ជាតិ
ស្រូវ៥៥០ហិកតានៅខេត្ត​ប៉ៃលិន ត្រូវ​បានជួយសង្រ្គោះ
23, Aug 2021 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន
ភ្នំពេញ៖ ដំណាំស្រូវចំនួន ៥៥០ហិកតា នៅខេត្ត​ប៉ៃលិន ដែលរងផលប៉ះពាល់ដោយសារការខ្វះខាតទឹកស្រោចស្រព ត្រូវ​បានរដ្ឋបាលខេត្ត​ប៉ៃលិន​ជួយសង្រ្គោះ។ លោកស្រី បាន ស្រីមុំអភិបាលខេត្ត​ប៉ៃលិន បាន​ចុះអន្តរាគមន៍​បើកទំនប់ប្រឡាយទឹក ដើម្បី​ជួយសង្រ្គោះដំណាំស្រូវ​របស់កសិករ ដែលជួបបញ្ហាបិទខ្ទប់ប្រឡាយទឹក។



ក្រោយដំណាំស្រូវរបស់ប្រជាកសិករ​នៅ​ឃុំ​សាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៥៥០ហិកតា ជួប​​បញ្ហាខ្វះខាតទឹក​ស្រោចស្រព កាល​ពី​ថ្ងៃទី​២១ ខែ​សីហា លោកស្រី បាន​ ស្រីមុំ អភិបាលខេត្ត​ និង​មន្រ្តី​ជំនាញ បាន​ចុះ​បើក​ទំនប់ទឹកមួយកន្លែង ដែល​ពលរដ្ឋមួយចំនួន​នាំ​គ្នា​បិទខ្ទប់ទុកសម្រាប់បង្ហូរចូលស្រែខ្លួនឯង។ ជុំវិញ​បញ្ហាបិទខ្ទប់ទឹកក្នុង​ប្រឡាយនេះ លោកស្រី បាន ស្រីមុំ បាន​ចុះ​អន្តរាគមន៍​ និង​ដោះស្រាយបញ្ហាដែលកើតឡើងជាច្រើនឆ្នាំមក​ហើយជូនប្រជាកសិករក្នុងតំបន់នោះ។
  

រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន

បន្ទាប់ពី​ពិនិត្យឃើញ​បញ្ហាខាងលើ លោកស្រី បាន ស្រីមុំ អំពាវនាវដល់កសិករទាំងអស់យ៉ាងដូច្នេះ៖ «កសិករ ដែលមានដីស្រែនៅជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗផងដែរ»។ 
 
ដើម្បី​ជួយសង្រ្គោះ​ដំណាំស្រូវរបស់ប្រជាកសិករ ដែលមានដីស្រែខាងក្រោមៗ ខ្វះប្រព័ន្ធទឹកទៅដល់ អភិបាលខេត្ត​ប៉ៃលិន ក៏បញ្ជាឱ្យ​មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជីកកកាយប្រឡាយទឹកបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ សំណូមពរដល់កសិករដែលមានដីស្រែចំកន្លែងជីកកាយប្រឡាយ ត្រូវ​មានកិច្ចសហការ និងអាធ្យាស្រ័យ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា៕ 
 

រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន

រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន

រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តប៉ៃលិន


Tag:
 កសិកម្ម
  ប៉ៃលិន
  ស្រូវ
  រាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com