ជាតិ
សង្គមជាតិ
យូនីសេហ្វ៖ កុមារ៣ពាន់លាននាក់ លើពិភពលោក រងប៉ះពាល់ដោយសារវិបត្តិអាកាសធាតុ
23, Aug 2021 , 8:59 pm        
រូបភាព
ទិដ្ឋភាព កុមារ និងក្រុមគ្រួសារកំពុងតែស្ថិតនៅក្នុងតំបន់ជំនន់។_រូបភាពពីUNICEF Cambodia
ទិដ្ឋភាព កុមារ និងក្រុមគ្រួសារកំពុងតែស្ថិតនៅក្នុងតំបន់ជំនន់។_រូបភាពពីUNICEF Cambodia
ដោយ:
ភ្នំពេញ៖ កុមារជាង៣ពាន់លាននាក់ នៅលើពិភពលោក បានរងប៉ះពាល់ដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ។ កម្ពុជាប់ចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោម១៦៣ប្រទេស ពាក់ព័ន្ធបញ្ហាអាកាសធាតុ។ នេះបើតាមរបាយការណ៍របស់អង្គការUNICEF។

 
របាយការណ៍អង្គការយូនីសេហ្វ បានបញ្ជាក់ថា ក្នុងចំណោមកុមារ៣ពាន់លាននាក់នោះ គឺមានកុមារ២៤០លាននាក់ ប្រឈមគ្រោះទឹកជំនន់នៅតាមតំបន់ឆ្នេរ,កុមារ៣៣០លាននាក់ រងគ្រោះទឹកជំនន់តាមមាត់ទន្លេ, កុមារ៤០០លាននាក់ រងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូន,កុមារ៤០០លាននាក់ ងាយរងជំងឺឆ្លង,កុមារ៨១៥លាននាក់​ ប្រឈមការបំពុលបរិយាកាស ដោយសារសារធាតុសំណ,កុមារ៨២០លាននាក់ រងបញ្ហារលកកម្តៅ,​កុមារ៩២០លាននាក់ ជួបបញ្ហាខ្វះទឹក និង​កុមារ១ពាន់លាននាក់ ជួបហានិភ័យបំពុលខ្យល់។ 
 
របាយការណ៍ដដែល បានបញ្ជាក់ថា បច្ចុប្បន្នប្រទេស១៦៣ កំពុងងាយរងគ្រោះដោយសារវិបត្តិប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ក៏រងឥទ្ធិពល​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ ទោះបីប្រទេស​នេះស្ថិតក្នុងកម្រិត​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក៏ដោយ​។​របាយការណ៍ បានសង្កត់ធ្ងន់ថា វិបត្តិទាំងនេះហើយ គឺធ្វើឲ្យប៉ះពាល់ និងគំរាមកំហែងដល់សុខុមាលភាព សុខភាព ការអប់រំ និងកិច្ចការការពារកុមារ។ 
 
លោកស្រី Marcoluigi Corsi នាយកស្តីទីប្រចាំតំបន់របស់យូនីសេហ្វ បានលើកឡើងថា កុមារ និងក្មេងជំទង់ គឺជាក្រុមមនុស្ស ដែលងាយទទួលរងប៉ះពាល់ពីការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរជាងគេ។ លោកស្រី​មានប្រសាសន៍ដូច្នេះថា៖«កុមារ នៅតាមប្រទេស នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងស្ថិតនៅជួរមុខប្រឈមនឹងផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ហើយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដែលពួកគេជួបប្រទះចាប់ពី រលកកម្តៅដែលអាចផ្តាច់ផ្តិលជីវិត និងគ្រោះរាំងស្ងួត រហូតដល់គ្រោះទឹកជំនន់ រហូតដល់ភ្លើងឆេះព្រៃ កាន់តែមានសភាពធ្ងន់ធ្ងរ និងខ្លាំងក្លា»។
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ក៏បានមើលឃើញថា ការបម្រែបម្រួលអាកាសធាតុ គឺបានធ្វើឲ្យពិភពលោកក្លាយជាកន្លែងហានិភ័យ សម្រាប់ការរស់នៅ និងការលូតលាស់ធំធាត់របស់កុមារ ដែលទាមទារឲ្យប្រទេសនីមួយៗ រួមគ្នាកាត់បន្ថយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការវិនិយោគលើការបន្សុំា និងបង្កើនភាពធន់នឹងអាកាសធាតុ។
  
លោកស្រីនាយិកាយូនីសេហ្វប្រចាំកម្ពុជា បានរៀបរាប់ដូច្នេះថា៖«យើងអាចទប់ស្កាត់បញ្ហានេះ មិនឲ្យក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរបាន ប្រសិនបើយើងចាប់ ផ្តើមចាត់វិធានការ។ យើងចំាបាច់ត្រូវធ្វើកាវិនិយោគលើសេវា ដែលកុមារពឹងអាស្រ័យ ដើម្បីរស់រាន និងអភិវឌ្ឍ  ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកស្អាត សេវាថែទាំសុខភាព និងអប់រំ ជាដើម ក៏ដូចជាធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទាំងនេះកាន់តែមានភាពធន់។ ប្រព័ន្ធនឹងសេវាដែលរឹងមាំ នឹងជួយការពារអនាគតកុមារ ពីផលប៉ះពាល់ ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ និងការរេចរឹលបរិស្ថាន»៕ 
 

Tag:
 កុមារ
 ​អាកាសធាតុ
 ​ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com