អន្តរជាតិ
WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មី «Mu» ដែលធន់នឹងវ៉ាក់សាំង និងគេចពីប្រព័ន្ធភាពស៊ាំ
01, Sep 2021 , 7:29 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) ក្នុងរបាយការណ៍ថ្ងៃទី៣១ ខែសីហា បញ្ជាក់ថា ខ្លួនកំពុងតាមដានវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមានឈ្មោះថា «Mu» ដែលត្រូវបានរកឃើញដំបូងបង្អស់នៅ កូឡុំប៊ីកាលពីខែមករា ឆ្នាំ២០២១។ WHO បង្ហាញពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីនេះដែលអាចធន់ នឹងវ៉ាក់សាំង និងគេចពីប្រព័ន្ធភាពស៊ាំ។


ក្នុងរបាយការណ៍ថ្ងៃទី៣១ ខែសីហា WHO ប្រកាសថា វីរុសបំប្លែងខ្លួនថ្មី «Mu» ឬតាមបែបវិទ្យាសាស្ត្រ B.1.621 ត្រូវបានដាក់បញ្ចូលក្នុងចំណោមក្រុមវីរុសដែលត្រូវចាប់អារម្មណ៍ (Virus of Interest) ។ WHO បញ្ជាក់ពីហានិភ័យនៃវីរុសប្រភេទថ្មីនេះថា អាចផ្លាស់ប្តូរហ្សែនរបស់ខ្លួនដែលធុននឹងវ៉ាក់សាំង និងគេចចេញពីប្រព័ន្ធភាពស៊ាំរបស់មនុស្សទៀតផង។ 
ទន្ទឹមនេះ  WHO ក៏បានសង្កត់ធ្ងន់ថា ត្រូវមានការសិក្សាបន្ថែមទៀតដើម្បីស្វែង យល់ឱ្យកាន់តែច្បាស់ពីសមត្ថភាព និងការវិវត្តន៍របស់វីរុសនេះ។
 
បច្ចុប្បន្ន WHO បានកំណត់អត្តសញ្ញាណវីរុសកូវីដ-១៩ បំប្លែងខ្លួនដែលគួរឱ្យបារម្ភចំនួន៤ រួមមានអាល់ហ្វា, បែតា, ហ្កាមា, និងដែលតា។ អាល់ហ្វាមានវត្តមាននៅក្នុងប្រទេសចំនួន១៩៣ និងដែលតាមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០ ។ ចំណែកវីរុសកូវីដ-១៩បំប្លែងខ្លួនចំនួន៥ ប្រភេទផ្សេងទៀតរួមទាំង «Mu» ផង កំពុងត្រូវបានត្រួតពិនិត្យបន្ថែម។
វីរុសកូវីដ-១៩បំប្លែងខ្លួន «Mu» នេះ ត្រូវបានគេរកឃើញនៅប្រទេសផ្សេងទៀតក្រៅពីកូឡុំប៊ីនៅ បណ្តាប្រទេសអាមេរិកខាងត្បូង និងអឺរ៉ុបជាដើម។
 
គួរបញ្ជក់ថា ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចឡើងនៃវីរុស បំប្លែងខ្លួនថ្មី ខណៈអត្រាឆ្លងនៃវីរុសបំប្លែងខ្លួនដែលតាបានកើនឡើងជាថ្មីម្តងទៀត។ វីរុស ដែលតាងាយចម្លងទៅកាន់ក្រុមមនុស្សណាដែលមិនបានទាន់ចាក់វ៉ាក់សាំង និងស្ថិតក្នុងតំបន់ ណាដែលវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ៕
 
 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com