អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរីឈ្នះក្តីបរិហារកេរ្តិ៍ និងទទួលសំណង ១៥ម៉ឺនដុល្លារ
01, Sep 2021 , 10:29 pm        
រូបភាព
លោកលី_សៀនឡុង_នាយករដ្ឋមន្រ្តីសិង្ហបុរី។_រូបភាព៖_Reuters
លោកលី_សៀនឡុង_នាយករដ្ឋមន្រ្តីសិង្ហបុរី។_រូបភាព៖_Reuters
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង នៅថ្ងៃទី១ ខែកញ្ញា បានឈ្នះក្តីបរិហារកេរ្តិ៍ និងទទួលបានសំណងជាទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ ឬ ២១ម៉ឺនដុល្លារសិង្ហបុរី ពីរឿងក្តីចំនួនពីរ។ រឿងក្តីទាំងពីរនោះ បានចោទអ្នកសារព័ត៌មានពីររូប។ បន្ទាប់ពីឈ្នះក្តី សំណងដ៏ច្រើននេះ លោកលី អាចនឹងបរិច្ចាគទៅមូលនិធិសប្បុរសធម៌។

 
នៅក្នុងឆ្នាំ២០១៩ កន្លងទៅ វេបសាយសារព័ត៌មាន The Online Citizen (TOC)ដែលមានលោកTerry Xu ដែលជាអ្នកនិពន្ធនាយកផ្នែកសង្គម និងនយោបាយ បានចុះផ្សាយអត្ថបទមួយ ពាក់ព័ន្ធនឹងជម្លោះនៅក្នុងគ្រួសារ លោក លី សៀនឡុង ពីនិវេសដ្ឋាន 38 Oxley Road។ លោកស្រី Rubaashini Shunmuganathan អ្នកសារព័ត៌មាននៅ TOC ក៏រងបទចោទបរិហារកេរ្តិ៍ពីនាយករដ្ឋមន្រ្តីសិង្ហបុរីផងដែរ ដោយសារអត្ថបទមួយផ្សេងទៀត។ 
 
យ៉ាងណាមិញ អត្ថបទទាំងពីរនោះ ត្រូវបានចៅក្រម Audrey Lim រកឃើញថា មានពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ និងថា អត្ថបទទាំងពីរនោះ ប្រឆាំងនឹងលោកលី។ «បទបរិហារកេរ្តិ៍ មិនត្រឹមតែធ្វើឱ្យប៉ះពាល់បុគ្គល និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែនោះជានាយករដ្ឋមន្រ្តី»។  លោកស្រី Lim បានបញ្ជាក់បែបនេះ នៅក្នុងសាលក្រមកម្រាស់ ៦០ទំព័រ ដោយបន្ថែមថា វាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់លោកនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស។ 
 
ចៅក្រមរូបនេះ ក៏បានរឹតត្បិត លោកXu មិនឱ្យចេញផ្សាយអត្ថបទពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លើលោកនាយករដ្ឋមន្រ្តីទៀតដែរ។ 
 
ក្នុងរឿងក្តីជាមួយលោក Xu ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានទទួលសំណងការខូតខាតទូទៅជាង ១១ម៉ឺនដុល្លារ និងការខូចខាតធ្ងន់ធ្ងរជាង ៣ម៉ឺនដុល្លារ។ ចំនួននេះ ត្រូវបានចៅក្រម Lim អះអាងថា យុត្តិធម៌ និងសាកសម។ ចំណែករឿងក្តីជាមួយលោកស្រី  Rubaashini លោកលី បានទទួលសំណងខូតខាតទូទៅជាង ១១ម៉ឺនដុល្លារដែរ។ ប៉ុន្តែដោយសារតែរឿងក្តីដូចគ្នា អ្នកសារព័ត៌មានទាំងពីររូបនេះ ត្រូវបង់សំណងរួមគ្នា ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ ឬ២១ម៉ឺនដុល្លារសិង្ហបុរី។ បើតាមចៅក្រម សំណងទាំងនោះ អាចត្រូវលោកលី យកទៅបរិច្ចាគនៅមូលនិធិសប្បុរសធម៌។ 
 
បន្ទាប់ពីតុលាករចេញសេចក្តីសម្រេច លោក Xu បានបង្ហោះលើបណ្តាញសង្គម Facebook ខ្លួនថា លោក និងមេធាវីរបស់លោក មានការខកចិត្តយ៉ាងខ្លាំងលើតុលាការ ហើយលោក កំពុងគិតពីជំហានដែលត្រូវដើរបន្ត៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com