ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន រម្លឹកប្រវត្តិជូរចត់ ដែលកម្ពុជា-វៀតណាម ធ្លាប់ឆ្លងកាត់ដូចគ្នា
02, Sep 2021 , 2:15 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និង លោក  វួង ឌិញ ហួ ប្រធានរដ្ឋសភាវៀតណាម (រូបពីសារព័ត៌មាន baochinhphu របស់វៀតណាម)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និង លោក វួង ឌិញ ហួ ប្រធានរដ្ឋសភាវៀតណាម (រូបពីសារព័ត៌មាន baochinhphu របស់វៀតណាម)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតទៅកាន់លោក វួង ឌិញ ហួ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ដើម្បីចូលរួមអបអរសាទរខួប៧៦ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។

 
តាមរយៈលិខិតអបអរសាទរ សម្តេច ហេង សំរិន បានរម្លឹកពីប្រវត្តិជូរចត់ខ្លះៗ ដែលកម្ពុជា និងវៀតណាម ធ្លាប់ជួបប្រទះ។ ប្រធានរដ្ឋសភាកម្ពុជា សរសេរថា៖«ក្នុងសម័យអតីតកាល កម្ពុជា និងវៀតណាម ធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើន ក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរបស់យើងរៀងៗខ្លួន»។
 
សម្តេច ហេង សំរិន មើលឃើញថា កម្ពុជា និងវៀតណាម បានកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពីបាតដៃទទេ រហូតនាំឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេច មានជំនឿថា ចំណងមិត្តភាពកម្ពុជា និងវៀតណាម នឹងរីកចម្រើនបន្តទៀត។ 
 
កម្ពុជា និង វៀតណាម សុទ្ធតែធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង។ ឡាវ ដែលជាប្រទេសជាប់របងជាមួយកម្ពុជា និងវៀតណាមដែរនោះ ក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំងដែរ។ ក្រោយមានការតស៊ូរៀងៗខ្លួន និងមានការរួមកម្លាំងគ្នាខ្លះផងនោះ ប្រទេសទាំងបី ក៏ទទួលបានឯករាជ្យពីបារាំងវិញ ដោយវៀតណាម ទទួលបានឯករាជ្យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ កម្ពុជា ទទួលបានឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ឡាវ ទទួលបានឯករាជ្យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣៕ 
 
 

Tag:
 កម្ពុជា-វៀតណាម
  ហេង សំរិន
  Vuong Dinh Hue
  បុណ្យឯករាជ្យវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com