ជាតិ
សង្គមជាតិ
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN រិះគន់​តុលាការកម្ពុជា​ជុំវិញការផ្តន្ទាទោសលោក​ រ៉ុង ឈុន និងសកម្មជនពីររូបទៀត
24, Aug 2021 , 3:54 pm        
រូបភាព
ពីទីក្រុង​ហ្សឺណែវ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន​ចេញសេចក្តីថ្លែងការរិះគន់តុលាការ​កម្ពុជា​ជុំវិញ​ការផ្តន្ទាទោសសកម្មជន​សិទ្ធិមនុស្ស ​លោក​ រ៉ុង ឈុន និង​បុគ្គល​២រូបទៀត​ចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើនៅលើហ្វេសប៊ុក ដែលអះអាងអំពីការបាត់បង់ដីសហគមន៍ និងការបណ្តេញចេញដោយបង្ខំនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។

 
លោក រ៉ុង ឈុន មេ​ដឹកនាំ​សហជីពកម្មករត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ​កាត់ទោសឲ្យ​ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ រីឯ​សកម្មជន​ពីររូបទៀត គឺ​កញ្ញា​ ស កន្និកា និង លោក តុន និមល ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ពីបទចូលរួមក្នុងការធ្វើបាតុកម្មមួយកាលពីមួយឆ្នាំមុន។
 
លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn)​ អ្នករាយការណ៍ពិសេស អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បាន​វាយតម្លៃថា ការដាក់ពន្ធនាគារ និងការពិន័យយ៉ាងធ្ងន់ធ្ងរដល់សកម្មជនទាំងបីរូបនេះ មានលក្ខណៈមិនសមហេតុផល និងមិនសមាមាត្រឡើយ។​​ សម្រាប់​​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬផ្តន្ទាទោសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារសិទ្ធិមនុស្សអ្នកដទៃឡើយ។
 
ក្រុម​អ្នកជំនាញសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា៖ «យើងមានកង្វល់ជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់​មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលប្រើពាក្យពេចន៍ស្រពេចស្រពិល ដើម្បីបង្ក្រាបមតិជំទាស់ និងបំបិទមាត់ការបញ្ចេញមតិដោយសេរី»។
 
 
ក្នុងសំណុំរឿងរបស់តុលាការកាលពីសប្តាហ៍មុន លោក ឈុន និងអ្នកគាំទ្រគាត់ ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ៥០០ ដុល្លារអាមេរិកក្នុងម្នាក់ៗ និងពិន័យជាប្រាក់មួយចំនួនផ្សេងទៀត ដែលស្មើនឹងប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិក ទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ដោយអះអាងថា បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គណៈកម្មាធិការនេះ។
 
ទាក់ទងនឹងសំណុំរឿង​​លោក រ៉ុង ឈុន  លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ចេញប្រតិកម្ម​តាមរយៈហ្វេសប៊ុក​របស់ខ្លួន កាលពីថ្ងៃទី​២១ ខែ​សីហា ថា ការវិនិច្ឆ័យក្តីរបស់​តុលាការ​កម្ពុជា ​ផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ដែលបុគ្គលរូបនោះ បានប្រព្រឹត្តអំពើផ្ទុយពីច្បាប់កម្ពុជា ដែលបានហាមប្រាម និងបញ្ញត្តិជាធរមាន។ កង្វល់អាទិភាពបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាសន្តិភាព និងសន្តិសុខជាតិ។
 
«ខ្ញុំសូមអំពាវនាវដល់បណ្ដាមិត្តបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី ឬនៅឯនាយសមុទ្រក្តី សូមមេត្តាចូលរួមសហការជាមួយប្រជាពលរដ្ឋកម្ពុជា ការវិនិច្ឆ័យក្តីនេះ ស្ថិតនៅក្នុងនាម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ ដែលជាសេចក្តីប៉ងប្រាថ្នា និងតម្រូវការចាំបាច់របស់យើងទាំងអស់គ្នា»។ នេះជាសំណូមពរ​របស់អ្នកនាំពាក្យ​រដ្ឋាភិបាល៕ 
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com