អន្តរជាតិ
រុស្ស៊ី ប្រាប់អាម៉េរិកនិងសម្ព័ន្ធមិត្តឈប់បង្កកមាសនិងលុយបម្រុងអន្តរជាតិរបស់អាហ្វហ្កានីស្ថាន
31, Aug 2021 , 7:29 pm        
រូបភាព
ប្រេសិតប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចការអាហ្វហ្កានីស្ថាន Zamir Kabulov ។ រូបថត Tass
ប្រេសិតប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចការអាហ្វហ្កានីស្ថាន Zamir Kabulov ។ រូបថត Tass
រុស្ស៊ី បានអាម៉េរិក និងបណ្តាប្រទេសលោកខាងលិច ឱ្យឈប់បង្កកមាស និងទុនបម្រុងអន្តរជាតិរបស់អាហ្វហ្កានីស្ថាននៅបរទេសដែលធ្វើឡើងក្រោយការឡើងកាន់កាប់អំណាចរបស់ក្រុមតាលីបង់។


ភ្លាមៗបន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុល រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានបង្កកប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានប្រមាណ៩,៥ពាន់លានដុល្លារដែលទុកនៅធនាគារអាមេរិក រួមទាំងមាសគិតជាទឹកប្រាក់ប្រហែល ១.៣ ពាន់លានដុល្លារនៅធនាគារនៅញូវយ៉កផង។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានរារាំងមិនឱ្យប្រទេសផ្សេងៗផ្តល់ប្រាក់កម្ចីដល់អាហ្វហ្កានីស្ថានផងដែរ។
 
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ Rossiya 24 លោក Zamir Kabulov ប្រេសិតពិសេសរប្រធានាធិបតីរុស្ស៊ីប្រចាំអាហ្វហ្កានីស្ថាន បានព្រមានថា ទង្វើបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនសាមញ្ញនៅអាហ្វហ្កានីស្ថានជាជាងដាក់គំនាបលើក្រុមតាលីបង់។
 
«ប្រសិនបើលោកខាងលិច ពិតជាខ្វល់ខ្វាយអំពីជោគវាសនារបស់ប្រជាជនអាហ្វហ្កានីស្ថានមែន ប្រទេសលោកខាងលិចមិនគួរបង្កើតបញ្ហាបន្ថែមដល់អាហ្វហ្កានីស្ថានក្នុងទម្រង់នៃការបង្កកមាស និងទុនបម្រុងអន្តរជាតិរបស់អាហ្វហ្កានីស្ថានឡើយ» ។ លោក Kabulov សង្កត់ធ្ងន់បែបនេះក្នុងកិច្ចសម្ភាសន៍នៅថ្ងៃទី៣០ ខែសីហា។
 
ក្រោយការឡើងក្ដាប់អំណាចឡើងវិញ រុស្ស៊ី មិនបានថ្កោលទោសអ្វីឡើយ ហើយបង្ហាញចេតនាកសាងទំនាក់ទំនងជាមួយក្រុមនេះទៀត។ ទាក់ទងរឿងនេះ លោក Kabulov បញ្ជាក់ថា ទីក្រុងមូស្គូកំពុងបង្កើតទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមតាលីបង់ ខណៈរុស្ស៊ីចាត់ទុកថា ជារឿងសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលនៅអាហ្វហ្កានីស្ថាន។ លោក Kabulov ក៏បានបន្ថែមថា រុស្ស៊ីនិងក្រុមតាលីបង់មានទំនាក់ទំនងយូរអង្វែង ហើយរុស្ស៊ីក៏កំពុងបន្តរឹតបន្តឹងទំនាក់ទំនងនេះ។
 
អ្វីគួរឱ្យកត់សម្គាល់នោះ រុស្ស៊ី នៅមិនទាន់ទទួលស្គាល់ជាផ្លូវការការគ្រប់គ្រងរបស់តាលីបង់អាហ្វហ្កានីស្ថាននៅឡើយទេ។ រុស្ស៊ី បានបញ្ចូលក្រុមតាលីបង់ជាអង្គការភេរវកម្ម និងហាមឃាត់វត្តមានក្រុមនេះនៅក្នុងព្រំដែនរបស់ខ្លួនទៀតផង។ ទោះយ៉ាងណា មេដឹកនាំរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថាខ្លួនបើកចំហដើម្បីធ្វើការជាមួយតាលីបង់៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com