អន្តរជាតិ
បេសកជនឥណ្ឌា ជួបជាមួយតំណាងក្រុមតាលីបង់លើកដំបូងនៅកាតា
01, Sep 2021 , 10:20 am        
រូបភាព
លោក Deepak Mittal អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកាតា។ រូបភាព៖ Reuters
លោក Deepak Mittal អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកាតា។ រូបភាព៖ Reuters
បេសកជនឥណ្ឌាប្រចាំនៅកាតា លោក Deepak Mittal នៅថ្ងៃទី៣១ ខែសីហា បានជួបជាមួយ មេដឹកនាំរបស់ក្រុមតាលីបង់ លោក Sher Mohammed Abbas Stanekzai នៅក្នុងទីក្រុងដូហា ប្រទេសកាតា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា។ នេះជាជំនួបលើកដំបូងរវាងឥណ្ឌា និងក្រុមតាលីបង់ក្រោយក្រុមនេះឡើងគ្រប់គ្រងប្រទេស។

 
ឥណ្ឌា កន្លងមក តែងបង្ហាញក្តីបារម្ភលើក្រុមតាលីបង់ ដែលស្និទ្ធជាមួយប៉ាគីស្ថាន។ យ៉ាងណាមិញ អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកាតា លោក Deepak Mittal បានជួបជាមួយអ្នកតំណាងមួយរូបរបស់ក្រុមតាលីបង់ ស្របពេលអាមេរិក បានប្រកាសបញ្ចប់ការដកទ័ពនៅអាហ្វហ្កានីស្ថាន។ 
 
«កិច្ចប្រជុំបានធ្វើឡើងនៅស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងដូហាតាមសំណើក្រុមតាលីបង់»។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានជជែកពីជនជាតិឥណ្ឌា ដែលបានជាប់នៅអាហ្វហ្កានីស្ថាន, សុវត្ថិភាពរបស់ពួកគេ និងការធ្វើដំណើររបស់ជនជាតិអាហ្វហ្កានីស្ថាន មកឥណ្ឌា។ 
 
អ្នកការទូតឥណ្ឌារូបនេះ ក៏បានលើកឡើងពីក្តីបារម្ភប្រាប់ភាគីតាលីបង់ផងដែរថា ដែនដីអាហ្វហ្កានីស្ថាន មិនគួរប្រើប្រាស់ ដើម្បីប្រឆាំងនឹងសកម្មភាពឥណ្ឌា ឬក្នុងទម្រង់ភេរវកម្មណាមួយឡើយ។ ជាការឆ្លើយតប អ្នកតំណាងក្រុមតាលីបង់ បានតបថា បញ្ហានេះ នឹងត្រូវបានធានា។ 
 
សូមបញ្ជាក់ថា ពេលនេះ ក្រុមតាលីបង់ បានគ្រប់គ្រងអាកាសយានដ្ឋានក្នុងក្រុងកាប៊ុលហើយ បន្ទាប់ពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីជម្លៀសប្រជាជនចេញ។ បន្ទាប់ពីការចាកចេញរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដែលបានធ្វើសង្រ្គាមរយៈពេល ២០ ក្រុមតាលីបង់ បានបាញ់កាំភ្លើងទៅលើអាកាសដើម្បីអបអរផងដែរ៕ 
 

Tag:
 ឥណ្ឌា
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com