អន្តរជាតិ
ក្រុមតាលីបង់ នឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានដែលមិនទទួលបានសិទ្ធិជ្រកកោនពីអឺរ៉ុបមកវិញ
31, Aug 2021 , 3:29 pm        
រូបភាព
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ។ រូបថត Xinhua
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ។ រូបថត Xinhua
អ្នកនាំពាក្យក្រុមតាលីបង់ នៅថ្ងៃទី៣០ ខែសីហា ប្រកាសថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយក្រុមតាលីបង់ នឹងទទួលយកជនចំណាកស្រុកអាហ្វហ្កានីស្ថានដែលត្រូវបានប្រទេសលោកខាងលិចបដិសេធផ្តល់សិទ្ធិជ្រកកោនត្រលប់មកវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតអូទ្រីស។ ក្រោយទៅដល់ទឹកដីអាហ្វហ្កានីស្ថានវិញ ពួកគេ នឹងត្រូវប្រឈមមុខការឡើងតុលាការផងដែរ។


អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអូទ្រីស Kronen Zeitung ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលនឹងបង្កើតឡើង នឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានត្រលប់មកវិញ។ 
 
«មែនហើយពួកគេនឹងត្រូវបញ្ជូនទៅតុលាការ។ បន្ទាប់មក តុលាការនឹងត្រូវសម្រេចថា តើត្រូវបន្តនីតិវិធីយ៉ាងដូចម្តេច»? លោក Zabihullah និយាយបែបនេះក្រោយអ្នកកាសែតសួរថា តើក្រុមតាលីបង់នឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានដែលលោកខាងលិចបដិសេធផ្តល់សិទ្ធិជ្រកកោនឬទេ? ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យតាលីបង់រូបនេះមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការនាំខ្លួនជនទាំងនេះទៅតុលាការឡើយ។​​
 
បើតាមកាសែតដដែល លោក Zabihullah ក៏បានអះអាងម្តងទៀតថា ក្រុមតាលីបង់ ផ្តល់សិទ្ធិដល់ស្ត្រីតាមច្បាប់សាសនាឥស្លាមផងដែរ។
 
ការប្រកាសទទួលយកជនភៀសខ្លួនត្រលប់មកវិញរបស់ក្រុមតាលីបង់នេះ ធ្វើឡើងក្រោយប្រទេសអឺរ៉ុបមួយចំនួនស្ទាក់ស្ទើរក្នុងការផ្តល់សិទ្ធិជ្រកកោនដល់ប្រជាជនអាហ្វហ្កានីស្ថានទាំងនោះ។ ក្នុងចំណោមប្រទេសអឺរ៉ុប អូទ្រីសជាប្រកាន់គោលជំហរតឹងរ៉ឹងក្នុងការផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន។ កន្លងទៅ រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស Karl Nehammer ធ្លាប់លើកសំណើទៅរដ្ឋាភិបាល គួរតែបន្តបញ្ជូនជនចំណាកស្រុកអាហ្វហ្កានីស្ថានដែលមិនទទួលបានសិទ្ធិជ្រកកោនឱ្យត្រលប់ទៅស្រុកវិញ។
 
លោក Karl Nehammer បានសារភាពថា អូទ្រីសមិនទទួលយកជនភៀសខ្លួនបន្ថែមទៀតទេ។ ប៉ុន្តែលោកបានបន្ថែមថា ជនភៀសខ្លួនពីអាហ្វហ្កានីស្ថានទាំងនេះគួរបញ្ជូនទៅ មជ្ឈមណ្ឌលជននិរទេសខ្លួននៅអឺរ៉ុបជាមុនសិនដើម្បីឱ្យប្រទេសជិតខាងទទួលយកពួកគេ មុននឹងសម្រេចបញ្ជូនត្រលប់ទៅអាហ្វហ្កានីស្ថានវិញតាមក្រោយ៕
 

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com