ជាតិ
សង្គមជាតិ
កម្ពុជាកំពុងស្វែងរកក្រុមហ៊ុនបរទេសមួយ ដែលដាក់រូបអង្គរវត្តលើផលិតផលគុយទាវ ដោយគ្មានការអនុញ្ញាត
22, Aug 2021 , 3:44 pm        
រូបភាព
គុយទាវ ដែលបានប្រើឈ្មោះជាភាសាវៀតណាម Nam Vang Noodle ដោយដាក់រូបអង្គរវត្តនៅលើកញ្ចប់ផលិតផល (រូបពីហ្វេសប៊ុក)
គុយទាវ ដែលបានប្រើឈ្មោះជាភាសាវៀតណាម Nam Vang Noodle ដោយដាក់រូបអង្គរវត្តនៅលើកញ្ចប់ផលិតផល (រូបពីហ្វេសប៊ុក)
ដោយ:
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្រាវជ្រាវរកក្រុមហ៊ុនបរទេសមួយ ដែលផលិតគុយទាវមួយប្រភេទ ដាក់រូបអង្គរវត្តសម្រាប់លក់នៅទីផ្សារអន្តរជាតិ។ នេះបើតាមលោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗថា លោកបានស្នើឲ្យក្រសួងពាណិជ្ជកម្ម ស្រាវជ្រាវរកប្រភពដើមនៃក្រុមហ៊ុននោះហើយ។​

 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងបានរកឃើញគុយទាវ ដែលបានប្រើឈ្មោះជាភាសាវៀតណាម Nam Vang Noodle ដោយដាក់រូបអង្គរវត្តនៅលើកញ្ចប់ផលិតផល ។ 
 
«ប្រាសាទនៅស្រុកខ្មែរ ជួនកាលគេយកដាក់ជាផលិតផលវត្ថុអនុស្សាវរីយ៍ ដូចជាEiffel Tower គឺយើងអត់អាចទៅចាប់គេបានទេ។ ពីព្រោះគេលើកតម្កើង។ ប៉ុន្តែបើយើងនិយាយពីផ្នែកពាណិជ្ជកម្ម គឺខុសហើយ យកផលិតផលមួយ ដែលជាអត្តសញ្ញាណនៃប្រទេសមួយ ទៅប្រើធ្វើជាផលិតផលរបស់ខ្លួន។ នៅក្នុងអនុសញ្ញាទីក្រុងបារីស គឺវាខុស គឺយើងមានសិទ្ធិប្តឹង»។ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបរាប់បែបនេះ។
 
ស្ថិតក្នុងការស្រាវជ្រាវ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនទាន់អាចបញ្ជាក់ថា ទំនិញនោះផលិតដោយក្រុមហ៊ុននៅប្រទេសណាមួយនៅឡើយទេ។ តែជាជំហានដំបូងក្រសួងដាក់ការសង្ស័យទំនិញនោះ គឺកំពុងចរាចរនៅតាមទីផ្សារអាមេរិក។ តែយ៉ាងណាក្រសួងនឹងចាត់វិធានការបញ្ឃប់ការផលិតដោយប្រើរូបអង្គរវត្តជាបន្ទាន់។ 
 
ជុំវិញករណីនេះ ក្រសួងពាណិជ្ជកម្មកំពុងតែស្រាវជ្រាវ និងប្រមូលព័ត៌មានជាក់លាក់អំពីការយកអត្តសញ្ញាណកម្ពុជា ទៅដាក់លើផលិតបរទេសដោយគ្មានការអនុញ្ញាតនេះហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៕

Tag:
 ផលិតផល
© រក្សាសិទ្ធិដោយ thmeythmey.com