អន្តរជាតិ
តើកត្តាអ្វីខ្លះរារាំងដំណើរការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់?
01, Sep 2021 , 9:29 pm        
រូបភាព
ការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស គឺជាកត្តាសំខាន់មួយនៃបម្រែបម្រួលអាកាសធាតុ។ កន្លងមក សហគមន៍អន្តរជាតិ បានរួមគ្នាអនុម័តដំណោះស្រាយជាច្រើន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមានក្នុងវិស័យពាក់ព័ន្ធដូចជា អគ្គិសនី សំណង់ និងគមនាគមន៍។ ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែកើនឡើងឥតឈប់ឈរ។ តើកត្តាអ្វីខ្លះ ដែលរារាំងដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស?

 
ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) ដែលជាស្ថាប័នវិទ្យាសាស្ត្រអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ស្តីពីអាកាសធាតុសម្រាប់ឆ្នាំ២០២១ ថា ដើម្បីឱ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយ វាគួរតែមានការផ្លាស់ប្តូរមួយចំនួនក្នុងវិស័យពាក់ព័ន្ធនឹងការបំភាយឧស្ម័នដូចជា វិស័យអគ្គិសនី ការសាងសង់ និងវិស័យគមនាគមន៍។ 
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសអាចកាត់បន្ថយបាន តាមរយៈសកម្មភាពមួយចំនួនដូចជា ការហាមឃាត់ឧស្សាហកម្មឥន្ទនៈផូស៊ីល, ការប្រើប្រាស់ថាមពលកកើតឡើងវិញជំនួសការប្រើប្រាស់ចំហេះធ្យូងថ្ម, រួមទាំងការកាត់បន្ថយមធ្យោបាយធ្វើដំណើរប្រើសាំងដោយប្តូរទៅប្រើយានយន្តអគ្គិសនី ឬក៏ជំនួសដោយការជិះកង់ និងដើរជាដើម។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន The Conversation។
 
វិធីសាស្ត្រទាំងអស់នេះ គឺជាអ្វីដែលអាចធ្វើទៅបាន ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ផ្ទុយទៅវិញ វាមានឧបសគ្គសំខាន់ជាមូលដ្ឋាននៃនយោបាយដែលរំខានដំណើរការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មិនឱ្យសម្រេចបាន។
 
ជាក់ស្តែង ក្រុមហ៊ុនផលិតថាមពលដើរដោយឥន្ធនៈផូស៊ីល បានព្យាយាមទប់ស្កាត់គ្រប់សកម្មភាពដែលគំរាមកំហែងដល់ប្រាក់ចំណូលនៃអាជីវកម្មរបស់ក្រុមហ៊ុន។ ពួកគេ បានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យបន្ធូរបន្ថយច្បាប់ ដោយប្រាក់ទំនុកបម្រុងរបស់ក្រុមហ៊ុន ចំពោះរដ្ឋាភិបាល។ សូម្បីតែនៅក្នុងប្រទេស ដែលមានគោលនយោបាយអាកាសធាតុតឹងរ៉ឹងក៏ដោយ ក៏រងឥទ្ធិពលឧស្សាហកម្មប្រេងឥន្ធនៈផូស៊ីលដែរ។ វានៅតែកើនឡើងជាលំដាប់ដូចជា អង់គ្លេស ដែលបន្តគាំទ្រប្រេង និងឧស្ម័ននៅសមុទ្រខាងជើង។
 
មួយវិញទៀត វិសមភាពសកលក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសនៅតែជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយផងដែរ។ បើទោះបីជា ប្រទេសតូចៗមួយចំនួនបានសម្រេចអព្យាក្រឹតកាបូនរួចទៅហើយក្តី ភពផែនដីនៅតែកើនឡើងកម្តៅព្រោះតែប្រទេសឧស្សាហកម្មធំៗបានបំភាយឧស្ម័នយ៉ាងច្រើនលើសលប់ទៅក្នុងបរិយាកាស។ 
 
គួរបញ្ជាក់ថា អ្វីដែលជាឧបសគ្គចម្បងនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ន គឺជំងឺកូវីដ-១៩ ដែលបានបង្អាក់សកម្មភាព ព្រមទាំងពន្យារពេលប្រកាសគោលនយោបាយថ្មីស្តីពីបញ្ហាអាកាសធាតុជាសកល ដោយបែរទៅផ្តោតការយកចិត្តទុកដាក់លើការស្តារសេដ្ឋកិច្ចជាតិជាមុនសិន៕ 
 

Tag:
 បរិស្ថាន
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com