ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនយោបាយប្រើយុទ្ធសាស្ត្រចោទប្រកាន់ និងប្រជាភិថុត អាចទាញសំឡេងគាំទ្របានទៀតទេ?
03, Sep 2021 , 8:59 am        
រូបភាព
អ្នកតាមដានព្រិត្តឹការណ៍សង្គមនិងយុវជន_
អ្នកតាមដានព្រិត្តឹការណ៍សង្គមនិងយុវជន_
ភ្នំពេញ៖ បច្ចុប្បន្នយុវជនកាន់តែយល់ពីនយោបាយនៅក្នុងសង្គមខ្មែរ ។ ពួកគេក៏ចង់ឲ្យអ្នកនយោបាយទាំងនោះ ផ្លាស់ប្ដូរចរិត និងយុទ្ធសាស្ត្រនយោបាយផងដែរ។ ដូច្នេះតើអ្នកនយោបាយប្រើយុទ្ធសាស្ត្រចោទប្រកាន់ និងប្រជាភិថុត អាចទាញសំឡេងគាំទ្របានទៀតទេ?




ជាអ្នកសិក្សានយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម លោក វណ្ណ ប៊ុនណា យល់ថាការចោទប្រកាន់ លាបពណ៌ និងជេរប្រទេច គឺជារបៀបធ្វើនយោបាយបែបចាស់គំរិល ក្នុងវប្បធម៌នយោបាយកម្ពុជា។ លើសពីនេះ លោកសង្កេតឃើញថា នយោបាយបែបហិង្សានិយម តាមរយៈការប្រើបាស់ពាក្យសម្តី ដែលធ្វើឲ្យដៃគូម្ខាងទៀត ឬអ្នកដទៃទៀតឈឺចាប់ តែងតែកើតមានក្នុងសង្គមនយោបាយកម្ពុជា។ សម្រាប់លោក ប៊ុនណា នយោបាយបែបនេះ ជានយោបាយដែលធ្វើឲ្យមានការចងគំនុំ និងបែកបាក់សាមគ្គីជាតិទៅវិញទេ។ 


 លោក វណ្ណ ប៊ុនណា

អ្នកតាមដានព្រឹត្តិការណ៍សង្គមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ​ថា៖ «ការធ្វើនយោបាយ ដែលផ្តោតសំខាន់ទៅលើការប្រកួតប្រជែងគ្នា ទៅលើគោលនយោបាយរបស់បក្សនីមួយៗ ជារឿងត្រឹមត្រូវ និងចាំបាច់ ជាជាងការធ្វើនយោបាយវាយប្រហារគ្នា បែបលក្ខណៈបុគ្គល។ ការធ្វើនយោបាយដែលមានភាពចាស់ទុំ ចេះឈ្លោះគ្នាទៅលើគោលនយោបាយ ឬទស្សនៈជារឿងប្រពៃ មិនគួរជេរប្រមាថ និងលាបពណ៌គ្នា ដោយគ្រាន់តែយើងមានទស្សនៈផ្ទុយគ្នានោះទេ»។ 
 
យុវជន រ៉ឹម សុខវី ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ យល់ថា ការធ្វើនយោបាយលាបពណ៌ និងចោទប្រកាន់គ្នា មិនអាចទាក់ទាញសំឡេងឆ្នោតបានទៀតទេ ដោយសារពលរដ្ឋ ទទួលបានព័ត៌មានច្រើនជាងមុន។ យុវជនរូបនេះ បានស្នើឲ្យអ្នកនយោបាយនីមួយៗ គួរតែមានគោលដៅ ផ្ដល់ផលប្រយោជន៍រីកចម្រើនដល់ជាតិ ជាជាងគ្រាន់តែយកឈ្នះ-ចាញ់គ្នា ដើម្បីប្រយោជន៍ខ្លួន និងក្រុមបក្ខពួក។ 
 


 លោក រ៉ឹម សុខវី ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ 

យុវជន ដែលតាមដានរឿងនយោបាយនេះ បាននិយាយដូច្នេះថា៖ «នយោបាយដែលជាការទាក់ទាញរបស់ខ្ញុំ គឺជានយោបាយដែលមានការប្រកួតប្រជែងគ្នា ប្រកបដោយសមភាព គោរពគោលការណ៍ប្រជាធិបតេយ្យ និងមិនបៀតបៀន ឬក៏បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ ដើម្បីផលប្រយោជន៍បក្ស ឬក្រុមរបស់ខ្លួន»។ 
 
សម្រាប់យុវជន ប្រាក់ ពូលី ការប្រើនយោបាយបែបចាស់គំរិល ដោយវាយប្រហារគ្នា តាមរយៈពាក្យសម្ដី គឺទទួលបានអ្នកគាំទ្រខ្វះសុភវិនិច្ឆ័យប៉ុណ្ណោះ ព្រោះពួកគេខ្សោយការអាន ការស្រាវជ្រាវ និងពូកែប្រើត្រចៀកស្ដាប់ ហើយជឿ។ យុវជន ប្រាក់ ពូលី យល់ថា នយោបាយបែបនេះ មិនអាចឈរជើងបានយូរ ឬទទួលបានជោគជ័យ លើជីវិតនយោបាយបានឡើយ។ 
«ខ្ញុំចូលចិត្តបំផុត គឺនយោបាយឈ្នះៗ តែពុំមែនសំដៅលើឈ្នះលើប្រជានជន កៀបសង្កត់ប្រជាជន និងបំបិទសិទ្ធិបញ្ចេញមតិអ្វីនោះទេ។ ឈ្នះៗត្រង់ថា គេធ្វើឱ្យប្រជាជនរស់នៅដោយចុះសម្រុងនឹងគ្នា សេដ្ឋកិច្ចជាតិរីកចម្រើន ប្រព័ន្ធច្បាប់ដំណើរការល្អ មានយុត្តិធម៌ និងបង្កើតបាននូវប្រព័ន្ធអប់រំស្មើភាព (អ្នកក្រ អ្នកមាន មានសិទ្ធិទទួលបានការអប់រំល្អដូចគ្នា)»។ នេះបើតាមយុវជន ពូលី ដោយពន្យល់ថា ខ្លួនមិនសូវខ្វល់ពីនយោបាយសេរី ឬកុម្មុយនិស្តទេ។ ប៉ុន្តែលោកចង់ឃើញ អ្នកនយោបាយ យល់ពីចរន្តសកល ដែលអាចលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិដ៏ត្រឹមត្រូវ ហើយមិនធ្វើឲ្យពលរដ្ឋ និងជាតិរងគ្រោះ។ 
 
