ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ភារៈផ្ទាល់ខ្លួនមួយរបស់សម្តេច ស ខេង នៅបារាំង ទំនងជាពិនិត្យសុខភាព
24, Aug 2021 , 7:59 pm        
រូបភាព
សម្តេច ស ខេង ធ្វើដំណើរឡើងយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ កាលពីខែកញ្ញា ឆ្នាំ២០១៩។_
សម្តេច ស ខេង ធ្វើដំណើរឡើងយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ កាលពីខែកញ្ញា ឆ្នាំ២០១៩។_
លោក ខៀវ សុភ័គ នាយខុទ្ទកាល័យរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អាចត្រឹមនិយាយថា សម្តេច ស ខេង ទៅប្រទេសបារាំង ដោយសារមានភារកិច្ចផ្ទាល់ខ្លួន។ លោក លើកឡើងថា លោក មិនអាចដឹងថា សម្តេច មានភារកិច្ចផ្ទាល់ខ្លួនអ្វីខ្លះនោះទេ ហើយបើទោះបីជាលោកដឹង លោក មិនអាចនិយាយទាំងអស់បានដែរ ពីពោះជារឿងបុគ្គល។


 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោក ខៀ សុភ័គ ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃផងនោះ ថ្លែងថា ភារកិច្ចផ្ទាល់ខ្លួនរបស់សម្តេច ស ខេង នៅបារាំង អាចមានច្រើន។ លោក លើកឧទាហរណ៍ថា ជួនកាល សម្តេច អាចទៅសួរសុខទុក្ខសាច់ញាតិក៏ថាបាន។ 
 
យ៉ាងណា លោក ខៀវ សុភ័គ នៅតែអាចបង្ហើបបានថា ក្នុងចំណោមភារកិច្ចផ្ទាល់ខ្លួនរបស់សម្តេច ស ខេង នៅប្រទេសបារាំង មានភារកិច្ចមួយ គឺសម្តេច ទំនងជាទៅពិនិត្យសុខភាព។ ប៉ុន្តែលោក បញ្ជាក់ថា សម្តេច ទៅពិនិត្យសុខភាពនៅបារាំង មិនមែនដោយសារសម្តេច មានបញ្ហាសុខភាពនោះទេ តែជាការទៅពិនិត្យតាមកាលកំណត់របស់ក្រុមគ្រូពេទ្យ។ លោក មានប្រសាសន៍ថា៖«សម្តេច លោក មានសុខភាពល្អ មាំទាំណាស់»។ 
 
លោក ខៀវ សុភ័គ អះអាងថា តាមធម្មតាសម្តេចរដ្ឋមន្រ្តី ត្រូវទៅពិនិត្យសុខភាពនៅបារាំងក្នុងពេលមួយឆ្នាំម្តង ឬក្នុងរយៈពេលណាមួយ តាមកាលកំណត់របស់ក្រុមគ្រួពេទ្យ។ លោក បន្តថា ដោយសារការរាលដាលជំងឺកូវីដ-១៩ សម្តេច ខនខានទៅពិនិត្យសុខភាពនៅបរទេសអស់រយៈពេលពីរឆ្នាំមកហើយ។ ចំពោះសម្តេច ធ្លាប់មានជំងឺអ្វី ឬកំពុងមានជំងឺអ្វីនោះ នាយខុទ្ទកាល័យរូបនេះ ប្រាប់ថា មិនបានដឹងឡើយ។ 
 
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យរបស់សម្តេច ស ខេង បានជូនដំណឹងជាសាធារណៈថា ដោយមានភារកិច្ចផ្ទាល់ខ្លួន សម្តេច ទៅបារាំងមួយរយៈពេលខ្លី គឺពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ហើយក្នុងអំឡុងពេលនេះ លោក សក់ សេដ្ឋា រដ្ឋាលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជារដ្ឋមន្រ្តីស្តីទី និងចាត់ចែងការងារជំនួសសម្តេចរដ្ឋមន្រ្តី រហូតដល់សម្តេច ត្រឡប់មកវិញ។ 
 
ក្រោយសេចក្តីជួនដំណឹងនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ មានមជ្ឈដ្ឋានខ្លះ ដាក់ការសង្ស័យថា សម្តេច ស ខេង អាចនឹងឆ្លៀតជួបមន្រ្តីអតីតគណបក្សប្រឆាំងក្រៅផ្លូវការ នៅប្រទេសបារាំង។ ការណ៍នេះ បានធ្វើឲ្យលោក ខៀវ សុភ័គ ចេញលិខិតបំភ្លឺ។ ក្នុងលិខិតបំភ្លឺចេញនៅថ្ងៃទី២៣ ខែសីហា នាយខុទ្ទកាល័យ បញ្ជាក់ជាថ្មីថា ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់សម្តេច ស ខេង គឺដោយសារមានធុរៈផ្ទាល់ខ្លួន ដោយមិនមានកម្មវិធីអ្វីផ្សេងឡើយ៕ 
 

Tag:
 ស ខេង
  ពិនិត្យសុខភាព
  បារាំង
  ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com