ជាតិ
អ្នកនយោបាយខ្លះ ទុកគំនុំធំជាងជាតិ
12, Oct 2021 , 11:00 am        
រូបភាព
រូបភាព បង្ហាញពីអ្នកនយោបាយ និយាយតទល់គ្នាលើវេទិកាសាធារណៈ។ រូបពីគេហទំព័រ 123rf.com
រូបភាព បង្ហាញពីអ្នកនយោបាយ និយាយតទល់គ្នាលើវេទិកាសាធារណៈ។ រូបពីគេហទំព័រ 123rf.com
អ្នកនយោបាយ មិនអាចផ្សះផ្សារគ្នា ហើយជាតិ ពិបាកដើរទៅមុខ គឺដោយសារក្នុងចិត្តពួកគេ បញ្ហាជាតិស្រាលជាងគំនុំផ្ទាល់ខ្លួន។



ស្ទើរតែគ្រប់អ្នកនយោបាយ តែងប្រកាសថាខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកគិតប្រជាពលរដ្ឋជាធំ។ តែតាមពិត អ្នកនយោបាយខ្លះ ធ្វើនយោបាយព្រោះតែគំនុំ ហើយយកពាក្យស្នេហាជាតិមកបាំងមុខ។ គំនុំ គឺអ្នកនយោបាយ ជាអ្នកបង្កើតឲ្យគ្នាទៅវិញទៅមក។

មួយថ្ងៃៗ អ្នកនយោបាយ ប្រឹងរកនឹករឿងយកមកវាយប្រហារគ្នា ពិសេសតាមរយៈពាក្យសម្តី។ ពេលខ្លះ ការវាយប្រហារ ក៏ត្រូវការពិត។ ពេលខ្លះ ការវាយប្រហារ ក៏ខុសការពិត។ ពេលខ្លះ អ្នកនយោបាយ មិនត្រឹមតែវាយប្រហារលើអ្នកនយោបាយ ដែលជាគូបដិបក្ខនោះទេ គឺថែមទាំងបន្លាយការវាយប្រហារនោះ ទៅដល់ឪពុកម្តាយ បងប្អូន កូន ប្រពន្ធរបស់គ្នាទៀតផង។ ពេលខ្លះ អ្នកនយោបាយ បង្កើតព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នោះ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម។

អ្នកនយោបាយប្រឆាំង ប្រើវោហារវាយប្រហារអ្នកនយោបាយកាន់អំណាច។ ឯអ្នកនយោបាយកាន់អំណាច ប្រើអំណាច ប្រើច្បាប់ ដើម្បីបង្ក្រាបអ្នកនយោយបាយប្រឆាំង។ ជួនកាល អ្នកនយោបាយកាន់អំណាច ប្រឹងតែងច្បាប់ផ្សេងៗ ដើម្បីរារាំងអ្នកនយោបាយប្រឆាំង មិនអាចឲ្យធ្វើសកម្មភាពអ្វីមួយបាន។

ការតទល់ដាក់គ្នានេះ បានធ្វើឲ្យអ្នកនយោបាយ ស្អប់គ្នា និងគុំគ្នាកាន់តែជ្រៅទៅៗ។ អ្នកនយោបាយខ្លះ ស្អប់គ្នាដល់ខួរក្នុងឆ្អឹងទៅហើយ។

ក្រៅពីការប្រើវោហារ អ្នកនយោបាយ នៅប្រើវិធីផ្សេងៗទៀត ដើម្បីផ្ចាញ់ផ្ចាល និងធ្វើឲ្យមានការឈឺចាប់ដល់គ្នា។ បើមិនបានឌឺដង មិនបានបញ្ឆិតបញ្ឆៀង មិនបានផ្លែផ្កា មិនបានមួលបង្កាច់ មិនបានលាបពណ៌ មិនបានបង្ខូចកេរ្តិ៍ឈ្មោះគ្នា ពួកគេ ទំនងជាមិនស្រណុកចិត្តនោះទេ។

បើពិនិត្យមើលទៅ គឺរកប្រយោជន៍អ្វីសម្រាប់ជាតិមិនឃើញឡើយ ក្រៅតែពីការវាយប្រហារគ្នាក្នុងលក្ខណៈជាបុគ្គល។ ប្រជាពលរដ្ឋខ្លះ ធុញទ្រាន់នឹងអ្នកនយោបាយ ដែលមិនមានគំនិតអ្វីថ្មី ដោយបានត្រឹមតែប្រើវោហារវាយប្រហារគ្នាមិនចេះចប់មិនចេះហើយ។ សូម្បីប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងអំឡុងជំងឺកូវីដ-១៩ ក៏អ្នកនយោបាយ មិនព្រមសម្រាកដែរ ដោយនៅតែបន្តវាយប្រហារគ្នា។

