អន្តរជាតិ
ដកទ័ពពីអាហ្វហ្គានីស្ថាន៖ លោក បៃឌិន នៅតែនិយាយថា ជាការសម្រេចចិត្តដ៏ល្អបំផុត
01, Sep 2021 , 2:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ៣១ ខែសីហា នៅតែការពារការសម្រេចចិត្តដកទ័ពពីអាហ្វហ្កានីស្ថាន ស្របពេលលោកត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះរឿងនេះក្ដី។ លោក បៃឌិន លើកឡើងថា ការសម្រេចចិត្តដកទ័ពចេញអាហ្វហ្គានីស្ថាន ជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាម៉េរិក។


«នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ការសម្រេចចិត្តដ៏ឈ្លាសវៃ និងការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាម៉េរិក »។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លើកឡើងបែបនេះនៅក្នុងសុន្ទរកថាមួយពីសេតវិមាននៅថ្ងៃទី៣១ ខែសីហា ក្រោយអាម៉េរិកដកទ័ពជាស្ថាពរចេញពីអាហ្វហ្កានីស្ថាន។
 
ក្នុងសុន្ទរកថារបស់ខ្លួន លោក បៃឌិន ក៏បានអះអាងថា ការសម្រេចដកទ័ពអាម៉េរិកនេះ ជាការបិទបញ្ចប់សង្គ្រាមបង្ហូរឈាមជាងពីរទសវត្សរ៍ដែលបានសម្លាប់ទាហានអាម៉េរិក​ជាង២៤០០នាក់ និងចំណាយថវិកាជាង២,៣ទ្រីលានដុល្លារ ។
 
ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក ក៏និយាយសរសើរប្រតិបត្តិការផ្លូវអាកាសដ៏ស្វិតស្វាញរបស់យោធាអាម៉េរិក និងក្រុមសម្ព័ន្ធមិត្តដែលជម្លៀសមនុស្សបានជាង១២ម៉ឺននាក់ចេញអាហ្វហ្កានីស្ថាន។ លោក បៃឌិន ហៅប្រតិបត្តិការនេះជាជោគជ័យដ៏អស្ចារ្យ។​ ត្រង់នេះ មេដឹកនាំអាម៉េរិកសង្កត់ធ្ងន់ថា៖ «គ្មានប្រទេសណាអាចធ្វើអ្វីដូចដែលយើងបានធ្វើទេនៅក្នុងប្រវត្តិសាស្ត្រ។ មានតែអាម៉េរិកទេដែលមានលទ្ធភាព ឆន្ទៈនិងសមត្ថភាពក្នុងការធ្វើវា»។
 
លោក បៃឌិន ក៏ឆ្លៀតរិះគន់កិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់កាលពីឆ្នាំ២០២០ ដែលបន្សល់ទុកដោយរដ្ឋបាល ប្រធានាធិបតី ដូណាល់ ត្រាំ ។ ក្រោមកិច្ចព្រមព្រៀងនេះ អ្នកទោសតាលីបង់ជាង៥ពាន់នាក់ ត្រូវបានដោះលែងដែលក្នុងនោះក៏មានមេបញ្ជាការជាន់ខ្ពស់ជាច្រើនផងដែរ។ លោក បៃឌិន លើកឡើងថា ពេលលោកឡើងកាន់តំណែង ក្រុមតាលីបង់មានកម្លាំងខ្លាំងក្លា ដោយប្រយុទ្ធដណ្ដើមទឹកដីជាបន្តបន្ទាប់។
 
មិនតែប៉ុណ្ណោះ ប្រធានាធិបតិអាម៉េរិក ក៏រិះគន់រដ្ឋាភិបាលអតីតប្រធានាធិបតី Ashraf Ghani ចំពោះអសមត្ថភាពក្នុងការតទល់ការរុលទៅយ៉ាងរហ័សក្រុមតាលីបង់ បើទោះជាអាម៉េរិកខំផ្គត់ផ្គង់មិនដែលដាច់ក្ដី។ លោក បៃឌិន បន្ថែមថា ប្រជាជនអាហ្វហ្កានីស្ថាន ឈរមើលរដ្ឋាភិបាលរបស់ខ្លួនដួលរលំ ហើយភៀសខ្លួនពីប្រទេសទៅវិញ៕
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com