ជាតិ
សង្គមជាតិ
កម្ពុជា និងARMAC រួមគ្នាលើកកម្ពស់ជនពិការដោយសារមីន នៅតំបន់អាស៊ា​ន​
20, Aug 2021 , 7:59 pm        
រូបភាព
អាជ្ញាធរមីនកម្ពុជា និងមជ្ឈមណ្ឌលតំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​(​ARMAC) កាលពីថ្ងៃទី១៩ សីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការអនុវត្តគម្រោង «លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការដោយ សារមីននៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន» ។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាង លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូត​ប្រ៊ុយណេ​ប្រចាំ​កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំ នៃ​ARMAC។

 
លោក លី ធុជ ប្រធានអាជ្ញាធរមីនកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ​​ការចុះកិច្ចព្រមព្រៀងលើក​នេះ គឺជាព្រឹត្តិ​ការណ៍សំខាន់មួយទៀតរបស់ARMAC ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់អាស៊ាន តាំងពីឆ្នាំ២០១៧​មក។ នេះគឺជាការចុះហត្ថលេខាលើកទី២ហើយរវាងអាជ្ញាធរមីន និងARMAC ។ 
 
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ប្រធានអាជ្ញាធរមីនកម្ពុជា ចាត់ទុកសកម្មភាព​រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាការរួមចំណែកសកម្មភាពមីននៅកម្ពុជា និងតំបន់អាស៊ាន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ។ បើតាម លោក លី ធុជ ការជួយជ្រោមជ្រែងនេះ ​​បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។ 
 
សូមជម្រាបថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ប្រទេសកូរ៉េខាងត្បូង ក៏បានផ្តល់ជំនួយ ថវិកា​១០លានដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតមីននិងការសង្រ្គោះជនពិការ ដោយសារមីននៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។ ជំនួយឥតសំណង១០លានដុល្លាររបស់​កូរ៉េនេះ ជាគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR I​V) សម្រាប់រយៈពេល៥ឆ្នាំ ពោលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ​
 
 
ក្រៅពីសាធារណរដ្ឋកូរ៉េ មានបណ្តាប្រទេស ​និងស្ថាប័នជាច្រើនទៀតដែលបានផ្តល់ជំនួយក្នុងសកម្មភាព កម្ចាត់មីននៅកម្ពុជា ដែលមានដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលសេឡង់ អៀរឡង់ UNDP , UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
 
សូមជម្រាបថា គម្រោង«លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការដោយសារមីននៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន» ​​ផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ គម្រោងនេះមានការគាំទ្រមូលនិធីពីសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ(AKCF)។
 
គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈមនឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវ របស់អង្គភាពសកម្មភាពមីនពាក់ព័ន្ធ នៅក្នុងប្រទេសសមាជិកអាស៊ាន៕
 

Tag:
 មីន
 ជន​ពិការ​
 អាស៊ា​ន​
© រក្សាសិទ្ធិដោយ thmeythmey.com