អន្តរជាតិ
ក្រោយអាម៉េរិកចាកចេញ, តាលីបង់ថា អាហ្វហ្កានីស្ថានមានអធិបតេយ្យ និងសេរីភាពឡើងវិញ
31, Aug 2021 , 5:29 pm        
រូបភាព
នៅពាក់កណ្តាលអធ្រាត្រឈានថ្ងៃទី៣១​ ខែសីហា ក្រុមអ្នកប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើងទៅលើ អាកាសដើម្បីអបអរសាទរជ័យជម្នះរបស់ខ្លួន ខណៈយន្តហោះអាម៉េរិកចុងក្រោយបានហោះចេញពី ទឹកដីអាហ្វហ្កានីស្ថាន។ បន្ទាប់ពីការតស៊ូអស់រយៈពេលជាង២០ឆ្នាំ ក្រុមតាលីបង់ សម្រេចជោគជ័យ ក្នុងការបណ្តេញយោធាអាម៉េរិក និងណាតូ។

 
ការចាកចេញយន្តហោះយោធាចុងក្រោយរបស់អាម៉េរិក បញ្ជាក់ពីការបញ្ចប់យុទ្ធនាការជម្លៀសកងទ័ព​និងប្រជាជនរាប់ម៉ឺននាក់ចេញពីអាហ្វហ្កានីស្ថានរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។ ក្រុមតាលីបង់ បាន សាទរចំពោះការចាកចេញរបស់កងទ័ពអាម៉េរិកដោយពណ៌នាថា នេះជាពេលវេលាប្រវត្តិសាស្ត្រ ហើយ ប្រកាសថា អាហ្វហ្កានីស្ថានឥឡូវនេះ ទទួលបានឯករាជ្យពេញលេញ។
 
«យន្តហោះ៥គ្រឿងចុងក្រោយ បានចាកចេញ។ នេះចប់ហើយ!» អ្នកប្រយុទ្ធក្រុមតាលីបង់ដែលឈរ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលបាន និយាយបែបនេះមុនបន្តថា លោកមិនអាចបង្ហាញពី អារម្មណ៍សប្បាយរីករាយរបស់លោកដោយពាក្យសម្តីទេ ព្រោះការលះបង់២០ឆ្នាំរបស់ពួកគេចេញ ផ្លែផ្កាហើយ។
 
នៅព្រឹកថ្ងៃទី៣១ ខែសីហាក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះ Hamid Karzai អ្នកនាំពាក្យក្រុមតាលីបង់លោក​ Zabihullah Mujahid ប្រកាសថា អាហ្វហ្កានីស្ថានជាប្រទេសដែល មានសេរីភាព និងអធិបតេយ្យភាព។ លោកក៏បានបន្ថែមថា អាម៉េរិកបានបរាជ័យ​ក្នុងការសម្រេច គោលដៅរបស់ពួកគេតាមរយៈប្រតិបត្តិការយោធានៅអាហ្វហ្កានីស្ថាន។
 
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានប្តេជ្ញាថា អាហ្វហ្កានីស្ថានក្រោមការដឹកនាំរបស់តាលីបង់ នឹងផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសលោកខាងលិច ហើយប្តេជ្ញាថា អាហ្វហ្កានីស្ថាននឹង ការពារសេរីភាព ឯករាជ្យភាព និងគុណតម្លៃឥស្លាមរបស់ប្រទេសខ្លួន។
 
គួររំលឹកថា ក្រុមតាលីបង់បានប្រកាសពីផែនការគ្រប់គ្រងប្រទេសរបស់ខ្លួនរួចហើយ ហើយបាន សន្យាថា លើកលែងទោសទូទៅចំពោះសត្រូវទាំងអស់​ លើកកម្ពស់សិទ្ធិនារី គោរពសិទ្ធិ សារព័ត៌មាន​ និងរក្សាសុវត្ថិភាពផ្លូវ​អាកាសដូចប្រក្រតី។ ក៏ប៉ុន្តែប្រជាជនទូទៅ មិនជឿទុកចិត្តលើ អ្វីដែលតាលីបង់បានអះអាងឡើយ ហើយនៅតែភ័យខ្លាចរ​បបនេះ និងចង់ចាកចេញពីប្រទេស៕
 

Tag:
 តាលីបង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com