អន្តរជាតិ
បុគ្គលិកសុខាភិបាលហ្វីលីពីនតវ៉ាចំពោះការមិនបើកប្រាក់ឧបត្ថម្ភ និងការយកចិត្តទុកដាក់​
01, Sep 2021 , 5:00 pm        
រូបភាព
រូបថត Reuters
រូបថត Reuters
បុគ្គលិកសុខាភិបាលហ្វីលីពីនជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីលនៅថ្ងៃទី ១​ ខែកញ្ញា ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភរបស់ពួកគេ។ បុគ្គលិកសុខាភិបាល ត្រូវមើលឃើញថា រងសម្ពាធខ្លាំងដោយសារការកើនឡើងនៃការរីករាលដាលនៃជំងីកូវីដ-១៩ ក្នុងប្រទេស។


ទ័ពអាវសហ្វីលីពីន ដែលពាក់ឈុតការពារជំងីកូវីដ-១៩ ជុំជិត បានប្រមូលផ្តុំគ្នានៅជុំវិញក្រសួងសុខាភិបាល ដោយកាន់បដាទាមទារឱ្យមានការផ្តល់ប្រាក់ឧបត្ថម្ភដែលរដ្ឋាភិបាលសន្យាផ្តល់ជូន និងប្រាក់ខែដែលពួកគេត្រូវទទួលបានក្នុងពេលប្រកបការងារដែលប្រឈមនឹងគ្រោះថ្នាក់នេះ​។​​ បុគ្គលិកសុខាភិបាលទាំងនេះក៏ទាមទារឱ្យលោក Francisco Duque រដ្ឋមន្ត្រីសុខាភិបាលលាលែងពីតំណែងផងដែរ ដោយសារកង្វះការទទួលខុសត្រូវ ។
 
នេះមិនមែនជាលើកទីមួយទេដែលមានការទាមទារឱ្យលោករដ្ឋមន្ត្រី Duque ចុះចេញពីតំណែង​។ លោក Duque ត្រូវបានបុគ្គលិកសុខាភិបាលចោទប្រកាន់ទាក់ទិននឹងរឿងពុករលួយលើថវិកា១ពាន់លានដុល្លារក្នុងការចំណាយអំឡុងពេលវិបត្តិកូវីដ-១៩។
 
បុគ្គលិកសុខាភិបាលហ្វីលីពីន ត្រូវមើលឃើញថា ហត់នឿយយ៉ាងខ្លាំងក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ បុគ្គលិកពេទ្យប្រមាណ១០៣នាក់បានស្លាប់ដោយសារឆ្លងជំងីកូវីដ -១៩ ក្នុងចំណោមអ្នកស្លាប់ដោយសារជំងីនេះជាង៣ម៉ឺននាក់នៅក្នុងហ្វីលីពីន។​
 
«វាជារឿងដែលសោកស្តាយដែល បុគ្គលិកពេទ្យជាច្រើនបានស្លាប់ ហើយបុគ្គលិកជាច្រើនទៀតបានឈឺ និងមនុស្សជាច្រើនបានលាឈប់ ឬជ្រើសរើសចូលនិវត្តន៍មុនពេលកំណត់។ ប៉ុន្តែបុគ្គលិកសុខាភិបាលដែលនៅសល់កំពុងលុតជង្គង់ មុខក្រសួងសុខាភិបាលដើម្បីទាមទារការផ្តល់អត្ថប្រយោជន៍ដែលយើងគួរទទួលបាន»។ លោក Robert Mendoza ប្រធានសម្ព័ន្ធសម្ព័ន្ធបុគ្គលិកសុខាភិបាលបានលើកឡើងនៅថ្ងៃទី១​ ខែកញ្ញា។ 
 
ក្រោយទទួលដំណឹងពីបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនលោក  រ៉ូឌ្រីហ្គោ ឌូទើតេ បានទុកពេលឱ្យក្រសួងសុខាភិបាល និ​ងក្រសួងសេដ្ឋកិច្ច ចំនួន ១០ ថ្ងៃចាប់តាំងពីថ្ងៃទី ២១ ខែសីហាមក ដើម្បីបើកប្រាក់ខែដល់បុគ្គលិកសុខាភិបាលបន្ទាប់ពីគិលានុប្បដ្ឋាយិកាជាច្រើននាក់គំរាមលាលែងពីតំណែង ហើយព្រមានធ្វើកូដកម្មទៀតផង។ យ៉ាងណាមិញ មកទល់នឹងពេលនេះ គេមិនទាន់ឃើញមានការដោះស្រាយជូនបុគ្គលិកសុខាភិបាលទាំងនេះនៅឡើយ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com