អន្តរជាតិ
លោក Farthing នាំឆ្កែ និងឆ្មាជិត២០០ក្បាលទៅដល់អង់គ្លេស ខណៈបុគ្គលិកអាហ្វហ្កានីស្ថានម្នាក់ចេញមិនរួច
01, Sep 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
អតីតទ័ពជើងទឹកអង់គ្លេស និងជាម្ចាស់ទីជម្រកសត្វម្នាក់ បានចាកចេញពីប្រទេសអាហ្វហ្កានីស្ថានជាមួយសត្វឆ្កែ និងឆ្មាជិត២០០ក្បាល។ លោកបាននាំសត្វទាំងនោះទៅដល់អង់គ្លេសដោយសុវត្ថិភាព ប៉ុន្តែបុគ្គលិកជនជាតិអាហ្វហ្កានីស្ថានម្នាក់របស់លោក ត្រូវបានរារាំងមិនឲ្យចាកចេញពីប្រទេសនោះឡើយ។



ក្រោមជួយជ្រោមជ្រែងពីក្រុមហ៊ុនឯកជន លោក Paul «Pen» Farthing និងសត្វចិញ្ចឹមរបស់លោកជិត២០០ក្បាល បានទៅដល់អាកាសយានដ្ឋាន Heathrow Airport ក្បែរក្រុងឡុងដ៍ កាលពីចុងសប្តាហ៍កន្លងមក ដោយបច្ចុប្បន្ន ទាំងម្ចាស់ និងសត្វ កំពុងអនុវត្តវិធានចត្តាឡីស័ក។
 
លោក Farthing បានសរសេរនៅលើ Twitter របស់ខ្លួន ពីអារម្មណ៍លាយចម្រុះ ក្រោយពេលទៅដល់ប្រទេសកំណើត ប៉ុន្តែលោកពិតជាសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពពលរដ្ឋអាហ្វហ្កានីស្ថាននាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ បុគ្គលិកជនជាតិអាហ្វហ្កានីស្ថានម្នាក់របស់លោក មិនត្រូវបានអនុញ្ញាតឲ្យចេញទៅកាន់អាកាសយានដ្ឋាននោះឡើយ បើទោះបីជាគាត់មានលិខិតស្នាមគ្រប់គ្រាន់សម្រាប់ដំណើរទៅកាន់អង់គ្លេសក៏ដោយ។
 
យោងតាមការផ្សាយរបស់ BBC លោក Diminic Dyer ដែលជាអ្នកដឹកនាំយុទ្ធនាការដើម្បីការពារអាយុជីវិតសត្វ បាននិយាយ ក្រុមការងារនៃមណ្ឌលជម្រកសត្វ Nowzad បន្តការប្រឹងប្រែងរបស់ខ្លួន ដើម្បីយកបុគ្គលិករូបនោះ ទៅកាន់ប្រទេសអង់គ្លេស។ 
 
លោក Farthing បានចាប់ដំណើរការមជ្ឈមណ្ឌលជម្រកសត្វ Nowzad នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីបានបម្រើការងារកងទ័ពនៅក្នុងប្រទេសនេះ កាលពី១៥ឆ្នាំមុន។ លោកស្ថិតក្នុងចំណោមក្រុមអាទិភាពដែលត្រូវជម្លៀសតាមយន្តហោះយោធាអង់គ្លេស ក្រោយតាលីបង់កាន់កាប់ប្រទេស ប៉ុន្តែលោកបានបដិសេធ ដោយសារចង់យកសត្វទៅតាមខ្លួន។
 
ទឹកចិត្តរបស់លោកចំពោះសត្វចិញ្ចឹម បានទាក់ទាញការគាំទ្រជាច្រើន រួមទាំងតារាល្បីៗក្នុងនោះមានតារាកំប្លែង Ricky Gervais ជាដើម ដោយពួកគេទាមទារឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីជួយសង្គ្រោះ។ ប៉ុន្តែជាមួយគ្នា ក៏មានការរិះគន់ផងដែរ ដោយសារតែវាចំណាយពេលយូរ និងពិបាកគ្រប់គ្រង។
 
លោក Tom Tugendhat អ្នកនយោបាយអង់គ្លេសម្នាក់ដែលធ្លាប់បំពេញបេសកកម្មយោធានៅអាហ្វហ្កានីស្ថាន ផងដែរនោះ បាននិយាយប្រាប់វិទ្យុ LBC ថា៖ «តើអ្នកនិយាយយ៉ាងម៉េចទៅវិញ នៅដែលខ្ញុំប្រើរថយន្តសង្គ្រោះទៅជួយឆ្កែ ជាជាងជួយសង្គ្រោះម្តាយរបស់ខ្ញុំ»។ លោករិះគន់ថា ការដឹកយកសត្វ២០០ក្បាល ប៉ុន្តែកម្លាំងទ័ពជាច្រើន។
 
លោក Farthing បុគ្គលិករបស់លោក និងសត្វទាំងអស់ក៏នៅក្បែរអាកាសយានដ្ឋានក្រុងកាប៊ុលផងដែរ នាអំឡុងការវាយប្រហារគ្រាប់បែកអត្តឃាត ដែលសម្លាប់ពលរដ្ឋអាហ្វហ្កានីស្ថានយ៉ាងហោចណាស់១៦៩នាក់ ទ័ពអាមេរិក១៣នាក់ និងអង់គ្លេស២នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com