កំណាព្យ
ជាតិ
«មិនដូចរៀមច្បង»
23, Aug 2021 , 5:08 pm        
រូបភាព
និពន្ធកំណាព្យ ដោយ ៖ លោក ម៉ុក សាខន

ថ្ងៃទី២៣ ខែសីហា នេះ ជាថ្ងៃខួបកំណើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ លោកកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ​១៩៣៣ ហើយបានទទួលមរណភាព​ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​១៩៧៦។ លោក ម៉ុក សាខន ដែលជាកវីនិពន្ធមួយរូប បាន​សរសេរកំណាព្យមួយ មានចំណងជើងថា «មិនដូចរៀមច្បង» ដើម្បីឧទ្ទិសជូនអធិរាជសំឡេងមាស។



សារព័ត៌មាន​ទទួលការអនុញ្ញាតដើម្បីផ្សាយ​កំណាព្យដែលមានអត្ថន័យដូចខាងក្រោម៖
 
១_បើកស្ដាប់ចម្រៀងផ្ទៀងផ្ទាប់សោតា 
ទឹកដមវាចាមហាកវី 
ស៊ីនស៊ីសាមុតវិសុទ្ធសម្ដី
កេរ្តិ៍ឈ្មោះល្បាញល្បីពេញផ្ទៃរដ្ឋា។
 
២_ខ្ញុំក្មេងជាន់ក្រោយខ្សត់ខ្សោយអក្ខរៈ
វិស័យសិល្បៈឆ្លាក់ជាប់ចិន្តា
ចង់ល្បីដូចលោកខ្វះជោគវាសនា
សំឡេងស្អកស្អាហាមិនសក្ដិសម។
 
៣_ខំច្រៀងខំស្តាប់ខំត្រាប់ខំត្រង
សំឡេងរៀមច្បងចងមន្តសណ្តំ 
ដក់ដាមដិតជ្រៅនៅក្នុងអារម្មណ៍
នេះពិតជាចំសមស្តេចសំនៀង។
 
៤_សំនៀងសំនួនក្រអួនក្រឳ
នាំចិត្តដិតដៅជ្រៅក្នុងចម្រៀង
រសអត្ថន័យប្រពៃឥតល្អៀង
ជាស្ដេចម្រៀងសូរសៀងអមតៈ ។
 
៥_ដូច្នេះបងប្អូនកូនខ្មែរគ្រប់គ្នា
រួមសមគ្កាការពារសិល្ប:
ឲ្យរីកចម្រើនកើនទៅឥតអាក់
បង្ហាញលក្ខណ:អារ្យធម៌ខ្មែរ។

© រក្សាសិទ្ធិដោយ thmeythmey.com