ជាតិ
ទូកលើគោក៖ អ្នកនេសាទមួយគ្រួសារ​ យកទូកធ្វើផ្ទះរស់នៅ​លើគោក តាមដីសាធារណៈ
23, Aug 2021 , 8:59 am        
រូបភាព
ផ្ទះ-ទូក របស់ ប៊ូត ប៊ុនឡំ និងគុយ កូឡាប នៅលើចិញ្ចើមផ្លូវសាធារណៈ។ រូបភាព៖ ឈុត ឈាណា
ផ្ទះ-ទូក របស់ ប៊ូត ប៊ុនឡំ និងគុយ កូឡាប នៅលើចិញ្ចើមផ្លូវសាធារណៈ។ រូបភាព៖ ឈុត ឈាណា
ដោយ:
ប៊ូត ប៊ុនឡំ និង​ គុយ កូឡាប​ ព្រមទាំងកូនស្រីពីរ ប្រុសម្នាក់​ រស់នៅក្នុងទូក តែមិននៅលើទឹកទេ។ ពួកគេបានច្នៃទូករបស់ពួកគេធ្វើជាផ្ទះ ហើយចតនៅលើដីសាធារណៈក្បែរផ្លូវ ជាប់វត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ទូក​នេះ គឺជាចំណងដៃអាពាហ៍ពិពាហ៍ ពីឪពុកម្តារបស់យកូឡាប កាលពីជាង ១០ឆ្នាំមុន សម្រាប់ពួកគេប្រកបរបរនេសាទត្រីចិញ្ចឹមជីវិត។​ ប៉ុន្តែ រយៈពេល៤-៥ឆ្នាំចុងក្រោយនេះ កម្រិតកម្ពស់ទឹកបឹងទន្លេសាបមានការប្រែប្រួល​​ បានធ្វើឱ្យផលនេសាទ​ធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែ ៧០ភាគរយ។

 

ប៊ូត ប៊ុនឡំ និងគុយ កូឡាប​ ព្រមទាំងកូនទាំងបីនៅក្នុងទូក​លើគោក។ រូបភាព៖ ឈុត ឈាណា
 
 ទូក ត្រូវការជួសជុលជាចាំបាច់។ ចំណូលបានមកពីការនេសាទ មិនគ្រប់នឹងការចំណាយ​លើការចេញទៅនេសាទត្រី​។ ​ប្តីប្រពន្ធមួយគូនេះ ក៏បានសម្រេចចិត្តឈប់ចេញទៅ​នេសាទត្រីដោយខ្លួន​ឯង។ ប៊ូត ប៊ុនឡំ និយាយថា៖ «ខ្ញុំចេញទៅនេសាទដែរ ប៉ុន្តែពុំបានត្រី។ ខាតប្រាក់លើថ្លៃប្រេងឥន្ធនៈរហូត។ ខ្ញុំក៏សម្រេចចិត្តឈប់ចេញទៅនេសាទដោយខ្លួនឯង ហើយស៊ីឈ្នូលនេសាទត្រីឱ្យគេជំនួសវិញ។ ខ្ញុំគ្មានដីកម្មសិទ្ធិសម្រាប់​សង់ផ្ទះឡើយ។ ទឹកជំនន់រដូវវស្សាចូលមកដល់ ខ្ញុំអូសទូក-ផ្ទះ ទៅរកទីទួលសុវត្ថិភាព​ស្នាក់នៅបណ្តោះអាសន្ន។ ពេលទឹក​ស្រក ខ្ញុំអូសទូក-ផ្ទះមកចតក្បែរវត្ត លើដីចំណីផ្លូវសាធារណៈវិញ ដូចឃើញក្នុងរូបភាពនេះស្រាប់»។ 
 

ប៊ូត ប៊ុនឡំ និងគុយ កូឡាប​ ព្រមទាំងកូនទាំងបីនៅខាងក្រៅទូក។ រូបភាព៖ ឈុត ឈាណា
 
បឹងទន្លេសាប គឺជាបឹងដ៏ល្បីដែលសម្បូរទៅដោយជីវៈចម្រុះ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ បឹងទន្លេសាប ហាក់​សម្បូរដោយ​អ្នកនេសាទ តែខ្សត់ត្រីទៅវិញ។ ស្ថានភាពបែបនេះ បានធ្វើឱ្យអ្នកនេសាទជាច្រើនគ្រួសារ បោះបង់របរតកូនតចៅនេះចោល ទៅប្រកបរបរចិញ្ចឹមជីវិតផ្សេងវិញ។ គ្រួសារខ្លះ​ បានសម្រេចចិត្តធ្វើចំណាកស្រុក ទៅរកការងារតាមទីប្រជុំជននានា ខណៈគ្រួសារខ្លះ ដែលរកឃើញវិធីសាស្រ្តថ្មី ក៏នៅបន្តរបរនេសាទត្រីតទៅទៀត ដូចគ្រួសារ ប៊ូនឡំ ជាដើម។ ឯគ្រួសារខ្លះ​ ទៅបានកាប់រានព្រៃលិចទឹកជុំវិញបឹង​ ដើម្បីដាំដំណាំផ្សេងៗ ដែលជាកត្តាគំរាមកំហែងយ៉ាងខ្លាំងបន្ថែមទៀត ដល់ធនធានជលផលក្នុងបឹង​។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជានេសាទ ដែលរស់នៅ​ក្បែរព្រៃលិចទឹកជុំវិញបឹងទន្លេសាប សូមមេត្តាកុំកាប់រានព្រៃលិចទឹកដ៏មានសារៈសំខាន់នេះ។ សូមចូលរួមថែរក្សាការពារបឹងទ​ន្លេសាប កុំឱ្យទៅក្លាយទៅជាបឹងសម្បូរដោយអ្នកនេសាទតែខ្សត់ត្រី នាថ្ងៃអនាគត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com