ភ្នំពេញ៖ ជាង១ឆ្នាំមកហើយ កូវីដ-១៩ បានធ្វើឱ្យប៉ះពាល់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា។ អាជីវករមួយចំនួន អាចទប់ទល់នឹងការខាតបាន ខណៈអាជីវករមួយចំនួនទៀតត្រូវបញ្ឈប់បុគ្គលិក និងផ្អាកដំណើរការអាជីវកម្មបណ្ដោះអាសន្នតែម្ដង។ អាជីវករ និងអ្នកជំនាញទេសចរ ស្នើឱ្យរដ្ឋាភិបាលពិចារណាផ្ដល់កម្ចី ដល់អ្នកប្រកបរបរក្នុងវិស័យនេះ ដើម្បីស្ដារផលប៉ះពាល់ និងពង្រឹងផលិតផលទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវ។
ការអូសបន្លាយនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំមកនេះបានធ្វើឱ្យអាជីវកម្មទេសចរណ៍ប្រមាណ ៤ពាន់ទីតាំងត្រូវបានបិទ និងផ្អាកដំណើរការបណ្ដោះអាសន្ន ព្រោះមិនអាចប្រឈមលើការចំណាយថែទាំផលិតផលទេសចរណ៍ ព្រមទាំងការចំណាយលើបុគ្គលិក។ ចំណែកអាជីវកម្មមួយចំនួនទៀតនៅបន្តបើកដំណើរការទទួលភ្ញៀវ ទោះបីចំណូល មិនសមស្របជាមួយការចំណាយក្ដី។ អាជីវករមួយចំនួនបានត្អួញត្អែ ពីការបង់ប្រាក់ទៅធនាគារឯកជនផងដែរ។ ជុំវិញបញ្ហានេះម្ចាស់រមណីយដ្ឋាន និង អាហារដ្ឋានមួយចំនួន បានស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីដល់ពួកគាត់ដើម្បីទ្រទ្រង់ការចំណាយលើផលិតផលទេសចរណ៍របស់ពួកគេ។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ
លោក ឌុក ដេត ម្ចាស់អាហារដ្ឋានសួនមេអំបៅ ក្នុងខេត្តសៀមរាប
លោក ឌុក ដេត ម្ចាស់អាហារដ្ឋានសួនមេអំបៅ ក្នុងខេត្តសៀមរាប បានផ្អាកទទួលភ្ញៀវទេសចរចូលអាហារដ្ឋានរបស់លោក និងប្ដូរមកលក់ជាលក្ខណៈវិចខ្ចប់វិញ ។ ការប្ដូរមកលក់អាហារជាលក្ខណៈវិចខ្ចប់ របស់លោក ឌុក ដេត មិនសូវដាច់ដូចមុនទេ។ ការលក់មិនសូវដាច់ ព្រមទាំងត្រូវចំណាយលើបុគ្គលិក និងការថែទាំអាហារដ្ឋាន បានធ្វើឱ្យអាជីវកររូបនេះ ត្រូវខាតលើការចំណាយប្រមាណ ២០០០ដុល្លារក្នុងមួយខែ។ ការខាតប្រាក់ស្ទើររាល់ខែនេះបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោក ឌុក ដេត ប៉ះពាល់យ៉ាងខ្លាំង រហូតធ្វើឱ្យលោកកាត់បន្ថយបុគ្គលិកពាក់កណ្ដាល។
បញ្ហានេះ លោក ឌុក ដេត ចង់ឱ្យរដ្ឋាភិបាលពិចារណាផ្ដល់កម្ចី សម្រាប់ការទ្រទ្រង់អាជីវកម្មរបស់ខ្លួនក្នុងដំណាក់កាលកូវីដ-១៩នេះ។ «បើសិនរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីដល់អាជីវករក្នុងវិស័យទេសចរណ៍ ដូចកសិករក្នុងវិស័យកសិកម្ម វាជារឿងល្អបំផុត ព្រោះអាចឱ្យយើងយកប្រាក់កម្ចីទាំងនោះមកស្រោចស្រង់អាជីវកម្មឡើងវិញបាន»។ នេះជាការបញ្ជាក់របស់ម្ចាស់អាហារដ្ឋានសួនមេអំបៅ។