តែយ៉ាងណាក៏ដោយ គេមិនអាចសន្និដ្ឋានបានទាំងស្រុងថា នយោបាយបែបប្រមាថ និងចោទប្រកាន់គ្នា មិនអាចទាញសំឡេងអ្នកគាំទ្រឡើយ។ នេះបើតាមលោក មាស នី ដែលបានបន្ថែមថា ការជឿ ឬមិនជឿលើអ្នកនយោបាយ លុះត្រាតែពលរដ្ឋ មានការយល់ដឹងច្រើន ទើបគេចផុតពីនយោបាយប្រជាភិថុត។ ប៉ុន្តែបើពលរដ្ឋ នៅតែឱ្យតម្លៃលើអ្នកនយោបាយ ដែលហ៊ាននិយាយរិះគន់ និងប្រើសម្តីវាយប្រហារគ្នាខ្លាំងៗ នោះស្ថានភាពនយោបាយកម្ពុជា ក៏នៅតែអាក្រក់ដែរ។
 
«កាលណាអ្នកនយោបាយ នៅតែបន្តចោទប្រកាន់ ជេរប្រមាថគ្នា នឹងធ្វើឲ្យតម្លៃខ្លួន កាន់តែទាបៗទៅ។ ហើយជាទម្លាប់អាក្រក់មួយទៀត របស់អ្នកនយោបាយខ្មែរ ពេលមានទំនាស់គ្នាមិនចំណាយពេលដោះស្រាយទេ បែរទៅឲ្យបរទេសជួយ ហើយវាបង្ហាញថា ខ្មែរនឹងខ្មែរ មិនអាចដោះស្រាយគ្នាបាន»។ នេះបើតាមលោក មាស នី អ្នកតាមដានបញ្ហាសង្គម ដែលបានបន្ថែមថា នយោបាយឈប់ប្រើយុទ្ធសាស្របែបចាស់គំរិលទៀត ដែលអាចនាំកម្ពុជា ធ្លាក់ចូលក្នុងភូមិសាស្រ្តនយោបាយ។ 
 
  

 លោក មាស នី នាអំឡុងពេល​ចូល​រួម​កម្មវិធីផ្សាយផ្ទាល់មួយ​របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា

ចំណែកអ្នកវិភាគនយោបាយ លោក សេង សារី យល់ថា ដើម្បីមានភាពចាស់ទុំជាមុន អ្នកនយោបាយចាស់វស្សា គួរតែបង្កើតវេទិកាប្រកួតប្រជែងបែបថ្មី តាមរយៈការដោះស្រាយបញ្ហាដោយចំណេះជំនាញ និងមិនប្រើកម្លាំងបាយ រួមទាំងប្រើពាក្យសម្ដីវាយប្រហារធ្ងន់ធ្ងរដាក់គ្នា។

​លោក សេង សារី បាននិយាយបែបនេះថា៖«ជាក់ស្ដែង ដូចជាពេលនាយករដ្ឋមន្រី្តឡើងថ្លែងសុន្ទរកថាម្ដងៗ ពេលខ្លះយកវេទិកាទៅជេរអ្នកនយោបាយដូចគ្នា។ តែខ្ញុំមើលទៅ ឃើញទឹកចិត្តយុវជន មិនសូវចូលចិត្តនយោបាយបែបប្រមាថគ្នានេះទេ។ ខ្ញុំឃើញយុវជនឥឡូវ ចូលចិត្តអ្នកនយោបាយ ចេះដោះស្រាយបញ្ហា មានចំណេះដឹង និងសីលធម៌ល្អ»។ 
 


 សេង សារី អ្នកវិភាគសង្គមនយោបាយ(រូបពីទំព័រហ្វេសប៊ុករបស់លោក សេង សារី)

ក្រៅពីប្រកួតប្រជែងនយោបាយដ៏ត្រឹមត្រូវ អ្នកនយោបាយដែលឈានទៅដឹកនាំប្រទេសនោះ ត្រូវយកច្បាប់មកអនុវត្តជាធំ និងមានតម្លាភាព សម្រាប់បម្រើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ អ្នកនយោបាយ ក៏មិនត្រូវធ្វើឱ្យប្រជាជនរងទុក្ខ ដោយសារការការពារអ្នកមានអំណាច ឬបក្ខពួកនយោបាយខ្លួនដែរ។ ចំណែកប្រជាជនវិញ ត្រូវចេះសម្រេចជោគវាសនាប្រទេសជាតិ ដោយចូលរួមសកម្មភាពនយោបាយ ដោយជ្រើសរើសអ្នកដឹកនាំដែលមានសមត្ថភាព និងទេពកោសល្យ ជៀសវាងការគាំទ្រអ្នកនយោបាយបែបប្រជាភិថុតិ។ នេះជាការលើកឡើងរបស់យុវជន រ៉ឹម សុខវី ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ និងតាមដានរឿងនយោបាយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com