ជាតិ
សង្គមជាតិ
UN ប្រចាំកម្ពុជារកឃើញថា ពលករប្រឈមបញ្ហាសុខភាពផ្លូវចិត្តខ្ពស់ នៅវិបត្តិកូវីដ-១៩
27, Aug 2021 , 7:59 am        
រូបភាព
កងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព និងធ្វើតេស្តរហ័ស ពលករត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន ដើម្បីយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័ក និងករណីមានអ្នកវិជ្ជមានកូវីដ១៩ យកទៅកន្លែព្យបាល កាលពីថ្ងៃទី២៣ សីហា ២០២១។ រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
កងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព និងធ្វើតេស្តរហ័ស ពលករត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន ដើម្បីយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័ក និងករណីមានអ្នកវិជ្ជមានកូវីដ១៩ យកទៅកន្លែព្យបាល កាលពីថ្ងៃទី២៣ សីហា ២០២១។ រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការសុខភាពពិភពលោកនៅកម្ពុជារកឃើញថា ពលករដែលត្រឡប់មកកម្ពុជាវិញ នៅអំឡុងពេលកូវីដ-១៩នេះ ងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ បញ្ហានេះ កើតឡើងដោយសារពួកគេ ត្រូវខិតខំស្វែងរកប្រភពចំណូលបន្ទាប់ពីត្រឡប់វិញ។


របាយការណ៍សុខភាពផ្លូវចិត្ត និងកូវីដ-១៩ ចេញដោយអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៣សីហានេះ ថា កូវីដ-១៩ មិនមែនគំរាមកំហែងតែសុខភាពផ្លូវកាយទេ តែជំងឺនេះ ក៏បង្កផលប៉ះពាល់យ៉ាងធំធេងដល់សុខភាពផ្លូវចិត្តដែរ។ បើតាមUN កម្មករ ពលរដ្ឋកម្ពុជា ជាច្រើនបានបាត់ប្រាក់ចំណូល រស់នៅដាច់ដោយឡែកពីគ្នា ហើយត្រូវសម្របខ្លួនរស់នៅជាមួយវិបត្តិកូវីដ-១៩ ដែលបន្តកើនឡើង និងមិនប្រាកដប្រជា។ 
 
ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់យ៉ាងដូច្នេះ៖ «ពលករទេសន្តរប្រវេសន៍ ជាក្រុមដែលងាយទទួលរងផលប៉ះពាល់(អារម្មណ៍អន្ទះអន្ទែង និងធ្លាក់ទឹកចិត្ត)។ ពួកគេត្រូវខិតខំស្វែងរកប្រភពចំណូល ក្រោយពេលធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដែលបង្កជាបញ្ហាស្ត្រេស ការធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តដទៃទៀតយ៉ាងច្រើន»។ 
 
របាយការណ៍ធនាគារពិភពលោក បានប៉ាន់ស្មានថា ការងារប្រមាណ១.៧លានកន្លែងនៅកម្ពុជា ប្រឈមនឹងហានិភ័យ ដែលបង្កជាបញ្ហាសង្គមសេដ្ឋកិច្ចនិងបញ្ហាផ្លូវចិត្តធំធេង។ បើតាមធនាគារពិភពលោកដដែល ចាប់តាំងពីមានកូវីដ-១៩រាតត្បាតជាសកលមក ពលករទេសន្តរប្រវេសន៍កម្ពុជា ជាង២២ម៉ឺននាក់ហើយ បានត្រឡប់វិញ។ 
 
«ដូច្នេះ តម្រូវការសេវាសុខភាពផ្លូវចិត្តក៏មានការកើនឡើងដែរ»។ នេះបើតាមរបាយការណ៍ដដែល ដោយបញ្ជាក់ថា នៅឆ្នាំ២០២០ មានកុមារនិងមនុស្សពេញវ័យជាង៣០ម៉ឺននាក់ បានទទួលសារអប់អំពីសុខភាពផ្លូវចិត្ត និងការគាំទ្រសង្គម រួមទាំងសារការពារកូវីដ-១៩ តាមបណ្ដាញសង្គម។ ក្នុងចំណោម កុមារនិងមនុស្សពេញវ័យទាំងនោះ មានជាង៦៨០នាក់ ទទួលបានការគាំទ្រសុខភាពផ្លូវចិត្តឯកទេស ពីអ្នកជំនាញចិត្តសាស្រ្ត និងចិត្តវិកលវិទ្យារបស់អង្គការចិត្តសង្គមអន្តរវប្បធម៌ TPO។ 
 
ដើម្បីដោះស្រាយបញ្ហានេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា តម្រូវឲ្យមានការគាំទ្រផ្នែកសុខភាពផ្លូវចិត្តនិងសង្គម ដែលជារឿងដ៏សំខាន់និងចាំបាច់ ដើម្បីកុំឲ្យមានផលប៉ះពាល់រយៈពេលវែង លើសុខមាលភាពពលរដ្ឋកម្ពុជា។ ជាពិសេសត្រូវទាញប្រយោជន៍ពីវឌ្ឍនភាព ដែលសម្រេចបានតាមរយៈការឆ្លើយតប ចំពោះជំងឺកូវីដ-១៩និងប្រព័ន្ធសុខភាពផ្លូវចិត្តសម្រាប់ពេលអនាគត។ 
 
អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ «សកម្មភាពសំខាន់ៗ រួមនឹងការឆ្លើយតបចំពោះ បញ្ហាខ្វះថវិកាសម្រាប់សេវាថែទាំសុខភាពផ្លូវចិត្តដែលកើតមានជារ៉ាំរ៉ៃ ការប្រើប្រាស់អភិក្រមបែបប្រព័ន្ធ ដើម្បីផ្ដល់សេវាប្រកបដោយសមធម៌ ប្រសិទ្ធិភាព និងងាយស្រួលទទួលបាន ឈរលើគោលការសិទ្ធិមនុស្ស និងការជំរុញផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិត្ត ក្នុងវិស័យផ្សេងទៀត ក្រៅតែពីវិស័យសុខាភិបាល»។ 
 
ទន្ទឹមនឹងនេះ គឺបន្តពង្រឹងសមត្ថភាពវិស័យដទៃទៀត ដូចជា អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសង្គមកិច្ច និងវិស័យអប់រំ ដើម្បីឆ្លើយតបចំពោះបញ្ហាសុខភាពផ្លូវចិត្ត។ នេះបើតាមUNប្រចាំកម្ពុជា៕ 
 
 

Tag:
 សុខភាព
  ពលករ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com