អន្តរជាតិ
EU អឺរ៉ុបដកអាម៉េរិកនិងប្រទេស៥ទៀតចេញពីបញ្ជីសុវត្ថិភាពសម្រាប់ការធ្វើដំណើរមិនចាំបាច់
31, Aug 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អាម៉េរិក និងប្រទេស៥ទៀត ត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពសម្រាប់ការធ្វើដំណើរមិនចាំបាច់។ នេះបើតាមការប្រកាសក្រុមប្រឹក្សាអឺរ៉ុប។ ចាប់ពីពេលនេះ អ្នកដំណើរទៅពីប្រទេសទាំងនោះ ត្រូវឆ្លងកាត់វិធានការរឹតត្បិត។ ប៉ុន្តែរដ្ឋសមាជិកសហភាព អាចអនុវត្តគោលនយោបាយក្នុងស្រុករៀងៗខ្លួន។

 
ក្នុងការប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុប អ៊ីស្រាអែល កូសូវ៉ូ លីបង់ ម៉ុងតេណេហ្គ្រោ ម៉ាសេដ្វានខាងជើង និងអាម៉េរិកត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពដែលមិនមានការរឹតត្បិតសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់។ ជាលទ្ធផល ប្រទេសដែលស្ថិតក្នុងបញ្ជីនេះនៅសល់១៧ទៀតប៉ុណ្ណោះ។ 
 
នាពេលកន្លងមក ប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពនេះរួចហើយ ដោយសារករណីឆ្លងកើនឡើង ដែលមិនអាចបន្តការលើកលែងវិធានការរឹតត្បិតបាន។ ប៉ុន្តែករណីជំងឺកូវីដ-១៩ របស់ប្រទេសទាំងនោះ បានធ្លាក់ចុះក្រោយត្រូវលុបឈ្មោះចេញ។ 
 
យ៉ាងណាមិញ អនុសាសន៍ខាងលើរបស់ក្រុមប្រឹក្សាអឺរ៉ុប មិនមានចំណងផ្លូវច្បាប់សម្រាប់ប្រទេសសមាជិកទាំង២៧ អនុវត្តឡើយ។ ប៉ុន្តែភាគច្រើននៃប្រទេសជាសមាជិកសហភាពអឺរ៉ុប អាចបន្តទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចហើយដោយមិនចាំបាច់ឆ្លងការអនុវត្តវិធានការរឹតត្បិត។ ទោះមិនមានចំណងផ្នែកច្បាប់ សមាជិកភាគច្រើន ក៏អនុវត្តតាមការណែនាំស្ទើរទាំងអស់របស់ក្រុមប្រឹក្សាផងដែរអំឡុងវិបត្តិមួយនេះ។
 
ក្រុមប្រឹក្សាអឺរ៉ុប នឹងពិនិត្យទ្បើងវិញបញ្ជីសុវត្ថិភាពនេះជាទៀងទាត់កាលណាមានការផ្តល់ទិន្នន័យថ្មីនៃករណីជំងឺកូវីដ-១៩ ។ ការបញ្ចូលប្រទេសថែម ឬដកចេញ នឹងត្រូវបានអនុវត្តទៅតាមស្ថានភាពប្រទេសទាំងបោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៏របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប៕
 

Tag:
 EU
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com