ដោយសារគំនុំក្នុងចិត្តរបស់អ្នកនយោបាយ មានទំហំធំជាងបញ្ហាប្រទេសជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋ ទើបពួកគេ មិនអាចផ្សះផ្សាគ្នាបាន និងគិតតែប្រើល្បិចដាក់គ្នា។ ពួកគេ ធ្វើនយោបាយ ដើម្បីសងសឹក ជាជាងដើម្បីប្រយោជន៍ជាតិ។

លុះត្រាតែអ្នកនយោបាយ ទុកបញ្ហាប្រទេសជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋជាធំពិតប្រាកដ ទើបពួកគេ អាចរំកិលទៅរកគ្នាបាន។ ម្យ៉ាងទៀត ដើម្បីអាចបន្សាបគំនុំក្នុងចិត្តបាន អ្នកនយោបាយ ត្រូវថយមួយជំហានរៀងខ្លួន ហើយបន្ធូរដៃក្នុងការវាយប្រហារខុសការពិត និងការវាយប្រហារបែបប្រមាថកាតទានលើគ្នា។

ប្រជាធិបតេយ្យ អនុញ្ញាតឲ្យមនុស្សក្នុងសង្គម មានសិទ្ធិបញ្ចេញមតិ តែមិនមែនបើកដៃឲ្យមនុស្សវាយប្រហារគ្នាប៉ាតណាប៉ាតណីឡើយ។ ការប្រើសិទ្ធិបញ្ចេញមតិ ឬសិទ្ធិផ្សេងទៀត ខុសពីគន្លងច្បាប់ ហួសពីក្រមសីលធម៌ សង្គម នឹងបែកបាក់ ហើយកើតមានភាពចលាចល។

អ្នកនយោបាយ គឺជាប៉ូល ឬជាតួអង្គដ៏សំខាន់ ដែលអាចកំណត់ពីសាមគ្គីជាតិ និងការបែកបាក់ជាតិ។ ហេតុអ្វី? ពីព្រោះ ជាធម្មតា ប្រជាពលរដ្ឋ តែងគាំទ្រអ្នកនយោបាយម្ខាងៗម្នាក់។ បើអ្នកនយោបាយ មិនត្រូវគ្នា ប្រជាពលរដ្ឋ ក៏អាចមិនត្រូវគ្នា។ បើអ្នកនយោបាយ ត្រូវគ្នា ប្រជាពលរដ្ឋ ក៏អាចត្រូវគ្នា។

មានប្រវត្តិសាស្រ្តមិនតិចទេ ទាំងនៅកម្ពុជា ទាំងនៅប្រទេសដទៃ ដែលបានបង្ហាញពីការបែកបាក់ជាតិ ដោយសារប្រជាពលរដ្ឋ បែកបាក់គ្នាតាមអ្នកនយោបាយ។ ក្នុងចំណោមការបែកបាក់ទាំងនោះ មានការបែកបាក់ខ្លះ បានឈានទៅដល់ការបង្កជម្លោះហិង្សា និងជម្លោះប្រដាប់អាវុធ ហើយការបែកបាក់ខ្លះទៀត ឈានដល់ការផ្ទុះសង្គ្រាមស៊ីវិលក៏មាន។

មកដល់សម័យកាលនេះ ប្រជាពលរដ្ឋ គួរតែបោះបង់ចោលទម្លាប់ទន់ទោរទៅតាមអ្នកនយោបាយជ្រុលហួសហេតុ ដោយអ្នកនយោបាយ ឈ្លោះគ្នា ក៏បែរជាឈ្លោះគ្នាតាម ហើយដល់ពេលអ្នកនយោបាយ ត្រូវគ្នា ក៏ចាប់ផ្តើមត្រូវគ្នាដែរ។ ប្រជាពលរដ្ឋ ត្រូវមានគំនិតជឿនលឿនថា ខ្លួនជាម្ចាស់ប្រទេស ជាអ្នកសម្រេចជោគវាសនាប្រទេស ដូច្នេះ មិនត្រូវផ្តេកផ្តួលតែទៅលើអ្នកនយោបាយឡើយ៕

Tag:
 អ្នកនយោបាយ
  គំនុំបុគ្គល
  បញ្ហាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com