ជាតិ
លោក រ៉ុង ឈុន នឹងត្រូវវះកាត់ភ្នែកខាងស្ដាំ
08, Sep 2021 , 12:14 pm        
រូបភាព
 លោក រ៉ុន ឈុន (ពាក់អាងស) ពេលទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ នាព្រឹកថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០១៩
លោក រ៉ុន ឈុន (ពាក់អាងស) ពេលទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ នាព្រឹកថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០១៩
ភ្នំពេញ៖ លោក រ៉ុង ឈុន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងត្រូវវះកាត់ភ្នែកខាងស្ដាំ ដោយសារភ្នែកកាន់តែស្រវាំងខ្លាំង។ ជុំវិញការស្ថានភាពជំងឺនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសហាគមបង្រៀនកម្ពុជាឯករាជ្យ(CITA) យល់ថាអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យមើលករណីលោក រ៉ុង ឈុន ដើម្បីឲ្យលោកបានសម្រាកព្យាបាលនៅក្រៅឃុំ។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗលោក នុត សវនា អ្នកនាំពាក្យអគ្គនាយដ្ឋានពន្ធនាគារ បានឲ្យដឹងថា ខាងពន្ធនាគារបានបញ្ជូនលោក រ៉ុង ឈុន ទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៤កញ្ញា ។ យ៉ាងណាក៏ដោយ លោកមិនអាចលម្អិតពីស្ថានឲ្យជំងឺភ្នែករបស់លោក រ៉ុង ឈុន បានឡើយ ពោលគឺដឹងត្រឹមថា ភ្នែកខាងស្ដាំមេសហជីពរូបនេះ ស្រវាំងខ្លាំង ហើយរងចាំទៅព្យាបាលតាមការណាត់ជួប របស់ក្រុមគ្រូពេទ្យប៉ុណ្ណោះ។ 
 
«ពេទ្យគេចារហើយ គឺត្រូវធ្វើការវះកាត់បញ្ហាសុខភាពគាត់ហ្នឹង ភ្នែកហ្នឹង ប៉ុន្តែការកំណត់ថ្ងៃវះកាត់ថ្ងៃណាគឺមិនទាន់ដឹងនោះទេ»។ នេះបើតាមលោក នុត សវនា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ 
 
អ្នកស្រី អ៊ុក ឆាយ៉ារី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ(CITA) ដែលជាអ្នកជិតដិតនឹងលោក រ៉ុង ឈុន យល់ថា អាជ្ញាធរពាក់ព័ន្ធគួរពិនិត្យករណីលោក រ៉ុង ឈុន ដើម្បីឲ្យលោកបានសម្រាកព្យាបាលនៅក្រៅឃុំ ព្រោះភ្នែកជាកត្តាសំខាន់។ 
 
«លោក រ៉ុង ឈុន ប្រាប់ខ្ញុំថា គាត់បានទៅពិនិត្យភ្នែកនៅពេទ្យរុស្ស៊ីរួចហើយ ប៉ុន្តែពេទ្យគេឲ្យឧស្សាហ៍ទៅពិនិត្យទៀត ព្រោះមានសភាពធ្ងន់ធ្ងរខ្លាំង។ ខ្ញុំជួបគាត់និយាយ(តាមទូរសព្ទ)បានតែប៉ុណ្ណោះ ហើយក៏ដាច់ទៅ ព្រោះគេឲ្យនាទីទូរស័ព្ទតិចពេកក្នុងការជួបជាមួយគ្នា»។ នេះបើតាមអ្នកស្រី ឆាយ៉ាវី ដោយបន្ថែមថា លោក រ៉ុង ឈុន មានជំងឺភ្នែកនេះ ចាប់តាំងពីមុនជាប់ឃុំមកម្ល៉េះ។ 
 
ដើមទងដែលនាំឲ្យលោក រ៉ុង ឈុន មានបញ្ហាភ្នែកនេះ ដោយសាររងការវាយពីជនមិនស្គាល់មុខ ត្រូវចំភ្នែកបណ្ដាលឲ្យមានឈាមកក នៅគ្រាដែលលោក បានចូលរួមទាមទារអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។ បន្ទាប់ពីនោះមក លោក រ៉ុង ឈុន ក៏បានទៅពិនិត្យភ្នែកជាប្រចាំ។ ប៉ុន្តែចាប់តាំងពីជាប់ឃុំមក លោកក៏ខកខានពិនិត្យ រហូតដល់ស្ថានភាពត្រូវវះកាន់ភ្នែក។ នេះបើតាមការរៀបរាប់របស់អ្នស្រី ឆាយ៉ាវី។
 
 
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តុលាការបានប្រកាសសាលក្រមកាត់ទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ខណៈសកម្មជនពីររូបទៀត គឺលោក តុល និមល និង កញ្ញា ស កណិកា ជាប់ពន្ធនាគារ១ឆ្នាំកន្លះដែរ។ អ្នកទាំង៣នេះ ត្រូវតុលាការឲ្យបង់ប្រាក់២លានរៀលក្នុងម្នាក់ៗចូលទៅរដ្ឋ និងបង់ប្រាក់៤០០លានរៀល (ជាង១៣៣លានរៀលក្នុងម្នាក់) ជូនទៅគណៈកម្មាធិការកិច្ចព្រំដែន ដែលជាដើមរដ្ឋប្បវេណី ៕
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com