជ័យរឹបអូសបាន។ រូបភាពពីក.ប.ប.
អាល់កុលក្លែងក្លាយត្រូវបានមន្ត្រីក.ប.ប.ខេត្តបន្ទាយមានជ័យរឹបអូសបាន។ រូបភាពពីក.ប.ប.
ភ្នំពេញ៖ អាល់កុលក្លែងក្លាយ ដែលមានលាយសារធាតុមេតាណុលជិត១តោន ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ រឹបអូសពីឈ្មួញលក់ដូរនៅតាមទីផ្សារខេត្ត។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)។​

 
បើតាមក.ប.​ប ក្នុងចំណោមអាល់កុលក្លែងក្លាយជិត១តោននោះ គឺអាជ្ញាធរប្រមូល និងដកហូតអាល់កុលចំនួន៩៦០លីត្រ ដើម្បីត្រួតពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់។ ក.ប.ប ​បានបញ្ជាក់ឲ្យដឹងថា ក្រោយពីមន្ត្រីក.ប.ប. ត្រួតពិនិត្យទឹកអាល់កុលទាំងនោះ គឺទឹកអាល់កុលនោះមានលាយសារធាតុមេតាណុល។
 
ក.ប.ប.​​បានបញ្ជាក់ថា ការឈានដល់ប្រតិបត្តិការរឹបអូសទឹកអាល់កុលក្លែងក្លាយទាំងនេះ គឺស្របពេលដែលមន្ត្រីក.ប​.ប ចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ។​
 
សូមបញ្ជាក់ថា ៧ខែឆ្នាំ២០២១ ដែលចាប់ពីខែមករា ដល់ខែកក្កដានេះ ក.ប.ប បានរឹបអូស និងបង្ក្រាបបានអាល់កុលក្លែងក្លាយ បានចំនួន៩៦តោន ដែលឈ្មួញដាក់ចរាចរខុសច្បាប់ក្នុងទីផ្សារទូទាំងប្រទេស។ 
 
ក.ប​.ប បានអះអាងថា ការដាក់លក់អាល់កុលក្លែងក្លាយនេះ គឺជាការបំពានទៅលើច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបំពានលើវិធានការទប់ស្កាត់នៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក.ប.​ប ​បានបញ្ជាក់ថា ការប្រើប្រាស់ទឹកអាល់កុលក្លែងក្លាយនេះ នឹងធ្វើឲ្យខាតខូចផលប្រយោជន៍សេដ្ឋកិច្ចជាង ជាពិសេសប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់៕ 
 
 

Tag:
 អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com