ចំណែក លោកស្រី ឡៅ រីន បានបើករមណីយដ្ឋានចម្ការស្វាយរយៈពេល ៤ឆ្នាំហើយ។ កាលបើកដំណើរការដំបូង រមណីយដ្ឋានលោកស្រីមានការគាំទ្រខ្លាំង ពីសំណាក់ភ្ញៀវក្នុងខេត្ត និងខេត្តផ្សេងៗទៀតៗ។ ប៉ុន្តែការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យរមណីយដ្ឋានលោកស្រីប្រែស្ងាត់ភ្ញៀវទេសចរ។ ចំណូលពីភ្ញៀវទេសចរធ្លាក់ចុះ ប៉ុន្តែការចំណាយលើការអភិវឌ្ឍកន្លែងកម្សាន្ត និងត្រូវចំណាយលើបុគ្គលិកគឺនៅដដែល។ ការខាតរាល់ខែនេះ បានធ្វើឱ្យលោកស្រី ឡៅ រីន រំពឹងថារដ្ឋាភិបាលនឹងពិចារណាផ្ដល់ប្រាក់កម្ចីសម្រាប់ លោកស្រីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
លោកស្រីរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ «យើងយកប្រាក់ចំណូលពីចម្ការមកផ្គត់ផ្គង់លើរមណីយដ្ឋាន អ៊ីចឹងសេដ្ឋកិច្ចគឺប៉ះពាល់ខ្លាំង។ ម្យ៉ាងពេលបើករមណីដ្ឋាន យើងមិនមានលុយទាំងស្រុងទេ គឺខ្ចីពីធនាគារ។ បើសិនរដ្ឋផ្ដល់ប្រាក់កម្ចីការប្រាក់ទាបខ្ញុំសប្បាយចិត្ត ហើយចង់បានកម្ចីនោះ ប៉ុន្តែបើការប្រាក់ខ្ពស់គឺអត់ចង់បានទេ»។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ តែងសាទរនៅពេលរដ្ឋាភិបាល មានផែនការបើកទទួលទេសចរ និងជំរុញទេសចរក្នុងស្រុក ប៉ុន្តែការចំណាយលើការអភិវឌ្ឍផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ក៏នៅតែជាកង្វល់មួយដ៏ធំសម្រាប់ពួកគាត់ផងដែរ។ ហេតុនេះអ្នករកស៊ីក្នុងវិស័យនេះ ចង់ឱ្យរដ្ឋាភិបាលផ្ដល់កម្ចីឱ្យពួកគេ ដូចនឹងការផ្ដល់កម្ចីដល់កសិករ និងម្ចាស់អាជីវកម្មខ្នាតតូច( SME) ផងដែរ។
ជុំវិញបញ្ហានេះ អ្នកជំនាញទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន យល់ថា រដ្ឋគួរមានវិធានការបន្ទាន់ណាមួយ ដើម្បីជួយអាជីវករក្នុងវិស័យទេសចរណ៍ ដើម្បីកុំឱ្យកម្ពុជាខ្វះខាតផលិតផលទេសចរណ៍ថ្មី សម្រាប់ប្រកួតប្រជែង ទីផ្សារទេសចរណ៍ជាមួយប្រទេសជិតខាង។ លោកស្រីលើកឡើងថា រដ្ឋាភិបាលគួរមានគោលការផ្ដល់ប្រាក់កម្ចីសមស្របណាមួយសម្រាប់អាជីវកម្មទេសចរណ៍ ព្រោះពួកគេមួយចំនួនមិនមានលទ្ធភាពខ្ចីប្រាក់ និងបង់សងត្រឡប់ទៅវិញ ចំពោះធនាគារឯកជននោះទេ។ « យើងចង់បានអាជីវករដែលបង្កើតផលិតផល និងសេវាកម្មនៅតំបន់ទេសចរណ៍មកវិញ ដើម្បីត្រៀមទទួលភ្ញៀវ ដូច្នេះរដ្ឋគួរពិចារណាផ្ដល់កម្ចីដល់ពួកគាត់។ អ្នករកស៊ីតូចតាចគាត់មិនមានលទ្ធភាពទៅខ្ចីប្រាក់ពីធនាគារឯកជនទេ មានតែរដ្ឋទេ ដែលអាចចេញមុខជួយពួកគាត់បាន។ ការផ្ដល់កម្ចីនេះគួរតែមានលក្ខខណ្ឌងាយស្រួល ដោយមិនត្រូវការទ្រព្យបញ្ចាំច្រើន និងឯកសារស្មុគស្មាញពេក ដើម្បីសម្រួលដល់ពួកគាត់ »។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាពិសេស៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់គាំទ្រដល់ដំណើរការអាជីវកម្ម SME ដែលពាក់ព័ន្ធវិស័យកសិកម្ម។ ក្នុងកញ្ចប់ថវិកានេះ សម្រាប់ម្ចាស់សហគ្រាសដែលខ្ចីប្រាក់យកទៅវិនិយោគ គឺអាចខ្ចីបានរយៈពេល២ឆ្នាំ និងខ្ចីសម្រាប់យកទៅធ្វើជាទុនបង្វិល គឺមានរយៈរហូតដល់៧ឆ្នាំ៕
រមណីយដ្ឋានចំការស្វាយ