អន្តរជាតិ
ចិនថា ​អាហ្វហ្កានីស្ថានបើកទំព័រថ្មីហើយ ក្រោយការដកទ័ពរបស់អាម៉េរិក
01, Sep 2021 , 12:29 pm        
រូបភាព
យន្តហោះយោធាចតនៅអាកាយានដ្ឋានទីក្រុងកាប៊ុល។ រូបថត Xinhua
យន្តហោះយោធាចតនៅអាកាយានដ្ឋានទីក្រុងកាប៊ុល។ រូបថត Xinhua
អាម៉េរិក បានបញ្ចប់បេសកកម្ម២០ឆ្នាំរបស់ខ្លួននៅអាហ្វហ្កានីស្ថានហើយតាមការសន្យានៅថ្ងៃទី៣១ ខែសីហា។ ចិនដែលរិះគន់ការដកទ័ពបែបប្រញាប់ប្រញាល់របស់អាម៉េរិកមិនដាច់ពីមាត់ ចាត់ទុកការ ដកកងទ័ពនេះ ជាសញ្ញានៃការឈានទៅរកទំព័រថ្មីនៃការដឹកនាំប្រទេសរបស់អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ទីក្រុងប៉េកាំងបានត្រៀមជាស្រេចដើម្បីធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់កាន់តែស៊ីជម្រៅ។

 
«ចាប់ពីពេលនេះ ​​អាហ្វហ្កានីស្ថានបានរួចផុតពីការកាន់កាប់ដោយយោធាបរទេស ហើយប្រជាជន អាហ្វហ្កានីស្ថានកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីមួយដើម្បីកសាងសន្តិភាព និងប្រទេសជាតិឡើងវិញ» ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣១ ខែសីហា ទៅនឹងសំណួររបស់អ្នកកាសែទាក់ទងការចាកចេញរបស់អាម៉េរិក។ អាម៉េរិកបានដកទ័ពរបស់ខ្លួនពីអាហ្វហ្កានីស្ថាននៅថ្ងៃដដែលនេះ។ 
 
អ្នកនាំពាក្យរូបនេះបន្តថា ចិនតែងតែគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ អាហ្វហ្កានីស្ថាន ដោយប្រកាន់ខ្ជាប់ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលនយោបាយមិត្តភាព ចំពោះប្រជាជនអាហ្វហ្កានីស្ថានទាំងមូល។ លោក Wang សង្កត់ធ្ងន់ថា ចិន នឹងបន្តរក្សាទំនាក់ទំនង យ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងជាមួយគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន ហើយ ចិននឹងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងដើម្បីជួយអាហ្វហ្កានីស្ថានស្តារសន្តិភាព កសាងសេដ្ឋកិច្ចឡើងវិញ និងប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករទាំងអស់។
មកទល់ពេលនេះ ស្ថានទូតចិននៅទីក្រុងកាប៊ុលនៅតែដំណើរការដដែល ទោះមានបុគ្គលិកខ្លះត្រូវ បានជម្លៀសចេញអំឡុងស្ថានភាពវឹកវរ។ ប៉ុន្តែចិនមិនទាន់ប្រកាសជាផ្លូវការទទួលស្គាល់ការដឹកនាំរបស់ក្រុមតាលីបង់នៅឡើយ។
 
មន្រ្តីក្រសួងការបរទេសចិនដដែល ក៏រិះគន់អាម៉េរិកដែរថា ការដកទ័ពចេញពីអាហ្វហ្កានីស្ថានជា ព័ស្តុតាងបញ្ជាក់ពីការធ្វើអន្តរាគមន៍ដោយយោធា និងការកំណត់ប្រព័ន្ធដោយបរទេសនៅប្រទេសណា មួយ នឹងធ្វើឱ្យប្រទេសនោះបរាជ័យជាក់ជាមិនខាន។ 
 
តាមពិតទៅ ទីក្រុងប៉េកាំងពិតជាចង់ឱ្យអាហ្វហ្កានីស្ថានមានស្ថិរភាពផ្នែករដ្ឋបាល និងកិច្ច សហប្រតិបត្តិការជាមួយបរទេស ដែលវានឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រីក គម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅប្រទេសនេះ។ ចំណែកឯក្រុមតាលីបង់វិញ សម្លឹងមើលឃើញចិនជា ប្រភពសំខាន់នៃការវិនិយោគ និងការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់ខ្លួន៕
 

Tag:
 ចិន
  អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com