ជាតិ
សង្គមជាតិ
២០២១ ក្រសួងអប់រំ បើកថ្នាក់អក្ខរកម្មបាន៩១៧, មានអ្នកសិក្សា២,៧ម៉ឺននាក់
09, Sep 2021 , 8:59 pm        
រូបភាព
កម្មការិនីរោងចក្រ សិក្សាក្នុងកម្មវិធីអក្ខរកម្ម (រូបពីវីដេអូរបស់អង្គការ Sipar ដែលបង្ហោះលើ Youtube កាលចុងឆ្នាំ២០២០)។_
កម្មការិនីរោងចក្រ សិក្សាក្នុងកម្មវិធីអក្ខរកម្ម (រូបពីវីដេអូរបស់អង្គការ Sipar ដែលបង្ហោះលើ Youtube កាលចុងឆ្នាំ២០២០)។_
ក្នុងឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និង កីឡា បានដំណើរការថ្នាក់អក្ខរកម្មបាន៩១៧ថ្នាក់ នៅទូទាំងប្រទេស។ នេះបើតាមតួលេខ ដែលបង្ហាញដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងកម្មវិធីប្រារព្ធទិវាអក្ខរកម្មជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

 
លោក ហង់ ជួន ណារ៉ុន លើកឡើងថា ក្នុងចំណោមថ្នាក់អក្ខរកម្មទាំង៩១៧ថ្នាក់ មាន៨៧២ថ្នាក់ ដំណើរការតាមសហគមន៍នានា ដែលមើលការខុសត្រូវដោយមន្ទីរអប់រំរាជធានី-ខេត្ត ១៧ថ្នាក់ ដំណើរការនៅតាមរោងចក្រ ៤៥ថ្នាក់ ដំណើរការតាមពន្ធនាគារ និង ៣៩ថ្នាក់ ដំណើរការដោយអង្គការដៃគូអភិវឌ្ឍន៍។ បើតាមលោក ហង់ ជួន ណារ៉ុន ដដែល ថ្នាក់អក្ខរកម្មទាំង៩១៧ថ្នាក់នេះ មានអ្នកសិក្សាប្រមាណ២,៧ម៉ឺននាក់ (ស្រ្តីជាង១ម៉ឺននាក់)។ 
 
កម្មវិធីអក្ខរកម្ម គឺជាកម្មវិធីអប់រំក្រៅប្រព័ន្ធមួយ ដែលក្រសួងអប់រំ បង្កើតឡើង ដើម្បីអប់រំបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសសំដៅលើប្រជាពលរដ្ឋ ដែលមិនចេះអក្សរ។ កម្មវិធីអប់រំក្រៅប្រព័ន្ធ មានដូចជា កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ កម្មវិធីក្រោយអក្ខរកម្ម កម្មវិធីចូលរៀនឡើងវិញ និង កម្មវិធីបង្កើនប្រាក់ចំណូល ជាដើម។ ចំពោះកម្មវិធីអក្ខរកម្ម (វិជ្ជាជីវៈ) ក្នុងឆ្នាំ២០២០ ក្រសួងអប់រំ បើកដំណើរការបានជិត៩០០ថ្នាក់ ដោយមានអ្នកសិក្សាជិត២ម៉ឺននាក់។ 
 
លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា ឈានចូលសតវត្សរ៍ទី២១នេះ ពិសេសខណៈកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ កម្មវិធីអក្ខរកម្មនៅកម្ពុជា មិនអាចរក្សាក្នុងទង្រង់បែបប្រពៃណីទាំងដុលបានទៀតឡើយ ពោលគឺ ត្រូវបំលែងឲ្យទៅជាកម្មវិធីអក្ខរកម្មឌីជីថល។ លោក មើលឃើញថា ការធ្វើកម្មវិធីអក្ខរកម្ម ឬកម្មវិធីអប់រំដទៃ ឲ្យក្លាយជាកម្មវិធីអប់រំឌីជីថល គឺជួយឲ្យប្រជាពលរដ្ឋកម្ពុជា អាចប្រើប្រាស់បច្ចេកវិទ្យាថែមទៀត ក្រៅតែពីការទទួលបានចំណេះដឹងទូទៅ។
 
លោករដ្ឋមន្ត្រីអប់រំ ថ្លែងក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ថា៖«បើមិនឆ្លើយតបនឹងតម្រូវថ្មីទេ កម្មវិធីអក្ខរកម្ម នឹងមិនទទួលបានជោគជ័យឡើយ»។ 
 
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងនូវពាក្យស្លោក ក្នុងសារលិខិតអបអរសាទរទិវាជាតិអក្ខរកម្ម ថា៖«មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ។ មានអក្ខរកម្ម នាំឲ្យមានការអភិវឌ្ឍកាន់តែរីកចម្រើន។ មានអក្ខរកម្ម មានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»។
 
របាយការណ៍ពីក្រសួងអប់រំ បានបង្ហាញថា ក្នុងឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានជាង៥,៦សែននាក់ (ស្រ្តីជាង៥១ភាគរយ) ដែលជាអនក្ខរជន (អ្នកមិនចេះអក្ខរ)។ របាយការណ៍នេះ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ កម្មវិធីអក្ខរកម្ម ជួយរំដោះអនក្ខរជនបានជាង១,៤ម៉ឺននាក់បន្ថែម៕  
 
 
 

Tag:
 អប់រំក្រៅប្រព័ន្ធ
  កម្មវិធីអក្ខរកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com