ជាតិ
សង្គមជាតិ
មានតែខេត្តកែប និងក្រចេះប៉ុណ្ណោះ ដែលមិនទាន់មានកូវីដ-១៩បំប្លែងថ្មី«Delta»
21, Aug 2021 , 11:32 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»សរុបចំនួន៨៣៦ករណីហើយ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ  ។ ជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»នេះ បានរាលដាលដល់រាជធានីខេត្តចំនួន២៣ ប៉ុន្តែមានតែ២ខេត្តប៉ុណ្ណោះ ដែលមិនទាន់មានករណី«Delta»។

 
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមរាជធានីខេត្តទាំង២៣ ដែលតេស្តឃើញជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»ច្រើនជាងគេ គឺខេត្តរាជធានីភ្នំពេញមាន១៦៨ករណី ខេត្តឧត្តរមានជ័យ១៦៥ករណី សៀមរាប១៣០ករណី និងបន្ទាយមានជ័យ១១៦។ 
 
ចំពោះខេត្តព្រះវិហារមាន៤២ករណី,ខេត្តស្វាយរៀង៣០ករណី,​ខេត្តកំពង់ធំ៣៤ករណី ខេត្តបាត់ដំបង២២ករណី, ប៉ៃលិន២៧ករណី,ត្បូងឃ្មុំ១២ករណី,កំពង់ចាម១៨ករណី និងកណ្តាល២៣ករណី។​
 
សម្រាប់ខេត្តរតនៈគិរី កំពង់ស្ពឺ,ព្រៃវែង,កំពត,​ស្ទឹងត្រែង,​កំពង់ឆ្នាំង,ពោធិ៍សាត់,​កោះកុង,មណ្ឌលគិរី,ព្រះសីហនុ និងតាកែវ គឺសុទ្ធតែមានត្រឹម១០ករណីចុះក្រោម។ ចំណែកខេត្តកែប និងខេត្តក្រចេះ​ គឺមិនទាន់មានករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី«ដែលតា»នៅឡើយទេ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ 
 
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្កេតឃើញថា ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍មានសន្ទុះកើនឡើង គឺដោយសារតែមានក្រុមយុវជនមួយចំនួន បានដើរចេញក្រៅផ្ទះ ឬជួបជុំមិត្តភក្តិ ដោយមិនអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ។ 
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនំាដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចេះការពារខ្លួន និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទើបជៀសផុតពីជំងឺកូវីដ-១៩។
 លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ពលរដ្ឋដូច្នេះថា៖«សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនឯង កុំនាំវីរុសកូវីដ-១៩​មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេសឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយក្នុងគ្រួសារ»។​
 
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៨.២៤២​នាក់ ក្នុងនោះ១៣.៨០៤ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន​៨៣.៨៥១​នាក់  និង​ស្លាប់​សរុប ១.៧៦២​នាក់​៕

Tag:
 ជំងឺកូវីដ-១៩ បំប្លែងថ្មី«ដែលតា
© រក្សាសិទ្ធិដោយ thmeythmey.com