អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ស្លាប់ ក្រោយ​លោតទៅជួយអ្នក​ថតរូបម្នាក់
09, Sep 2021 , 12:08 pm        
រូបភាព
លោក Yevgeny Zinichev រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍គ្រោះអាសន្នរុស្ស៊ី បានទទួលមរណភាព បន្ទាប់ពីលោកបាន​លោត​ទៅជួយ​សង្គ្រោះជីវិត​អ្នក​ថតម្នាក់ ដែលបាន​ដួល នាអំឡុងពេល​ហ្វឹកហាត់សង្គ្រោះបន្ទាន់ នៅ​តំបន់ Arctic ក្រុង Norilsk។


«រដ្ឋមន្ត្រី​ក្រសួង​​គ្រប់គ្រងស្ថានការណ៍គ្រោះអាសន្ន លោក Yevgeny Zinichev បាន​ទទួល​មរណភាពដ៏រន្ធត់ ក្រោយ​ព្យាយាម​សង្គ្រោះជិវិតមនុស្ស​ម្នាក់ នា​អំឡុងពេល​នៃពិធីហ្វឹកហាត់នៅ Artic»។ នេះជាការអះអាងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ផ្ទាល់របស់ក្រសួង ដែលត្រូវបាន​ដកស្រង់ដោយ AFP។
 
និពន្ធនាយិកាសារព័ត៌មាន RT លោកស្រី Margarita Simonyan បានបញ្ជាក់ថា រដ្ឋមន្ត្រីវ័យ​៥៥​ឆ្នាំ​រូបនេះ បាន​ព្យាយាម​លោតទៅជួយអ្នក​ថតរូបម្នាក់​ ដែលបានធ្លាក់ពី​លើ​ច្រាំងថ្មចោតមួយ។
 
«អំពីលោក Zinichev, គាត់ និងអ្នកថតរូបបានឈរក្បែរគ្នា​នៅ​លើចំណោតថ្មមួយ។ អ្នក​ថតរូបបាន​រអិល និងធ្លាក់ចុះ...មុនពេលដែលអ្នក​ដទៃមិន​បាន​ចាប់ភ្លឹកនូវអ្វី​ដែល​បាន​កើតឡើង លោក Zinichev បាន​លោតទៅជួយ ក្រោយពេល​ដែល​អ្នកថតរូបនេះ បាន​ធ្លាក់ និង​បោកទៅនឹងផ្ទាំងថ្ម»។
 
យោងតាម AFP មិនមាន​របាយការណ៍បញ្ជាក់ពីពេលវេលាស្លាប់ពិតប្រាកដនោះឡើយ។ លោក​ប្រធានាធិបតី Vladimir Putin ត្រូវជូនដំណឹងផងដែរពី​ករណីមរណភាពនេះ។
 
លោក Zinichev គឺជាអតីតសមាជិកម្នាក់នៃ​ភ្នាក់ងារសន្តិសុខ KGB របស់សហភាពសូ​វៀត បន្ទាប់មក​លោក​ទទួល​ខុសត្រូវ​លើការងារសន្តិសុខ​លោក ពូទីន ចន្លោះពី​ឆ្នាំ​២០០៦ ដល់ឆ្នាំ​២០១៥។ ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៨ លោកត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍គ្រោះអាសន្ន និងជាសមាជិក​ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com