ជាតិ
សង្គមជាតិ
ទូតកម្ពុជាប្រចាំអាមេរិក ស្នើឲ្យក្រុមហ៊ុនមួយ បញ្ឈប់ការប្រើរូបប្រាសាទអង្គរវត្តលើផលិតផលគុយទាវ
27, Aug 2021 , 10:57 am        
រូបភាព
គុយទាវ ដែលបានប្រើឈ្មោះជាភាសាវៀតណាម Nam Vang Noodle ដោយដាក់រូបអង្គរវត្តនៅលើកញ្ចប់ផលិតផល (រូបពីហ្វេសប៊ុក)
គុយទាវ ដែលបានប្រើឈ្មោះជាភាសាវៀតណាម Nam Vang Noodle ដោយដាក់រូបអង្គរវត្តនៅលើកញ្ចប់ផលិតផល (រូបពីហ្វេសប៊ុក)
ដោយ:
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក ព្រមានចាត់វិធានការដល់ក្រុមហ៊ុនមួយ ដែលផលិតគុយទាវមួយប្រភេទ ហើយប្រើប្រាស់រូបសញ្ញា«ផលិតផលគុយទាវភ្នំពេញ និងរូបសញ្ញាប្រាសាទអង្គរវត្ត» ដោយគ្មានការអនុញ្ញាតពីកម្ពុជា។

 
ស្ថានទូតកម្ពុជាប្រចាំអាមេរិកបានស្រាវជ្រាវ និងរកឃើញក្រុមហ៊ុនមួយ បានផលិតគុយទាវដោយប្រើឈ្មោះជាភាសាវៀតណាម ដែលប្រែជាភាសាខ្មែរថា«ផលិតផលគុយទាវភ្នំពេញ» និងបានប្រើប្រាស់រូបសញ្ញាអង្ករវត្ត នៅលើកញ្ចប់ ផលិតផលគុយទាវនោះ និងបានចែកចាយនៅទីផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។  
 
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចុះទៅណែនាំដល់ក្រុមហ៊ុននោះហើយ។ ក្នុងករណីដែលក្រុមហ៊ុននោះ មិនព្រមអនុវត្តតាមការណែនាំនោះ ស្ថានទូតនឹងចាត់វិធានការតាមច្បាប់។​
 
ស្ថានទូតកម្ពុជាបានចាត់ទុកការប្រើប្រាស់ពាក្យ និងម៉ាក ផលិតផលគុយទាវភ្នំពេញ និងបានប្រើប្រាស់រូបសញ្ញាអង្ករវត្ត នៅលើកញ្ចប់នោះ គឺជាការរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា រួមទាំងកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ និងបានធ្វើឲ្យអ្នកប្រើប្រាស់ភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវ។ 
 
ស្ថានទូតកម្ពុជាបានអំពាវនាវដល់ពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅប្រទេសសហរដ្ឋអាមេរិក បញ្ឈប់ប្រើប្រាស់ផលិតផលគុយទាវប្រភេទនេះទៀត។ ស្ថានទូតណែនំាដល់ពលរដ្ឋ និងនិស្សិត ក្នុងករណីប្រទះឃើញនូវផលិតផលក្លែងក្លាយ គឺត្រូវត្រូវរាយការណ៍ព័ត៌មានមកស្ថានទូត ដើម្បីទប់ស្កាត់ការប្រើប្រាស់ផលិតផលក្លែងក្លាយ៕ 
 
 

Tag:
 គុយទាវ
 ផលិតផល
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com